នយោបាយ

សេចក្ដីថ្លែងការណ៍ របស់ការិយាល័យ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្តេច អគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹង កំពុងធ្វើការបម្រើផល ប្រយោជន៍ប្រជាជនខ្មែរ ប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋ ក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និង សេដ្ឋកិច្ច ជាមួយសមាភាគី សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ទាក់ទងទៅនឹងកម្មវិធី ពន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់កម្ពុជា (អ្វីៗគ្រប់យ៉ាងលើកលែងតែ សព្វាវុធ “EBAs”) គឺមិនបានធ្វើឱ្យកម្ពុជា មានការ ព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះឡើយ។ ពីព្រោះយោងទៅតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង រវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះ ពន្ធអនុគ្រោះ EBAs គឺមានគោលការណ៍ និងទិសដៅ “សម្រាប់ផ្ដល់ឱ្យប្រទេស ដែលមាន ការអភិវឌ្ឍតិចតួច (LDCs)” ដូចជាប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលនាំមុខគេ ក្នុងការ ផ្តល់សច្ចាប័ន នៃកិច្ចព្រមព្រៀងជាមួយអង្គការ ពលកម្មអន្តរជាតិ (ILO) ដែលជាកត្តាចម្បង មួយ ក្នុងការទទួលបានពន្ធអនុគ្រោះពាណិជ្ជកម្ម EBAs នេះ។

កម្ពុជា ក៏បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នា ទៅវិញ ទៅមក។

នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូ ក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីពន្ធអនុគ្រោះ (EBAs) ជាមួយនិងកិច្ចធានា នូវអធិបតេយ្យ និងឯករាជ្យភាពរៀងៗខ្លួន ។

សម្រាប់កម្ពុជា គឺនៅតែគោរព និងវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធិ ជាមួយ អង្គការពលកម្មអន្តរជាតិ(ILO) ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងកិច្ចរួមគា្ន ដើម្បីសិទ្ធិសេរី និងជីវភាពថ្លៃថ្នូររបស់កម្មករ កម្មការី ដែលជាបុព្វហេតុ និងឧត្តមប្រយោជន៍ របស់កម្ពុជា និង សហភាពអឺរ៉ុប ដែលបានប្តេជ្ញាអភិវឌ្ឍន៍ និងការពារ រហូតដល់ទទួលបាន ជោគជ័យជាប្រយោជន៍រួមនាបច្ចុប្បន្ននេះ ។

អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា មានកិតិ្តយស និងសេចក្តីរីករាយ សូមជម្រាបជូន ដល់ជន រួមជាតិទាំងអស់ កុំឱ្យមានការព្រួយ បារម្ភតាមរយៈការវិភាគ និងការវាយតម្លៃ មិនសមហេតុ ផល ស្តីពីពន្ធអនុគ្រោះ EBAs។ ហើយពន្ធអនុគ្រោះនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការ ដោះស្រាយ ដែលនឹងត្រូវចំណោយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា ។ នៅក្នុងន័យនេះ ដំណើរការនៃ ផលិតកម្មឧស្សាហកម្ម វាយណភ័ណ្ឌនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបនោះ មិនទាន់មានផលប៉ះពាល់ អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការ អនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ ។

ក្នុងឋានៈជាប្រទេសអធិបតេយ្យមួយ កម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងបូរណភាពរបស់ខ្លួនដូច ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈដែល កម្ពុជាធ្វើការ ក្នុងភាពស្មើមុខមាត់ ជាមួយសហគមន៍អន្តរជាតិ ៕

Facebook Comments

To Top