អន្តរជាតិ

នៅសប្តាហ៍ក្រោយ កូរ៉េទាំងពីរ នឹងជួបប្រជុំ ក្នុងកម្រិតការងារ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា ក្រសួងបង្រួបបង្រួមរបស់ប្រទេស កូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានឯកភាពគ្នាថានឹងជួបប្រជុំគ្នាក្នុង កម្រិតការងារ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាទៅលើការអនុវត្តនៃការ ប្រកាសរបស់ក្រុងព្យុងយ៉ាង ដែលមេដឹកនាំ នៃប្រទេសទាំងពីរ បានចុះហត្ថលេខា នៅឯកិច្ចប្រជុំកំពូលរបស់ពួកគេ នៅឯក្រុងព្យុងយ៉ាង កាលពីខែមុន ។

ក្រុមប្រតិភូកូរ៉េខាងត្បូង នឹងដឹកនាំដោយលោក Cho Myoung-gyon រដ្ឋមន្ត្រីបង្រួមបង្រួម ។ កិច្ចពិភាក្សាកម្រិត ការងារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា នៅឯវិមានសន្តិភាព ដែលជាអគាររដ្ឋាភិបាលកូរ៉េខាងត្បូង នៅភូមិផ្អាកសង្គ្រាមប៉ាន់ម៉ុនជុម ។

នៅក្នុងអំឡុងពេល ជួបពិភាក្សាគ្នា ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពី មធ្យោបាយនានា ដើម្បីធ្វើការអនុវត្ត អំពីការប្រកាស របស់ក្រុងព្យុងយ៉ាង និងការកំណត់កាលវិភាគ ក្នុងការតាមដាន កម្រិតការងារនៃកិច្ចចចារគ្នា ។ ក្រសួងបង្រួបបង្រួមបានឲ្យដឹងដូច្នេះ ។

ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពន្លឿនលើការអនុវត្តនៃការ ប្រកាសប៉ាន់ម៉ុនជុម និងការប្រកាសនៅឯក្រុងព្យុងយ៉ាង ដើម្បីទទួលបាននូវទំនាក់ទំនង ដំបូងនៃអន្តរកូរ៉េ ក្នុងកម្រិតខ្ពស់ ទន្ទឹមនឹងនេះដែរ បន្តខិតខំយ៉ាងណាដើម្បីឲ្យទទួលបានសន្តិភាព និងវិបុលភាព នៅឧបទ្វីបកូរ៉េ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top