សន្តិសុខ និង សង្គម

បន្លំយកខ្សែកមាស សម្រេចបានម្តង លើកទី២ ត្រូវចាប់ខ្លួននៅផ្សារ ច្បារអំពៅ

ភ្នំពេញ ៖ស្ត្រីម្នាក់ប្រើល្បិចបន្លំយកខ្សែក កាឡៃដូរយកខ្សែកមាស ពិតបានមួយដំឡឹង នៅផ្ទះ លេខ៤៤ (ផ្សារច្បារអំពៅ) ហើយគេចខ្លួនបាន២ថ្ងៃ លុះមកផ្សារច្បារអំពៅម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់បាន កាលវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ម៉ាន ម៉ានរីយ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦A ផ្លូវ ជាតិលេខ៥សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះឈ្មោះឡុង នីឡេង ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុ។

នគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា កាលពីថ្ងៃទី២០ខែតុលាវេលាម៉ោង១៥និង០០នាទី ជនរងគ្រោះនិងប្តីកំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរមក ទិញគ្រឿងអលង្ការ ដោយឲ្យជនរងគ្រោះយកខ្សែកមាស ម៉ូតច្រវ៉ាក់ឆាប១ខ្សែ ទម្ងន់ ១ដំឡឹងមកមើល រួចជនសង្ស័យយកខ្សែក មាសមកពាក់ក ពេលនោះជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏បន្លំដោះខ្សែកកាឡៃ ដែលពាក់ជាប់កស្រាប់ ឲ្យទៅជនរងគ្រោះទុកវិញ រួចសុំមើលខ្សែកម៉ូតផ្សេង ជនរង គ្រោះឆ្លើយថា ចាំមួយភ្លែត រួចជនសង្ស័យក៏ដើរចេញមកក្រៅ គេចខ្លួនយកខ្សែកទៅ លក់ឲ្យគេនៅម្តុំផ្សារទួលសង្កែ បានលុយ ១៤៣០ដុល្លារ យកលុយទៅសងគេអស់។

លុះដល់ថ្ងៃទី២២ខែតុលាវេលា ម៉ោង១៤ និង០០នាទី ជនសង្ស័យដើរចូលក្នុងផ្សារច្បារអំពៅដើម្បីរកបន្លំលួចគ្រឿងអលង្ការគេទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន ៖ ខ្សែកកាឡៃ ១៧ខ្សែ, ខ្សែដៃកាឡែ ១ខ្សែ, ចិញ្ជៀនកាឡៃ៨វង់, ក្រវិលកាឡៃមានដាំត្បូងពណ៌ស ២គូ, បណ្តោងខ្សែកកាឡៃមានដាំត្បូងពណ៌ស១, ទូរសព្ទដៃ២គ្រឿង (ម៉ាក iPhone៦ ពណ៌ទឹកមាស, ម៉ាក iPhone៥ ពណ៌ផ្កាឈូក), លុយដុល្លារ ២ដុល្លារ, លុយខ្មែរ៦០០០រៀល, កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ ១ និងថង់ប្លាស្ទិចពណ៌ខ្មៅ១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ ដោយ៖ប៉ិច នរៈ

Facebook Comments

To Top