ព័ត៌មានជាតិ

យុវជនពីរនាក់ជិះម៉ូតូ ឆក់កាបូបពីនារីម្នាក់​ ពេលម្ចាស់ទាញ មកវិញដួលម៉ូតូ ត្រូវពលរដ្ឋ ចាប់ជាប់

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ​​ឆក់កាបូប ពីនារីម្នាក់ ដែលកំពុងតែជិះលើកង់បីឥណ្ឌា ​​ត្រូវម្ចាស់កាបូប​ឆក់មកវិញ បណ្តាលឲ្យដួលម៉ូតូ ត្រូវពលរដ្ឋ ស្វាគមន៍យ៉ាងចាស់ដៃ មុនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១យប់ ថ្ងៃ​ទី១១ ខែតុលា ​ឆ្នាំ២០១៨ ត្រង់ ចំណុចមុខផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក  ។

សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យ និងជនរងគ្រោះ ធ្វើដំណើរតាមបណ្តោយ ផ្លូវម៉ៅសេទុង ស្របទិសគ្នា ខណៈដល់ចំណុចកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពតែម្តង តែមិនបាន សម្រេច បណ្តាលឲ្យដួលម៉ូតូ ចំណែកម៉ូតូកង់បីឥណ្ឌាបានប្រឡប់ ។ ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ​ឈ្មោះ វណ្ណ  វិសាន់  អាយុ១៧ឆ្នាំ ជាសិស្ស សាលាវិទ្យាល័យទួលទំពូង ថ្នាក់ទី១០  រស់នៅភូមិឫស្សី  សង្កាត់ ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ ( ជាអ្នកឌុប ) ។  ជនសង្ស័យទី២មានឈ្មោះ សុខ  ណៃ អាយុ ១៧ឆ្នាំ  មុខរបរ សិស្សសាលា វិទ្យាល័យសាមគ្គីជាស៊ីម ថ្នាក់ទី១១ រស់នៅជិតផ្សារសំណង់១២  ស្រុកកំណើត នៅខេត្តមណ្ឌលគីរី  ( ជាអ្នកឆក់អង្គុយខាងក្រោយ ) ។ ពួកគេបានប្រើប្រាស់ ម៉ូតូធ្វើសកម្មភាព ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HE-1097 ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង យកទៅសួរនាំនៅប៉ុស្ដិ៍ រួមជាមួយ នារីរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យ ទៅតាមផ្លូវច្បាប់ ៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top