ព័ត៌មានជាតិ

តើដឹងថា ហេតុអ្វីបានជាត្រូវ យកវិមានឯករាជ្យ សម្រាប់ប្រារព្ធ ពិធីបុណ្យឯករាជ្យ ៩ វិច្ឆិកា

ភ្នំពេញ៖ ៩ វិច្ឆិកា ឆ្នាំ២០១៨នេះ គឺជាខួបទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ មិនថាឆ្នាំនេះទេ ពោលជារៀងរាល់ឆ្នាំ នាថ្ងៃទី ៩ វិច្ឆិកា កម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិ យ៉ាងមហោឡារិក នៅវិមានឯករាជ្យក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ព្រះមហាក្សត្រខ្មែរ ព្រមទាំងការមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលមកពី ក្រសួងមន្ទីរនានា រួមទាំងប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ក៏បានទៅចូលរួមអបអរសាទរ នាវិមានឯករាជ្យ ។

តើមូលហេតុអ្វី បានជាត្រូវប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ?

បន្ទាប់ពីបានធ្វើការទាមទារ ឯករាជ្យបានទាំងស្រុង ពីអាណានិគមន៍បារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វិមានឯករាជ្យ ត្រូវបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។ វិមាននេះ សាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាល រង្វង់មូលចរាចររវាងមហា វិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។ វិមានឯករាជ្យ រចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ មានកម្ពស់២០ ម៉ែត្រ មាន៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ ដែលក្នុង១ជាន់ មាន២០ ហើយក្នុង១ជ្រុង៥ ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត គួរជាទីទាក់ទាញដូចជាដាក់ភ្លើងពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម ដែលការកែលំអរនេះចំណាយថវិកាអស់ ប្រហែល៥០០លានរៀល។ ដោយមានសភាពចាស់ទ្រុឌទ្រោម ហើយពេលខ្លះបានធ្លាក់បំណែកស៊ីម៉ង់ត៍ទាំងផ្ទាំងៗ ដែលជាការព្រួយបារម្ភ ខ្លាចមានគ្រោះថ្នាក់ នាពេលណាមួយនោះ។

ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដោយចំណាយប្រាក់អស់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក ដែលជួសជុលរួចរាល់មុនពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២។

វិមានឯករាជ្យមានប្រាំថ្នាក់ ដែលរំលេចទៅដោយពស់នាគរាជ្យចំនួន១០០នេះ គឺមានចំណុចមួយទៀតគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែល ព្រះអាទិត្យអស្តង្គត (ជិតលិច) ចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំង។

តើវិមានឯករាជ្យ និងក្បាលនាម មានន័យដូចម្តេច?
បើយោងតាមឯកសារ ដែលបានដកស្រង់សំដីរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ប្រាសាទវិមានឯករាជ្យជាតំណាងឲ្យវបប្បធ៌ម អរិយធ៌មខ្មែរ ដែលសមស្របតាមនយោបាយ ដឹកនាំប្រទេសនាសម័យនោះ និងក្សត្រខ្មែរយើង ត្រូវគេចាត់ទុកជាបុត្ររបស់ព្រះព្រហ្ម ដែលយកអំណាចពីឋានលើ មកដឹកនាំប្រទេសជាតិ ទើបគេសាងសង់ប្រាសាទ ឲ្យខ្ពស់បែបនេះ។

ការសាងសង់ វិមានឯករាជ្យជាការបូកបញ្ចូលនូវទស្សនធំៗទាំងអស់នេះ និងជាការបង្ហា ញស្នាមព្រហស្តរបស់សម្តេចព្រះបរមកោដ្ឋ ដែលបានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកំលាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកំលាំងក្នុងការទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។

តើក្បាលនាគទាំង១០០ នៅលើវិមានឯករាជ្យតំណាងឲ្យអ្វី ? ជាទូទៅក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាង ឲ្យទេវកថា ព្រោះយើងមិនដែលឃើញនាគរាជ្យទេ យើងឃើញតែពស់។ នាគរាជ្យនៅលើវិមាន ឯករាជ្យមានក្បាលចំនួន៥ និងបែរមុខទៅទិសទាំងបួន ដែលតំណាងឲ្យបារមី ព្រះមហាក្សត្រគ្រប់គ្រង ដឹកនាំប្រទេស។ ក្បាលនាគទាំង១០០បង្ហាញពីអំណាចបារមី នៃការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ ក៏ដូចជា ប្រជារាស្ត្រខ្មែរទាំងអស់ដើម្បីការពារនូវ ឯករាជ្យភាពជាតិរបស់ខ្មែរ៕

Facebook Comments

To Top