ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវ ទេសចរជាង ១៦ម៉ឺននាក់

ភ្នំពេញ៖ លោក សេង សាលី ប្រធានមន្ទីរ ទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹង នៅថ្ងៃទី១១ តុលាថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី៩ ដល់១១ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិ ខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ។ នេះបើយោងតាម AKP ។

តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍បានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្ត កំពង់ឆ្នាំង សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មកទល់នឹងថ្ងៃទី១១ ខេត្ត ទទួលបានភ្ញៀវ ទេសចរ សរុប ១៦១.០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៧នាក់ ។ បើប្រៀបធៀប ទៅនឹងឆ្នាំង២០១៧ មានការកើនឡើងជាង ៥០ភាគរយ ដែល ក្នុងឆ្នាំ២០១៧ ខេត្តកំពង់ឆ្នាំងភ្ញៀវទេសចរបាន ចំនួនជាង ១០ម៉ឺននាក់។

ក្នុងនោះមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ មាន រមណីយដ្ឋាន ទំនប់ទ្វារទឹកស្ទឹងគង្គា, ទឹកធ្លាក់អន្លង់ស្វាយ, ទឹកធ្លាក់ ថ្មគ្រែ, ទឹក ធ្លាក់ ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស, ទំនប់២០ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ, ទំនប់ ទ្វារ ទឹកអាចាំង,តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និងមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ។

លោក បានមានប្រសាសន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព ពេញ ផ្ទៃប្រទេស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ បង្កើនជីវភាពគ្រួសារបានកាន់ តែប្រសើរ ហើយជានិច្ចកាលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ ខា ដា

Facebook Comments

To Top