ព័ត៌មានជាតិ

៥ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដែលមកកម្សាន្ត នៅខេត្តស្វាយរៀង មានការកើនឡើង ជាងឆ្នាំ២០១៧

ស្វាយរៀង៖ ក្នុងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តស្វាយរៀង មានការកើនឡើងជាងឆ្នាំ២០១៧ នេះបើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់នៅរសៀលថ្ងៃនេះ។

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងទៀតថា ភ្ញៀវទេសចរបានចាប់ផ្តើមធ្វើដំណើរកំសាន្ត តាមរមណីយដ្ឋានក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ ដែលមានចំនួនសរុប ២,៧៦៨ នាក់ ក្នុងនោះ ភ្ញៀវបរទេសចំនួន១០នាក់ មានការកើនទ្បើងជា ឆ្នាំ២០១៧ ចំនួន១,៩៦៦ នាក់ ស្មើនឹង ២៤៥.១៣% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៨០២នាក់។ ក្នុងនោះមាន រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និង រមណីយដ្ឋានធម្មជាតិទឹកវិលជាដើម។

លោកបានបន្តទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចេញ-ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានការ កើនទ្បើងផងដែរ បើយោងតាម របាយការណ៍របស់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ មានចំនួនសរុប ១០,៥០៩ នាក់ មានការកើនទ្បើង ចំនួន ៣,៦៣៦ នាក់ ស្មើនឹង ៥២.៩០% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៦,៨៧៣ នាក់។ ចំណែកឯភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ១២,៦៧៧ នាក់ មានការកើនទ្បើងចំនួន ៥,១៤៣ នាក់ ស្មើនឹង ៦៨.២៦% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៧,៥៣៤ នាក់។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ ដោយសារការយកចិត្តទុក្ខដាក់ ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕
ដោយ៖យាង ដានុត

Facebook Comments

To Top