នយោបាយ

លោក គង់ គាំ៖ ក្រុមអ្នកនយោបាយ នៅក្រៅប្រទេស សូមកុំមកបំផ្លាញជាតិ

ភ្នំពេញ៖ មិនអស់ចិត្តលោក គង់ គាំ ដែលជាអតីតអ្នកនយោបាយចាស់វស្សា នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបន្តវាយប្រហារ និងរិះគន់មកលើលោក សម រង្ស៊ីនិងអតីតមន្រ្តី គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ដោយលោកបានលើកឡើងថា ក្រុមបរទេស និងក្រុមអ្នកនយោបាយដែលដង្ហោយរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទុកច្បាប់កំពូល (រដ្ឋធម្មនុញ្ញ) ជាបង្អែកសូមកុំមកបំផ្លាញជាតិ។

លោក គង់ គាំ បានបន្តវាយប្រហារតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “គ្រប់ដង្ហើមចេញចូលរហូតដង្ហើមចុងក្រោយ នៅតែស្មោះត្រង់ចំពោះប្រទេសជាតិឧត្តមគតិ ប្រជាធិបតេយ្យសេរី ដែលស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣កំណត់ឲ្យ។ ដូច្នេះក្រុមបរទេស និងក្រុមអ្នកនយោបាយ ដែលដង្ហោយរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទុកច្បាប់កំពូល (រដ្ឋធម្មនុញ្ញ) ជាបង្អែក សូមកុំបំផ្លាញ”។

ពាក់ព័ន្ធបោះឆ្នោតកាលពីឆ្នាំ២០១៣វិញ លោកថា ការប្រមូលផ្តុំដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ គឺត្រឹមត្រូវ ប៉ុន្តែបើរាប់នៅភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង ។ល។មណ្ឌល ខាងលើគ្មានសំឡេងកើនមួយអាសនៈទេ ហើយនៅតែបន្តការប្រមូលការជួបជុំកាន់តែធំ និងកាន់កាប់ទីលានប្រជាធិបតេយ្យគ្មានថ្ងៃបញ្ចប់ រួចស្រែកកញ្រ្ចៀវថា “ហ៊ុន សែនអើយចុះចេញ ទៅ” រូបភាពនេះ គឺប្រើអំណាចប្រជាពលរដ្ឋក្រៅការបោះឆ្នោត ដើម្បីតណ្ហាអំណាចរបស់ពួកខ្លួនហើយ។

អ្នកនយោបាយវ័យជ្រេរូបនេះបន្តទៀតថា “ខ្ញុំមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងប្រទេសស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ”។

លោកថា ការបកស្រាយរបស់លោកអំពីការដក ឬកាត់ការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប និងស្ថានភាពក្រោយការបោះឆ្នោត​ ថ្ងៃទី២៩ ខែកក្កដា មិនមែនជាការប្តូរទិសនយោបាយទេ តែក្រុមដទៃទេដែលបានផ្តាច់ទិសនយោបាយ។ កំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាអំណាចលាយតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ផ្តុំគ្នាបានមហារលាយ។ ដឹងហើយថា ការព្យាយាមដាស់ពួកដេកផ្ទះ ឈ្នះទទេស្អាត ជាការឥតប្រយោជន៍៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top