ព័ត៌មានជាតិ

ជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ដោយសារជំងឺសម្ពាធឈាមឡើងខ្ពស់

សៀមរាប៖ បុរសជនជាតិអាមេរិកម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃ ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល២០និង០០នាទីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

ឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញខេត្ត បានទទួលព័ត៌មានពីតំណាងម្ចាស់ផ្ទះជួលថា មានករណីជនបរទេសដេកស្លាប់ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុសអាយុ៧១ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកបន្តថា តាមការសាកសួរតំណាងម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា ដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ខ្លួន មានការសង្ស័យ ក៏ទៅបើកទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងបន្ទប់ ហើយខ្លួនក៏បានរាយការណ៍ ជូនសមត្ថកិច្ចតែម្តង។ ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យ អមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់រយៈពេល ប្រហែលជាបីថ្ងៃមកហើយ ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង។

លោកបញ្ជាក់ទៀតថា សពត្រូវបានបញ្ជូនទៅតម្កល់ទុក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕

Facebook Comments

To Top