សន្តិសុខ និង សង្គម

បេក្ខជនបណ្ឌិត អ៊ុ វ៉ន ឡើងការពារប្រធានបទ វិធានការគតិយុត្ត ប្រឆាំងអំពើហិង្សា ក្នុងគ្រួសារ នៃសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា

ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវ បឋមនិក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត អ៊ុ វ៉ន ក្រោមប្រធានបទ “វិធានគតិយុត្តប្រឆាំងអំពើហិង្សាក្នុងគ្រួសារ“។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃ គម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ មាន១រូប ជាប្រធាន, មាន២រូប ជាសាស្ត្រាចារ្យវាយតម្លៃ, មាន១រូប ជាសមាជិក និងមាន១រូបទៀត ជាលេខាកត់ត្រា។ សាស្ត្រាចារ្យណែនាំមានចំនួន ២រូបៈ មាន១រូប ជាសាស្ត្រាចារ្យណែនាំគោល និង ១រូប ជាសាស្ត្រាចារ្យណែនាំរង។ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យ ក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យ សកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការ កសាងធនធានមនុស្សជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធាន មនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទី ផ្សារការងារ៕

Facebook Comments

To Top