ព័ត៌មានជាតិ

កម្ពុជានឹងប្រារព្ធ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៥ នៅថ្ងៃស្អែក

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ កម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរំលឹកខួបអនុស្សាវរីយ៍លកទី៦៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

មុនមួយថ្ងៃនៃការប្រារព្ធថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដាក់កំរងផ្កា គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិតដ៏ថ្លៃថ្លាបំផុត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នៅវិមានឯករាជ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨)។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានបញ្ជាក់ថា “ជាផ្លូវការគឺ ទិវាបុណ្យឯករាជ្យជាតិ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃស្អែកទី ៩ វិច្ឆិកា នៅក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងយុវជនយុវតីសិស្សានុសិស្សផងដែរ” ។

សម្ដេចបន្ថែមថា ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា គឺរំលឹកពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវតីជំនាន់ក្រោយឲ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យជាតិឲ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំងជោគជ័យបានទាំងស្រុង នៅថ្ងទី៩វិច្ឆិកា ឆ្នាំ១៩៥៣៕ ដោយ ញិល សុខសាន្ត

Facebook Comments

To Top