កីឡា

ពិតជាមិនធម្មតាមែន ជិះឡានតាំងពីប្រទេសថៃ​ ដណ្តើមយកពានជើងឯកទាល់តែបាន ពីការប្រណាំងកង់ភ្នំកម្ពុជា ២០១៨ ពីភេសជ្ជៈប៉ូវកម្លាំង វើក

ភ្នំពេញ៖ កីឡាករ កីឡាការនីប្រណាំងកង់ភ្នំជាតិ និង អន្តរជាតិ ទាំងបុរស ស្រ្តី និង កុមារ ជិត ២០០នាក់ បានមកជួបជុំគ្នា​ នៅចង្កេះភ្នំប្រសិទ្ធិ ខេត្តកណ្តាល កាលពីម្សិលមិញទាំងព្រលឹម រហូតដល់ម៉ោង ២ រសៀល ដើម្បីធ្វើការប្រកួត សមត្ថភាពប្រណាំងកង់ភ្នំ ទាំងកម្លាំងជើង ល្បឿន និង បច្ចេកទេស នៅលើទីលានផ្លូវ ដែលប្រកបទៅដោយឧបសគ្គឡើងចុះ បត់បែនខ្លាំងជាមួយដើមឈើជ្រោងច្រាង ដែលធ្វើអោយការប្រកួតនេះ កាន់តែស្វិតស្វាញ តែពោរពេញទៅដោយ ភាពសប្បាយរីករាយ សម្រាប់កីឡាករ និង កីឡាការនី។

ក្នុងចំណោមកីឡាករ កីឡាការនីអន្តរជាតិទាំងអស់ ដែលមកចូលរួម ក្នុងការប្រកួតនេះគឺមានកីឡាករថៃចំនួន ៧ រូបដែលធ្វើដំណើរ ពីប្រទេសថៃ មកដល់កម្ពុជា ដើម្បីចូលរួមការប្រកួត ហើយ កីឡាករ និង កីឡាការនី២ រូបក្នុងចំណោមពួកគេ បានឈ្នះ ពានចំណាត់ថ្នាក់លេខ ១ នៅក្នុងពូលស្រ្តី ១រូប ដែលមានឈ្មោះថា ផាន្នីផា ណារ៉ុងឆៃ ដោយបញ្ចប់នូវថេរវេលា ២៨នាទី ២៥ វិនាទី ក្នុងចំងាយ ៨គីឡូម៉ែត្រ និង១រូបទៀត គឺនៅក្នុងពូលបុរស ដែលមានឈ្មោះថា ស៊ុបាឆៃ ណយឆ័យាផ្លូក  ក្នុងប្រភេទចម្ងាយ ១៤គីឡូម៉ែត្រ។

កីឡាករកម្ពុជា ដែលទទួលបានពានដែរនោះ រួមមានលោក គីម ចាន់ធូ ក្នុងពូលបុរស ដោយបញ្ចប់ក្នុងថេរវេលា ៥៩នាទីនឹង២០វិនាទី ក្នុងប្រភេទចម្ងាយ (A1) ១៧.៥ គីឡូម៉ែត្រ រីឯប្រភេទចម្ងាយ (B1) ១៤គីឡូម៉ែត្រវិញ គឺបានទៅលើលោក រិន បូរិទ្ធិ កីឡាករកម្ពុជា ហើយប្រភេទចម្ងាយ (B2) ១០.៥គីឡូម៉ែត្របានទៅលើលោក រិន សុគន្ធ ។
សម្រាប់នៅក្នុងប្រភេទចម្ងាយ (C) ១២គីឡូម៉ែត្រ គឺបានទៅលើលោក Frank Zgoznik ជនជាតិបារាំង (Master) និង លោក ម៉ៅ បុរី (C3) លោក លីម វិវឌ្ឍន៍ (C1) និង លោក អែម ភោគ (C2)។

លោក វង្ស ខាន់ពៅ អគ្គលេខាធិការ សហព័ន្ធទោចក្រយាន្តកម្ពុជា មានប្រសាសន៍ថា “កម្មវិធីប្រណាំងកង់ភ្នំកម្ពុជាឆ្នាំ ២០១៨ ជុំទី ៤ ភេសជ្ជៈប៉ូវកម្លាំងវើកនេះ ” បានប្រព្រិត្តទៅ ប្រកបដោយលទ្ធផលល្អប្រសើរបំផុត ដោយមានការចូលរួម​ទាំងកីឡាករ និង កីឡាការនីជាតិ និង អន្តរជាតិ ហើយបច្ចេកទេស នៃការរៀបផ្លូវប្រណាំង ក៏ធ្វើបានល្អ ដោយមានទាំងផ្លូវលំបាក និងស្រួលចុះឡើង ដែលជាឧបសគ្គល្អ សម្រាប់កីឡាករឆ្លងកាត់ និង បង្កើនសមត្ថភាព របស់ពួកគេ កាន់តែខ្លាំងឡើងថែមទៀត។

លោកបានបន្ថែមទៀតថា “ជាលទ្ធផលកីឡាករកម្ពុជា ប្រមាណជា ៧០% ទទួលបានពានជើងឯក សម្រាប់ជុំនេះ ដូច្នេះវាជាលទ្ធផលល្អមួយ យើងគួរកោតសរសើរ នូវសមត្ថភាពរបស់កីឡាករយើង”។

ហើយជាចុងក្រោយ លោកក៏សូមជម្រុញទឹកចិត្ត មានការចូលរួមបន្ថែមទៀត ពីអ្នកស្នេហាវិស័យជិះកង់ភ្នំ សម្រាប់ការប្រកួត នូវជុំបន្ទាប់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅរមណីយដ្ឋាន ភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ។

លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានមានប្រសាសន៍ផងដែរថា “ការប្រណាំងកង់ភ្នំកម្ពុជាឆ្នាំ ២០១៨ ភេសជ្ជៈប៉ូវកម្លាំងវើក នៅជុំនេះដំណើរការ បានល្អណាស់ ហើយកីឡាករកីឡាការនីម្នាក់ៗ បានខំប្រឹងអស់​ពីសមត្ថភាព ដើម្បីទទួលបានពានពីគណៈកម្មការ”។ លោកក៏បានបន្តទៀតផងដែរថា “ពីភេសជ្ជៈប៉ូវកម្លាំងវើក និង ទឹកបិរសុទ្ធកម្ពុជា យើងនឹងបន្តជ្រោមជ្រែង អោយការប្រណាំងនេះ កាន់តែមានលក្ខណៈ អធិកអធមបន្ថែមទៀត នៅជុំក្រោយ ឬឆ្នាំក្រោយ ដើម្បីបង្កនូវភាពសប្បាយរីករាយ សម្រាប់អ្នកចូលរួម ហើយទាក់ទាញមិត្តភក្តិ និងក្រុមគ្រួសារ របស់កីឡាករអោយចូលរួម សប្បាយរីករាយ ជាមួយកម្មវិធីនេះ។ យើងនឹងព្យាយាម ធ្វើអោយការប្រណាំងនេះ ក្លាយជាកម្មវិធីមួយ ដែលគេទន្ទឹងរង់ចាំ ហើយមិនអាចខានបាន ក្នុងការចូលរួម”។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

Facebook Comments

To Top