ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៤នាក់ ប្រើដំបងវាយរថយន្តមន្រ្តីនគរបាល ខេត្តព្រះសីហនុ

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាជនជាតិចិនក្រោយធ្វើសកម្មភាព ប្រើដំបងវាយរថយន្ត១គ្រឿង របស់មន្រ្តីនគរបាល ខេត្តព្រះសីហនុ ដែលកំពុងបើក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានការសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំង៤នាក់ យកមកស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ YANG FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងនោះ វត្ថុតាងដកហូតយកបានមាន ៖ កាំបិតប័ងតោ ចំនួន ២ដើម, ដំបងដែកទីប ចំនួន ៥ដើម, រថយន្តចំនួន ១គ្រឿង ម៉ាក GREATWALL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៩៧៤៣ ។

ដោយឡែកជនរងគ្រោះមានគ្នា ៤នាក់ ៖ ទី១-ឈ្មោះ ប៉ាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម១៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ហង្ស ស៊ន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ សុន ស៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ គង់ សៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរថយន្ត ១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ ២AP-២៨៦៧ បែកកញ្ចក់រថយន្តខាងមុខ ១ផ្ទាំង, កញ្ចក់ចំហៀងផ្នែកខាងឆ្វេង១ផ្ទាំង, កញ្ចក់មើលក្រោយ ១ផ្ទាំង និងមានស្នាមកំពិតរលាត់ថ្នាំ ជាច្រើនកន្លែងទៀត ប៉ុន្តែជនរងគ្រោះទាំង៤នាក់ មិនមានរងរបួសអ្វីនោះទេ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការបន្តតាមនីតិវិធី ៕

Facebook Comments

To Top