នយោបាយ

ចិននិងថៃ បង្កើនកិច្ចសហការជំរុញការ កសាងព្រែកជីក Panama ប្រចាំទ្វីបអាស៊ី !

ពួកអ្នកយុទ្ធសាស្រ្តរបស់​ចិន ក៏ដូចជា​ពួកយោធានិយម របស់លោកខាងលិច បានចាត់ទុកការកសាងប​ណ្តាញខ្សែរថភ្លើងនៅក្នុងប្រទេសឡាវ ការកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយឆ្នេរសមុទ្ររបស់កម្ពុជានិងការជីកព្រែក Kra Isthwus កាត់ទទឹងប្រទេសនៅម្តុំខេត្តភាគខាងត្បូងរបស់ថៃ គឺជាផែនការធំទី២​ បន្ទាប់ពីការបើកទូលាយនូវរបៀងសេដ្ឋកិច្ចផ្លូវសូត្រលើសមុទ្ររបស់ ចិននោះ ! ។ មុននេះចិនក៏បានជំរុញកសាងរបៀងសេដ្ឋកិច្ចជាមួយ Pakistan ដោយបាន​កសាងផ្លូវរថភ្លើង ​រត់បណ្តោយប្រទេសនេប៉ាល់  បូតង់ ជាប់នឹងព្រំដែនប្រទេសឥណ្ឌា! ហើយទន្ទឹមនេះ ភាគីចិន ក៏បានគ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមួយរុស្ស៊ីផងដែរ ដែលគំរោងទាំង នេះ សុទ្ធតែស្ថិតនៅក្នុងផែនការ One Belt One Road របស់ចិនទាំងអស់ ! ។

នៅឆ្នាំ២០១៥ ចិននិងថៃ បានចុះហត្ថលេខាលើ MoU នៅក្វាងចូវ ស្តីពីការកសាងព្រែកជីក Kra ដែលពួកអ្នកសេដ្ឋកិច្ចហៅថា  ព្រែកជីក Panama ប្រចាំអាស៊ី មានទីតាំងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ ដែលព្រែកជីកនេះ អាចជួយបង្រួមការធ្វើដំណើរតាមសមុទ្រ ចំណេញបាន១០០០គីឡូម៉ែត្រ ស្មើ​និង៤៨ម៉ោង ! ។

ជាការពិត គំនិតចង់កសាងព្រែកជីកដ៏ធំនៅក្នុងអាស៊ីនេះ ចាប់មានតាំងពីសតវត្សរ៍ទី១៧មក ម៉្លេះ ហើយក្នុង១០០ឆ្នាំមុន ស្តេចថៃ ជូឡាឡុងកន ធ្លាប់បានបន្តលើកឡើងនូវគំនិតនេះផងដែរ !  តែពេលនោះលទ្ធភាព និងថវិការបស់ថៃនៅមានកំរិត ទើបគំរោងការជីកព្រែកនេះ ត្រូវបាន ពន្យារ ។

ទស្សនទាន ស្តីពីការជីកព្រែក Kra កាត់តំបន់ភាគខាងត្បូងថៃ ដើម្បីតភ្ជាប់ឈូងសមុទ្រថៃ ជាមួយនិងសមុទ្រឥណ្ឌា ពុំមែនជារឿងថ្មីទេ​ !  ប៉ុន្តែបញ្ហានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងមានវិសាលភាពទូលំទូលាយ គឺចាប់តាំងពីមានគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ រប​ស់ចិន មក ។ ការជីកព្រែក Kraនេះ គឺអាចនាំ​មកនូវអត្ថប្រយោជន៍ លើវិស័យសេដ្ឋកិច្ចយ៉ាងច្រើនសំបូរ បែប ក៏ប៉ុន្តវាក៏មានភាពរសើបយ៉ាងធំធេង អំពីភូមិសាស្ត្រនយោបាយ របស់តំបន់នេះផងដែរ ! ។

អនុលោមតាមសេចក្តីសន្និដ្ឋានជាយុទ្ធសាស្រ្ត បើព្រែកជីកនេះ ត្រូវបានកសាង មុខងាររបស់វា និងជះឥទ្ធិពលយ៉ាងខ្លាំងមកលើទាំងសក​ម្មភាពពាណិជ្ជកម្ម ទាំងទិដ្ឋភាពយុទ្ធសាស្រ្តរបស់តំបន់​នេះទាំងមូល ព្រោះយ៉ាងហោចណាស់ជាតថភាព ព្រែកជីកនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរ ប្រែប្រួលនូវការដឹកជញ្ជូននិងនាវាចរណ៍ ទាំងក្នុងតំបន់ និងពិភពលោកក្នុងរាប់រយគីឡូឡើងទៅទិសខាងជើង ដែលក្នុងពេលនោះ ព្រែកជីកនេះ ក៏នឹងអាចប្រែក្លាយទៅជាឧបករណ៍មធ្យោបាយមួយយ៉ាងសំខាន់ ដើម្បីចិនអនុវត្តនូវយុទ្ធសាស្រ្ត One Belt One Road ក្នុងភាពជោគជ័យ ​ប្រកបទៅដោយមហិច្ឆិតាខ្ពស់ ! ។

ព្រែកជីក Kraនេះ មានអត្ថន័យនិងអត្ថប្រយោជន៍ជ្រាលជ្រៅ ក្នុងការបម្រើកំណើនសេដ្ឋកិច្ច ! ក៏ប៉ុន្តែក្នុងភាពយូរអង្វែង នៅពេលដែលចិន​ច្បាមយកបានកំពង់ផែទាំង​អស់ រួមទាំងការធ្វើដំណើរតាមផ្លូវទឹកនិងនាវា​ចរណ៍មានភាពរលូន ហើយដែលមូលដ្ឋានទាំងអស់អាចប្រែប្រួល​ផ្លាស់ប្តូរទៅជាគោលដៅពហុបំណង ស្របតាមសភាពការណ៍ជាក់ស្តែងនោះ  គឺទីនេះមានតែ ចិនមួយទេ ។ ជារួមក្នុងចក្ខុផលប្រយោជន៍​យុទ្ធសាស្រ្តរបស់ចិន គឺ​រាល់បញ្ហាសេដ្ឋកិច្ចតែងតែផ្សារភ្ជាប់ជា​មួយនយោបាយ និងសន្តិសុខជាដាច់ខាត ! ។

ប្រការមួយដែលមជ្ឈដ្ឋានលោកខាងលិច មានចំណាប់អារម្ម​ណ៍ខុសទៅនឹងតថាភាពនោះ គឺបច្ចុប្បន្ននេះ ចិនបានកំពុងបណ្តាក់ទុន​យ៉ាងខ្លាំងចូលមកកសាងតំបន់សមុទ្រ​របស់កំពង់ផែព្រះសីហនុ ហើយដែលក្នុងអនាគតកំពង់ផែទាំងនេះ នឹងប្រែក្លាយទៅ​ជាមួលដ្ឋានពហុគោលដៅ (Sic) នោះ ! ។ ក្រៅពីនេះតំបន់ដែលស្ថិតនៅតាមបណ្តោយសមុទ្រ អាចជាមូលដ្ឋានភស្តុភា ព្រោះក្នុងករណីដែលចិន ជីកបានព្រែក Kra រត់កាត់ទទឹងប្រទេសថៃហើយ ពេលនោះគឺពុំចាំ​បាច់ត្រូវដើរកាត់ឈូងសមុទ្រ Malacca ទៀត ដោយចិនបង្កើតបានទៅជាផ្លូវនាវាចរណ៍ថ្មីមួយលើសមុទ្រ សម្រាប់សតវត្សរ៍ទី២១ ហើយ ! ។

កាសែត Oriental Daily របស់ហុងកុង ធ្លាប់បានអោយដឹងអំពីការចុះហត្ថលេខារបស់ សហ ក្រុមហ៊ុនចិនមួយនៅក្វាងចូវ ដែលកិច្ចព្រមព្រៀងនេះ គឺជាជំហានបន្ទាប់ ក្នុងគោលនយោ​បាយបើកទូលាយរបៀងសេដ្ឋកិច្ច នៃផ្លូវសូត្រលើសមុទ្ររបស់ចិន ហើយក្នុងការផ្សារភ្ជាប់ទៅជាប្រព័ន្ធយុទ្ធសាស្រ្ត ទើបមុននេះ ចិនបានជំរុញកសាងរបៀងសេដ្ឋកិច្ចជាមួយប៉ាគីស្ថាន ព្រមទាំងមាន គំរោងកសាងប្រព័ន្ធផ្លូវរថភ្លើង ​ដែលមានល្បឿនលឿន ជាមួយរុស្ស៊ីផងដែរ ។

យោងទៅតាមការព្រមព្រៀងនេះ គឺព្រែកជីក Kra មានជំរៅ ២៥ម៉ែត្រ មានប្រវែង ១០២ គីឡូម៉ែត្រ មានទទឹង៤០០ម៉ែត្រ ដំណើរការសាងសង់ក្នុងរយៈពេល១០ឆ្នាំ​ ក្នុងទឹកប្រាក់ ប្រមាណ២៨កោដិដុល្លារអាមេរិក  ។ ព្រែកជីក Kra​ ត្រូវបានពួកអ្នកវិភាគនយោបាយ ចាត់ទុក ដូចជា ព្រែកជីក Panama  សម្រាប់អាស៊ី ដោយព្រែកជីក Panama នេះមានតួនាទីផ្សារភ្ជាប់រវាងសមុទ្រអាត្លង់ទិច ជាមួយសមុទ្រប៉ាស៊ីហ្វិក និងអាមេរិកកណ្តាល បើចំពោះព្រែកជីក Kra នេះវិញមានមុខងារសម្រាប់តភ្ជាប់ រវាងសមុទ្រឥណ្ឌា ជាមួយនិងសមុទ្រប៉ាស៊ីហ្វិកទៅវិញ​។

នៅពេលដែលព្រែកជីក Kra ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ ចាប់មានសកម្មភាពនាវា​ចរណ៍ គឺរាល់នាវាកប៉ាល់ ជាពិសេសគឺពួកកប៉ាល់​ដឹកប្រេងរបស់ចិន ពីតំបន់មជ្ឈឹមបូព៌ា ចេញពីសមុទ្រ Adaman ក្នុងតំ​បន់សមុទ្រឥណ្ឌា អាចធ្វើដំណើរដោយផ្ទាល់និងត្រង់ចូលមក ក្នុងឈូកសមុទ្រ​ថៃ​ដោយស្រួល ដែលការធ្វើដំណើរនេះអាចចំណេញបាន១២០០គីឡូម៉ែត្រលើ ផ្លូវសមុទ្រ បើប្រៀបធៀបទៅនឹងការធ្វើដំណើរបច្ចុប្បន្ន ដែលត្រូវធ្វើចរាចរណ៍វាងតាមឈូង សមុទ្រ Malaccaនោះ ។ ជាការពិតឈូងសមុទ្រMalacca គឺជាផ្លូវនាវាចរណ៍មួយដ៏សំខាន់បំផុតតែ មួយគត់ ដែលមានមុខ​ងារជា​ផ្លូវផ្តល់​នូវប្រភពប្រេងសម្រាប់ចិន នាពេលបច្ចុប្បន្ន ! ។ ជារួមមានប្រេងចំនួន ៨០ភាគរយ ដែលនាំចូលប្រទេសចិន មានប្រភពមកពីមជ្ឈឹមបូព៌ា និងអាហ្វ្រិក ដែលប្រេងទាំងនេះ ត្រូវធ្វើដំណើរនាវាច​រណ៍ ឆ្លងកាត់ឈូងសមុទ្រម៉ាឡាកា ដែលជាតំបន់សមុទ្រសំបូរទៅដោយចោរសមុទ្រ មានចរិកហានិភ័យខ្ពស់បំផុតនោះ ! ។

ក្នុងបរិបទភូមិសាស្រ្តសេដ្ឋកិច្ចព្រែកជីក Kra មានអត្ថន័យនយោបាយនិងមានចរិកយុទ្ធសាស្រ្តយ៉ាងសំខាន់បំផុត ចំពោះចិន ! ព្រោះគំរោងព្រែកជីក Kraនេះ មិនត្រឹមតែជាឱកាសក្នុងការ    ផ្តល់កម្លាំងធាតុ សម្រាប់តំបន់សេរីពាណិជ្ជកម្ម រវាងចិនជាមួយក្រុមប្រទេសអាស៊ានទាំងអស់នោះទេ ! តែថែមទាំងមានមុខងារមួយទៀត ជួយ​អោយ​ប្រទេសទាំងនេះលែងរណប ពឹងពាក់ ចូលមកតំ​ប​ន់ឈូកសមុទ្រ ម៉ាឡាកាដ៏គ្រោះថ្នាក់ និងមានការខាតបង់ធំធេងលើផ្នែកសេដ្ឋកិច្ចទៀតផង ! ។

ព្រែកជីក Kraនេះ ជួយបង្រួមផ្លូវនាវាចរណ៍សមុទ្រកាន់តែខ្លី កាត់បន្ថយពេលវេលា ក្នុងការធ្វើ ដំណើរនាវាចរណ៍ពីពីរទៅប្រាំថ្ងៃ ។ ក្នុងផលប្រយោជន៍ នៃការកាត់បន្ថ​យចំណាយនេះហើយ ដែលកាន់តែជំរុញនិងធ្វើឲ្យកំពង់ផែសមុទ្រទាំងឡាយ របស់ហុងកុងនិងចិនដីគោក មានការវិវត្តន៍និងរីកចំរើនកាន់តែខ្លាំងនោះ ! ។

ក៏ប៉ុន្តែទន្ទឹមទៅនិងភាពរលូនងាយស្រួលនេះ គំរោងព្រែកជីក Kraនេះ ក៏ពោរពេញទៅ ដោយគ្រោះហានិភ័យនយោបាយ ព្រោះព្រែកជីក Kra មានទំនាក់ទំនងជិតស្និទ្ធទៅនឹងប​រិយាកាសនយោ​បាយរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺទំនាក់ទំន​ងកិច្ចសហប្រតិបត្តិការរវាងថៃ និងអាមេរិក!

មូលហេតុចម្បង ដែលជំរុញអោយចិន ត្រូវចូលរួមនៅក្នុងផែនការនេះ ដោយចិនមានការបារម្ភ ខ្លាចអាមេរិក​អាចធ្វើការហ៊ុំព័ទ្ធផ្លូវនាវាចរណ៍​រត់កាត់ឈូងសមុទ្រ​ម៉ាឡាកា ដែលការហ៊ុំព័ទ្ធ​នេះ  មានកត្តាយុទ្ធសាស្រ្ត ក្នុងការកាត់ផ្តាច់នូវប្រភពផ្គត់ផ្គង់ប្រេងទៅអោយចិន ដូចករណីដែល សហរដ្ឋអាមេរិក ធ្លាប់បានធ្វើមកលើពួកហ្វាក់ស៊ីអាល្លឺម៉ង់ និងជ​ប៉ុនក្នុងសង្រ្គាមលោកលើកទី២ និងអនុវត្តចំពោះសហភាពសូវៀតនិងគុយបា និងចិន សូវៀត ក្នុងសង្រ្គាមនៅវៀតណាម ! ។

ដោយមានចរិតយុទ្ធសាស្រ្តនេះហើយ ទើបមានក្រុមហ៊ុនជាច្រើនរបស់ចិន បានសម្រេចចូលរួមក្នុងផែនការនេះ សំដៅដណ្តើមយកលទ្ធភាព នៃការទទួលសិទ្ធិគ្រប់គ្រងព្រែកជីកនេះ នៅក្នុងកម្រិតណាមួយនោះ ! ដែលសិទ្ធិគ្រប់គ្រងនេះ រួមទាំងសិទ្ធិបដិសេធ ចំពោះនាវាចម្បាំងរឺយោធារបស់ប្រទេស ដែលចិនបា​នកំណត់មួយចំនួន ក្នុងការធ្វើចរាចរណ៍ទៅមក ឆ្លងកាត់ព្រែកជីក Kraនេះ សំដៅ​លើកកម្ពស់អត្ថិភាពនិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ អាស៊ីអាគ្នេ​យ៍នេះ ! ។

គំនិតនៃការចង់កសាងព្រែកជីកមួយដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ីនេះចាប់មានពន្លកនៅក្នុងបណ្តា​ ទសវត្សរ៍ទី១៧មកម្ល៉េះ ។ ហើយនៅ១០០ឆ្នាំមុននេះ ព្រះចៅជូឡាឡុងកន ក៏ចាប់ធ្វើឲ្យគំនិតព្រែកជីកនេះរស់ឡើងវិញ ក៏ប៉ុន្តែពេលនោះ​លទ្ធភាពថវិកា របស់ប្រទេសសៀមនៅមាន​កម្រិត ទើបគម្រោងការព្រែកជីក Kra បានត្រូវពន្យារ ! ។

ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារជាយោធា នាំដល់ការឡើងកាន់អំណាច​របស់ពួកយោធា និយមនៅបាងកក នាខែឧសភា ឆ្នាំ២០១៤មក គេឃើញក្រុមយោធាថៃ  ហាក់បីមានភាពជិត ស្និទ្ធនិងខិតមករកចិន ក៏គំនិតផ្តួចផ្តើមអំពីការជំរុញ អោយមានការជីកព្រែក Kra កាត់ទទឹង ប្រទេសថៃ ចា​ប់រស់ឡើងវិញ ! ក្រៅអំពីគោលដៅនិងផលប្រយោជន៍សេដ្ឋកិច្ច នៅមានចលករនយោបាយមួយទៀត !តែគោលដៅចម្បងរបស់ចិន ក្នុងការជំរុញជីកព្រែក Kra គឺដើម្បីគេចវេសអាមេរិក នាម្តុំឈូង សមុទ្រម៉ាឡាកា និងស្របពេលដែលចិនប្រកាស ព្រែកជីក Kraនេះ ក៏ស្ថិតនៅក្នុងក្របខ​ណ្ឌទស្សនទាន «ផ្លូវសូត្រលើសមុទ្រ» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីហ្សីជិនពីងផងនោះ!  ។

មានចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺព្រែកជីកKra នេះត្រូវបានកសាងឡើង នៅតំបន់ភាគខាងត្បូង ប្រទេសថៃ ជិតទៅនឹងខេត្ត Songkkla ជិតទៅនិងតំបន់ដែលពួកឧទ្ទាម បំបែកខ្លួនឥស្លាម បាននិងកំពុងធ្វើសកម្មភាពអុកឡុកបង្កើតអស្ថេរភាព នៅទីនេះអស់រយៈកាលជាង១០ឆ្នាំ ធ្វើឲ្យមនុស្សជាង៦០០០នាក់ បានស្លាប់កន្លងមក ។ដូច្នោះបញ្ហាសន្តិសុខនិងវិធានការការពារ នូវសំណងប្រវត្តិសាស្រ្តព្រែកជីកKraនេះនិងត្រូវចោទឡើងជាចំណោទនាពេលកសាងចប់នោះ ! ។

កំពង់ផែHon Khoai របស់វៀតណាម អាចជាទីតាំងទប់ទល់ទៅនឹងព្រែកជីក Kra របស់ថៃក្នុងអនាគត

នៅក្នុងអត្ថបទមួយ New Viet Port a Clue to Kra Canal ដែលបានចុះផ្សាយនៅលើកាសែត The Straits Times មួយឆ្នាំកន្លងមក​បានអះអាងច្បាស់ថា  មតិចរចាមអារាមជុំវិញផ្លូវនាវាចរណ៍លើសមុទ្រ ដែលគ្រោងនឹងត្រូវបានសាងសង់ឡើង បាននឹងកំពុងមានភាព​ផុសផុលបំផុត ! ហើយ ក្នុង ករណីបើកព្រែកជីក Kra  និងត្រូវបានជីកកាត់ទទឹងភាគខាងត្បូងរបស់ប្រទេសថៃ ជាពិតប្រាកដមែន ! គឺពេលនោះ ព្រះរាជាណាចក្រថៃ បានប្រែក្លាយទៅជា Hug នៃបេះដូងចរាចរណ៍ ដោយនាវារួមទាំងកប៉ាល់ដឹកជញ្ជូនទាំងអស់ មិនចាំបាច់រត់កាត់ឈូងសមុទ្រ ម៉ាឡាកា ក៏ដូចជាត្រូវ ឆ្លងកាត់ Transit សង្ហឹបុរីធ្វើអីទៀត អោយកាន់តែឆ្ងាយនិងខាតបង់នោះ ។

ជាការពិត ទស្សនទាននេះ មានជាយូរយាណាស់មកហើយ ជុំវិញការជីកព្រែក ដើម្បីតភ្ជាប់ ដោយត្រង់រវាងឈូងសមុទ្រថៃ ជាមួយ​និងសមុទ្រឥណ្ឌា តែបានជួបប្រទះទៅនឹងការប្រឆាំង ជំទាស់ជាច្រើន ដោយបញ្ហាជីកព្រែក Kraនេះ មានចរិតរសើបជាភូមិសាស្រ្តនយោបាយ ក្នុងតំបន់ ! ហើយការវិវឌ្ឍន៍ថ្មីៗនេះ កាន់តែបញ្ជាក់ឲ្យឃើញថា បញ្ហានេះកាន់តែមានភាពរសើប ពេលដែលយុទ្ធសាស្រ្តជីកព្រែក Kra មានការពាក់ព័ន្ធទាក់ទិនទៅដល់ទំនាក់ទំនងចិន អាមេរិក នោះ ! ហេតុការណ៍នេះកាន់តែច្បាស់ និងត្រូវបានយកចិត្តទុកដាក់ គឺនៅពេលដែលបណ្តាញ សារព័ត៌មានចិន បានផ្សព្វផ្សាយអំពីការចុះហត្ថលេខាលើ MoU នាខែឧសភា២០១៥ នៅក្ខាងចូវ រវាងអាជ្ញាធរថៃ និងចិន អំពីគម្រោងព្រែកជីក Kra ក្នុងតម្លៃ ២៨កោដិដុល្លារអាមេរិក ! តែក្រោយមក ព័ត៌មានដ៏រសើបនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រទេសទាំងពីរ ថៃនិងចិន ធ្វើ ការបដិសេធក្នុងប៉ុន្មា​នថ្ងៃក្រោមកនោះ ! តែទោះបីជាមានការបដិសេធយ៉ាងណាក៏ដោយ ក៏ មតិចរចាមអារ៉ាមនៅតែអះអាងថា គម្រោងសាងសង់ព្រែកជីក Kra បានត្រូវនិងត្រៀមរួចជាស្រេច ហើយ

ប៉ុន្មានខែក្រោយមក ចាប់ពីមានព្រឹត្តិការណ៍នេះ រដ្ឋាភិបាលវៀតណាមបានប្រកាស នឹងសាង សង់កំពង់ផែទឹកជ្រៅមួយ ដែលមានតម្លៃ២,៥កោដិដុល្លារអាមេរិក នាម្តុំកោះ Hon Khoai ដែលទីតាំងនេះនៅកណ្តាលសមុទ្រ ឆ្ងាយពីCaMau(ខេត្កទឹកខ្មៅកម្ពុជាក្រោម)​ប្រមាណ១៧គីឡូ ម៉ែត្រ ជាខេត្តមួយស្ថិតនៅខាងក្រោមបំផុត របស់វៀតណាម ហើយដែលគម្រោង កសាងកំពង់ផែទឹកជ្រៅនេះ ត្រូវបានអនុម័តដោយ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ហើយនោះ ! ។

ជារូបភាពខាងក្រៅ រាល់ទំនាក់ទំនងពាក់ព័ន្ធ រវាងកំពង់ផែទឹកជ្រៅ Hon Khoai​ ជាមួយនិងព្រែកជីក Kra ដែលទាំងមជ្ឈដ្ឋានអ្នកនយោបាយ និងពួកពាណិជ្ជករចង់បាននោះ ហាក់បីដូចជាមានភាពមួយមិនច្បាស់លាស់ ប្រាកដ​និយមនៅឡើយ ព្រោះបំណងក្នុងការចង់សាងសង់កំពង់ ផែទឹកជ្រៅ Hon Khoai​នេះ មា​នចរិតយុទ្ធសាស្រ្តនៅក្នុងតំបន់ច្រើនជាង មិនដូចជាការសាងសង់ដើម្បីជាការឆ្លើយតប​ទៅនឹងសំណូមពរខាងវត្ថុធាតុដើមជាថាមពល ដែលមួយថ្ងៃវៀតណាមកាន់ តែមានសេចក្តីត្រូវការដ៏ច្រើននោះឯង !

ការពិតគឺអី​ចឹងមែន ព្រោះសារព័ត៌មាន The  Wall Street Journal បានផ្សាយដោយចំឈ្មោះ ថា ឥណ្ឌូនេស៊ី និងអួស្រ្តាលី ជាដៃគូ ដែលបានសម្រេចផ្គត់ផ្គង់វត្ថុធាតុដើមជាថាមពលទាំងនេះមកឲ្យវៀតណាម ក្រៅពីនេះក៏មា​នចិននិងឥណ្ឌាផង !។ ដូច្នេះកសាងទីតាំង Hon Khoai​ ស្ថិតនៅចំកណ្តាល ឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង ! ទើបកំពង់ផែ Hon Khoai​នេះ មានទីតាំងភូមិសាស្ត្រយុទ្ធសាស្រ្តយ៉ាងសំខាន់បំផុត សម្រាប់ការពារខ្លួន ។ ការសម្រេចកសាងកំពង់ផែទឹកជ្រៅ Hon Khoai​នេះ មិនពិតប្រាកដថា  មានអត្ថន័យសេដ្ឋកិ​ច្ច បម្រើការឲ្យពាណិជ្ជកម្មទាំងអស់នោះទេ ព្រោះនៅពេលដែលព្រែកជីក  Kra បានសម្រេចជាស្ថាពរហើយនោះ គឺនឹងមាននាវាយ៉ាងច្រើន រួមទាំងកប៉ាលយោធានិង ស៊ីវិល បានរត់ឆ្លងកាត់ទៅមកកំពង់ផែ Hon Khoai​នេះ !  ដែលជាភាពងាយស្រួលក្នុងការ Remote Control នោះ ។

សម្រាប់កំពង់ផែទឹកជ្រៅនេះ ត្រូវបានគូរដោយសហក្រុមហ៊ុន Bechtel របស់អាមេរិក ! ក្រៅពីនេះវៀតណាមក៏បានសហការជា​មួយក្រុមហ៊ុន N&M Commoditiesរបស់អូស្រ្តាលី អោយdesign​ កំពង់ផែនេះផងដែរ ។ តាមព័ត៌មានបង្ហើ​បអោយដឹង គឺកំពង់ផែទឹកជ្រៅនេះ នឹងត្រូវកសាងស្ពានផែ (Port Bridges)ទាំងអស់២៤ ។ មើលទៅស្ពានផែទាំងនេះ មានចំនួនច្រើនពេក ដូច្នេះក្រៅអំពីទំនិញ អាចមានមុខទំនិញផ្សេងៗ បម្រើអោយពហុគោលដៅក៏មិនដឹង ។

ក្នុងករណី design​ របស់សហក្រុមហ៊ុន Bechtel ត្រូវបានអនុម័ត គឺកំពង់ផែទឹកជ្រៅ Hon Khoai​នេះ ត្រូ​វបានត្រួតត្រាទៅដោយសហរដ្ឋអាមេរិក ដែលការគ្រប់គ្រង​នេះ នៅចំទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ជាកន្លែងធ្វើឲ្យមានការផ្លាស់ប្តូរ ប្រែប្រួល នៃអំណាចរឹងនិងទន់ ពេលដែលព្រែកជីក Kra កកើតមានជារូបរាងមក! ហើយសហរដ្ឋអាមេរិក ក៏ចាប់មានឥទ្ធិពលខ្លាំងនៅម្តុំនេះ ព្រោះ Bechtel ត្រូវបានគាំទ្រជាហិរញ្ញប្បទាន ពីធនាគារ Ex Im Bank របស់អាមេរិក ។

មុខងារ និងតួនាទី របស់ Bechtel និង Ex Im Bank អាចជាស្ថាប័នពីរ តែរួមគ្នា បំរើអោយយុទ្ធសាស្ត្រ របស់អាមេរិក សំដៅ ការពារអត្ថិភាពរបស់សហរដ្ឋអាមេរិក កុំអោយត្រូវកំចាត់ចេញ ពីក្តាអុក នយោបាយអន្តរជាតិ និងក្នុងតំបន់ ដោយល្បែងលេងរបស់ចិន! ។

          សរសៃឈាម ដ៏សំខាន់របស់ចិន ទាំងសេដ្ឋកិច្ច នយោបាយនិងយុទ្ធសាស្រ្ត !

ព្រែកជីក Kra មិនត្រឹមតែបានប្រែក្លាយប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលនាវាចរណ៍ ដ៏ធំប្រចាំក្នុងតំបន់នោះទេ តែថែមទាំងបាន ធ្វើឲ្យឈូងសមុទ្រ Malacca សិង្ហបុរី  ម៉ាឡេស៊ី លែងមានតម្លៃនៅក្នុងចក្ខុរបស់ពួកអ្នកសេដ្ឋកិច្ចទៀត! តែ Kra ថែមទាំងមានតួរនាទីមួយសំខាន់ដោយ Kra និងអាចប្រែក្លាយទៅជា សរសៃឈាម​ ដែលហូរនៅក្នុងនយោបាយ ផ្លូវសូត្រ លើសមុទ្ររបស់ចិន! ហើយដែរឥឡូវនេះ ព្រែកជីក Kra ក៏បានក្លាយទៅជាចំណែកមួយក្នុងផែនការ One Belt One Road របស់ចិនហើយនោះ! ។

បើមានការចូលរួមរបស់ចិនពិតប្រាកដ គឺធនាគារ AIIB  បំពេញតួរនាទីមួយយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ Kra ដ៏មហិមានេះ ។ រាល់ការជជែក ពិភាក្សាសុទ្ធតែមានការបង្កប់ទៅដោយគំនិតជាតិនិយម ប្រឆាំងទៅនិងអំណា​ចឥទ្ធិពលរបស់ពួកលោកខាងលិច! ដែលក្នុងនោះ ក៏មានការអំពាវនាវ ពីពួកយោធានិយមថៃ និងសហគមន៍ចិន សុំអោយធនាគារ AIIB ជួយធ្វើអោយសុបិន្ត ជាយូរយារណាស់មកហើយ របស់ថៃ អំពីការចង់កសាងព្រែកជីក Kraនេះ អោយក្លាយទៅជាការពិតនោះ! ។

ជាការពិត ព្រែកជីក Kra និងកំពង់ផែទឹកជ្រៅ Hon Khoai មានទំនាក់ទំនងគ្នា គ្រាន់តែជាភាព Imagination ! ព្រោះបើពុំមានការលើកឡើងដោយ Mass Media របស់វៀតណាម ស្របពេលដែលមានកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីរួមវៀតណាម ថៃឡដ៍ លើកទី៣ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាងកក នាខែកក្កដា កន្លងមកនោះក៏គ្មាននរណាបានដឹងនិងចាប់អារម្មណ៍ផងដែរ ! ។

មានចំណុចមួយដែល គួរអោយគត់សំគាល់នោះគឺ កិច្ចពិភាក្សា រវាងនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dug ជាមួយនាយករដ្ឋមន្ត្រីថៃ Prayut Chan O-cha ជាលទ្ធផល គឺសេចក្តីប្រកាសរួមមួយ ដែលមានខ្លឹមសារសំខាន់ ក្នុងការសង្កត់ធ្ងន់ រាល់ការទំនាស់វិវាទ ត្រូវដោះស្រាយតាមសន្តិវិធី ស្របទៅតាមច្បាប់អន្តរជាតិ ដែលក្នុងនោះ រួមមានទាំងបណ្តាអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីច្បាប់ សមុទ្រ ឆ្នាំ១៩៨២ (UN CLOS) ក៏ដូចជាជំរុញអោយមានការជួបចរចារ និងពិគ្រោះយោបល់ សំដៅសំរេច អោយបាន Code of Conduct រវាងភាគីទាំងឡាយ លើសមុទ្រចិនខាងត្បូង!

ចាប់តាំងពីពេលនេះទៅ ព្រែកជីក Kra និងកំពង់ផែទឹកជ្រៅ Hon Khoai បានស្ថិតនៅក្នុងបរិបទ នៃការប្រកួតប្រជែង ដណ្តើមគ្នា រវាងចិន និងអាមេរិក ក្នុងរាល់គំរោង ផែនការ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌអាស៊ាន ស្របពេលដែលចិន បាននិងកំពុងស្វែងរកឧត្តមភាព ជាមេដឹកនាំក្នុងតំបន់ ដែរយ៉ាំងហោចណាស់ ក៏ជាមេដឹកនាំមួយ ក្នុងវិស័យសេដ្ឋកិច្ចផងដែរ ! បើចំពោះអាមេរិក ចង់ធ្វើអោយមាន អំណាចកុល្យការ មួយនៅអាស៊ី​ ដូចដែលអូបាម៉ា  ​បានលើកឡើងអំពីគោលនយោបាយ Pivot policy នោះ សំដៅបន្តរក្សាឥទ្ធិពល របស់ខ្លួន ដែលមានស្រាប់បន្តអោយមាន ដដែលនៅក្នុងតំបន់អាស៊ីនេះ! ។

តែដោយមហាផែនការពីរទាំងនេះ ព្រែកជីក Kra និងកំពង់ផែទឹកជ្រៅ Hon Khoai សុទ្ធតែមានភូមិសាស្ត្រ យុទ្ធសាស្ត្រ នៅជិតគ្នា និងលើតំបន់សមុទ្រចិនខាងត្បូង តែមួយ! ជាកន្លែងដែលអាមេរិក និងចិន កំពុងមានការប្រកូតប្រជែងនិង ប្រឈមដាក់គ្នា នៅទីនេះ! ទើបពួកអ្នកវិភាគ នយោបាយ បានមើលឃើញថាទាំងព្រែកជីក Kra និងកំពង់ផែទឹកជ្រៅ Hon Khoai គឺជាមធ្យោបាយកសាងអំ ណាចនិងការពារដែនអំណាចត្រូវបានរៀបចំតាក់តែងឡើងដោយមហាអំណាចផុតលេខពីរខាងក្រៅតំបន់ទាំងអស់!  ៕

          ស្រាវជ្រាវដោយ ហើស សិរីធន អតីតឯកអគ្គរាជទូត ហ្វីលីពីន និង ឡាវ

 

 

Facebook Comments

To Top