ព័ត៌មានជាតិ

មេសហជីព ៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ របស់ EU នឹងជះឥទ្ធិពលមកកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា បានបញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ទំនិញគ្រប់មុខ របស់សហភាពអឺរ៉ុប (EU) នឹងជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ដោយសារភាគច្រើន អ្នកវិនិយោគនៅកម្ពុជា វិនិយោគលើវិស័យកាត់ដេរ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លើកឡើងបែបនេះបន្ទាប់ពី EU នាពេលថ្មីៗនេះ បានប្រកាសថានឹងបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខរបស់កម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA)។

លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ថា “ការដកប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ទំនិញគ្រប់មុខ លើកលែងតែគ្រឿងសព្វាវុធ ចូលទីផ្សារសហគមន៍អឺរ៉ុប ខ្ញុំមើលឃើញថា វានឹងជះឥទ្ធិពលមកដល់ប្រទេសខ្មែរដែរ ដោយសារតែភាគច្រើនអ្នកវិនិយោគ ដែលមករកស៊ីនៅស្រុកខ្មែរ ពាក់ព័ន្ធទៅនឹងវិស័យ អាទិភាពរបស់យើង វិស័យកាត់ដេរ ស្បែកជើង”។

លោកបន្ដថា ប្រសិនបើ EU ដកមែននោះ នឹងជះឥទ្ធិពលដល់អ្នកវិនិយោគនៅកម្ពុជាទាំងអស់ ដូច្នេះ អ្នក វិនិយោគនឹងប្រឈមមុខការចំណាយបន្ថែម លើការវិនយោគរបស់ខ្លូន លើការបង់ពន្ធបន្ថែមទៀតផងដែរ។ លោកថា ប្រសិនបើពួកគាត់មិនអាចរ៉ាប់រង ក្នុងការបង់ពន្ធនោះទេ ពួកគាត់នឹងពិចារណា ក្នុងការដកខ្លួនចេញពីកម្ពុជា។

លោកបន្ថែមទៀតថា បញ្ហាទាំងនេះ ប្រសិនបើរាជរដ្ឋាភិបាលទប់ស្កាត់ ដើម្បីរិះរកមធ្យោបាយផ្សេងៗ តាមរយៈការបង់ពន្ធ ការបញ្ចុះតម្លៃ ទឹក ភ្លើង ដឹកជញ្ជូនផ្សេងៗ ក៏ចូលរួមចំណែក ក្នុងការសម្រួលដល់វិនិយោគនៅកម្ពុជា ដើម្បីឲ្យពួកគាត់បន្ដការងារបន្ថែមទៀត។

ជាមួយគ្នានេះដែរ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លើកឡើងទៀតថា អ្វីដែល EU ដកអនុគ្រោះពន្ធពីកម្ពុជានោះ ក៏ដោយសារតែ ស្ថានការណ៍នយោបាយផងដែរ ដូច្នេះបញ្ហាទាំងនេះ មានតែអ្នកនយោបាយមួយទេ ទើបដោះស្រាយបញ្ហាបាន។

ជាងនេះទៅទៀត លោក ប៉ាវ ស៊ីណា ក៏បានអំពាវនាវ ឲ្យអ្នកនយោបាយទាំងអស់ ត្រូវមានការចរចាគ្នាដើម្បីរក វិធីសាស្ដ្រ ចំពោះការដកអនុគ្រោះពន្ធដើម្បីផលប្រយោជន៍ជាតិទាំងមូល។

ក្នុងពិធីជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា “ខ្ញុំនិយាយហើយ និយាយទៀតកុំយកអធិបតេយ្យជាតិ ទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាម វិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំ ចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី”។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។

តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top