នយោបាយ

លោក កឹម សុខ បានសិទ្ធិជ្រកកោន នៅប្រទេសហ្វាំងឡង់

ភ្នំពេញ៖ អ្នកវិភាគនយោបាយ និងសង្គម លោក កឹម សុខ  ក្រោយពីបានចេញពីពន្ធនាគារហើយរត់គេចខ្លួនទៅក្រៅប្រទេស អស់រយៈពេលជាច្រើនថ្ងៃមកនោះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោកបានសិទ្ធជ្រកកោន នៅប្រទេសហ្វាំងឡង់ហើយ។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨  លោក គឹម សុខ ត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីជាប់ពន្ធនាគារ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារចោទប្រកាន់រាជរដ្ឋាភិបាល នៅពីក្រោយខ្នងនៃឃាតកម្មលើលោកកែម ឡី។ ក្រោយពីមានសេរីភាព មិនបានប៉ុន្មានថ្ងៃផង លោកក៏បាននិយាយរិះគន់ មកលើរាជរដ្ឋាភិបាលឥតសន្សំចៃមាត់ ការនិយាយឥតសន្សំចៃនេះហើយ ទើបលោកបាននាំកូនស្រីអាយុ៦ឆ្នាំ ទៅរស់នៅប្រទេសថៃបណ្តោះអាសន្ន ដើម្បីរងចាំឱកាសល្អ បន្តដំណើរទៅរស់នៅប្រទេសទី៣ទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានប្ដឹងលោក កឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែព្រហើនហ៊ានរិះគន់កម្ពុជា ។ ការប្តឹងនោះ ធ្វើឡើងក្រោមហេតុផល លោក គឹម សុខ មិនទាន់ផ្តល់ប្រាក់សំណង៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ ឲ្យគណបក្សកាន់អំណាច ក្រោយចេញពីពន្ធនាគារដែលបាន ចោទប្រកាន់មករាជរដ្ឋាភិបាល សម្លាប់មនុស្សជាប្រព័ន្ធ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក មាជ សុវណ្ណារ៉ា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា “អ្នកវិភាគនយោបាយនិងសង្គម លោក កឹម សុខ និងកូនស្រីជាទីស្រឡាញ់ បានសិទ្ធិជ្រកកោននយោបាយ ចេញទៅរស់នៅក្នុងប្រទេសហ្វាំងឡង់ហើយ។ លោកបានឡើងយន្តហោះ ពីព្រលានយន្តហោះសុវណ្ណភូមិ ពីប្រទេសថៃ” ។

លោកថា  “លោក គឹម សុខ មានសុវត្ថិភាព ជីវិតផុតពីតាមរកការចាប់ចង ពីសំណាក់រដ្ឋាភិបាលឯកបក្សលោក ហ៊ុនសែន ហើយ ! ធ្វើដំណើរដោយសុវត្ថិភាព ប្អូនធម៌សំណព្វរបស់បង យើងនឹងបន្តទាក់ទងគ្នាទៀត”។

ចំណែកហ្វេសប៊ុករបស់លោក អុំ សំអានវិញ ដែលទើបតែចេញពីពន្ធនាគារដែរនោះ បានឲ្យដឹងដែរថា នៅថ្ងៃ ១១  តុលា លោក គឹម សុខ បានចេញដំណើរ ទៅកាន់ប្រទេសទី៣ហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីលោកទទួលបាន សិទ្ធិជ្រកកោននយោបាយ នៅប្រទេសហ្វាំងឡង់ ក្នុងសហភាពអឺរ៉ុប។

លោកបន្តថា “សូមអបអរសាទរ! តុលាការក្រុងភ្នំពេញបានចេញដីការចាប់ខ្លួន លោក គឹម សុខ នាពេលថ្មីៗនេះ បន្ទាប់ពីលោកបានចេញពីពន្ធនាគារ”៕
ដោយ៖ធី លីថូ

Facebook Comments

To Top