ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេស អាមេរិកផ្ញើសារ អបអរសាទរបុណ្យ ឯករាជ្យ៩វិច្ឆិកា ខួបលើកទី៦៥

ភ្នំពេញ៖ លោក ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានផ្ញើសារមកប្រជាជនកម្ពុជា ក្នុងឱកាសនៃការ ប្រារព្ធខួបអនុស្សាវរីយ៍ ទី៦៥ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។

យោងតាមសារឆ្លើយតប របស់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ទៅរដ្ឋមន្រ្តីការបរទេស អាមេរិកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា “ខ្ញុំពិតជាមានអារម្មណ៍ រំភើបរីករាយចំពោះសារលិខិត ដ៏កក់ក្តៅជាមិត្តភាពរបស់ ឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ ផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួប អនុស្សាវរីយ៍ទី៦៥ នៃទិវាឯករាជ្យជាតិ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល ដែលខ្ញុំបានបម្រើប្រកបដោយ មោទកភាពនោះ ខ្ញុំសូមសំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម ដែលបានផ្ញើសារជូនពរសព្វសាធុការនេះ”។

រដ្ឋមន្រ្តីការបរទេសខ្មែរបន្តថា ដូចក្នុងប្រទេសជា ច្រើនក្នុងពិភពលោកដែលការប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ គឺជាការសំដែងនូវក្តីស្រឡាញ់ ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាពរបស់ពួកគេ។ ទន្ទឹមនេះ ដូចប្រជាជាតិអាមេរិកដ៏មហិមា ប្រជាជាតិកម្ពុជា ក៏មានមោទកភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួនផងដែរ។

លោកថា ក្នុងពេលជាច្រើនឆ្នាំទៀតទៅអនាគត ប្រជាជនកម្ពុជា មានបំណងប្រាថ្នានឹងផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សំដៅធានាឲ្យបានសង្គមមួយដែលមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្រ្តីបន្ថែម សារលិខិតរបស់ លោក ប៉ុមភីអូ ផ្តល់ឲ្យទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា អាមេរិកនឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា៕

Facebook Comments

To Top