ព័ត៌មានជាតិ

កញ្ឆាជាងបីពាន់ដើម ត្រូវកម្លាំងសមត្ថកិច្ច ចុះដកដុតកម្ទេចចោល នៅស្រុកបាកាន

ភ្នំពេញ៖ កញ្ឆា៣៥៦៩ដើម ដែលគេបានដាំលួចលាក់ នៅក្នុងដីចម្ការមួយកន្លែង ត្រូវសមត្ថកិច្ចចុះដកដុតកម្ទេចចោល កាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងពាក់ព័ន្ធ នៅក្រោយឱវាទប្រមាណ២០នាក់ បានចុះប្រតិបត្តិការកម្ទេច ដំណាំកញ្ឆាចំនួន ១០កន្លែង ដែលមានចំនួន ៧៩រង ស្មើនឹង ៣៥៦៩ដើម មានដើមកញ្ឆា ចាស់ឡើងគល់ចំនួន ២៥៨៦ដើម ទើបដាំថ្មី ៩៨៣ដើម និងវត្ថុតាងមួយចំនួនរួមមាន៖ ម៉ាស៊ីនបូមទឹកម៉ាក ហ៊ីណូតា ពណ៌ក្រហម១គ្រឿង ដែលតទុយោជ័រ៦ដុំ ក្នុង១ដុំៗមានប្រវែង៥០ម៉ែត្រ, ធុងបាញ់ថ្នាំ១គ្រឿង, អាវុធកែច្នៃ២ដើម និងកញ្ឆាស្ងួតទម្ងន់ ៥គីឡូក្រាម ។

សមត្ថកិច្ចដដែលបន្តទៀតថា កញ្ឆាទាំងនោះត្រូវបានគេដាំនៅលើដីចម្ការរបស់ ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន និងខ្លះទៀត គេដាំនៅលើដីចម្ការរអ្នកផ្សេងក្បែរគ្នានោះ ហើយអ្នកដាំដើមកញ្ឆានេះ មានឈ្មោះ រ៉ី ភេទប្រុស មកពីខេត្តតាកែវ បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ ។

វត្ថុតាងដែលដកហូតបានរួមមាន៖ ដើមកញ្ឆា៣៥៦៩ដើម បានដុតកម្ទេចចោលនៅនឹងកន្លែង ចំណែកសម្ភារផ្សេងៗទៀត បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន ។ ករណីខាងលើសមត្តកិច្ច កំពុងបន្តធ្វើការស្រាវជ្រាវរកអ្នកដាំ និងហៅម្ចាស់ដីចំការជួលឈ្មោះ នូវ នឿន ធ្វើការសួរនាំបន្តទៀត ៕ ដោយ៖សុធា

Facebook Comments

To Top