ព័ត៌មានជាតិ

ផលិតផលក្លែងក្លាយ ដែលពលរដ្ឋប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃជាង ៤០តោន ត្រូវនាយក​ដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដុតកម្ទេចចោល

ភ្នំពេញៈ​ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ និងមន្ត្រីកាំកុងត្រួលដោយមាន ការសម្របសម្រួលពីព្រះរាជ្ញារង នៃតុលាការដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចដុតបំផ្លាញចោល នូវផលិតផលក្លែងក្លាយ មានដូចជាស្ករត្នោត នំ និងគ្រឿងបរិភោគ និងឧបភោគមួយចំនួនទៀតជាង៤០តោន ក្រោយពីចាប់បានជាបន្តបន្ទាប់ ពីឈ្មួញទុច្ចរិតនាពេលកន្លងមក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងកម្ទេចចោល នូវផលិតផលក្លែងក្លាយទាំងនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ផលិតផលដែលក្រុមការងារបានធ្វើការ ដុតនេះគឺបានចាប់ពីឈ្មួញទុច្ចរិត នាពេលកន្លងមក ហើយឈ្មួញ និងម្ចាស់សិប្បកម្មទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

លោក ស៊ីន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គ នាយកកាំកុងត្រូលបានឲ្យដឹងថា ផលិតផលទាំងនេះ គឺក្លែងក្លាយទាំងអស់ ហើយអ្នកប្រើប្រាស់ និងបរិភោគនឹងមានផលប៉ះពាល់ខ្លាំង ដល់សុខភាពរបស់ពួកគេ។

យ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននោះ ឧត្តម សេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងទិញ របស់ប្រើប្រាស់និងបរិភោគត្រូវពិនិត្យ ឲ្យបានច្បាស់លាស់ ពីព្រោះមានឈ្មួញទុច្ចរិត និងអគតិ ជាច្រើនបានលួចផលិត និងលក់ខណៈអាជ្ញាធរ មិនទាន់ស្រាវជ្រាវរកឃើញនោះ។

ជាមួយគ្នានោះឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ក្រុមអាជីវករ ដែលទទួល ពីម្ចាស់ទីតាំងដែលលួចផលិតផល ក្លែងក្លាយទាំងនោះ ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការឈ្មួញទាំងនោះ ទៅតាមនីតិវិធីច្បាប់ផងដែរ៕

Facebook Comments

To Top