ព័ត៌មានជាតិ

ឃាត់ជនជាតិកូរ៉េ ចូលផ្ទះប៉ុនប៉ងគំរាមសម្លាប់ នាយកក្រុមហ៊ុន MTC

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពេលចូលលំនៅឋាន របស់បុរសជនជាតិកូរ៉េ ជានាយកក្រុមហ៊ុន វេប្រាក់-ដូរប្រាក់ ដោយប្រើកូនកាំបិត គំរាមប៉ុនប៉ងសម្លាប់ កាលវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៨នៅចំណុច(បុរីប៉េងហួត) ផ្ទះជួលលេខ០៣ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ Kim Dong KYU ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិកូរ៉េ មុខរបរ នាយកក្រុមហ៊ុន MTC (វេប្រាក់-ដូរប្រាក់) ស្នាក់នៅកន្លែងកើតហេតុ បានដាក់ពាក្យបណ្ដឹងគំរាមកំហែងថា នឹងសម្លាប់ និងរំលោភលើលំនៅស្ថាន អោយនគរបាលរដ្ឋបាលនិរោធ ដើម្បីស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យឈ្មោះ YOUN TACKHYOUN ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិកូរ៉េ ស្នាក់ ផ្ទះជួលលេខ០៩ ផ្លូវ M-០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនគរបាល បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ YOUN TACKHYOUN ត្រូវបានជនរងគ្រោះឈ្មោះ Kim Dong KYU បញ្ឈប់ការងារពីក្រុមហ៊ុនMTC (វេប្រាក់-ដូរប្រាក់) រយៈពេល០១ខែមកហើយ ដោយមូលហេតុជនសង្ស័យ បានកិបកេងប្រាក់ និងមានទំនាស់ ជាមួយអ្នកគ្រប់គ្រង់ក្រុមហ៊ុន និងធ្លាប់ទូរស័ព្ទទៅមិត្តភក្តិជនរងគ្រោះ នៅប្រទេសកូរ៉េនិយាយថា នឹងសម្លាប់ជនរងគ្រោះ។

លុះដល់ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៨ ម៉ោង១៩និង៥០ នាទី ជនរងគ្រោះ, ប្រពន្ធឈ្មោះ ហៀង ផល្លីកា និងបុគ្គលិកក្រុមហ៊ុន២នាក់ទៀត ចាក់សោរទ្វារផ្ទះពីក្នុង (ផ្ទះជួលលេខ០៣ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បុរីប៉េងហួត) នាំគ្នាទៅហូបបាយនៅខាងក្រៅ ពេលនោះជនសង្ស័យ បានទូរស័ព្ទមកជនរងគ្រោះ ដើម្បីសុំទោសរាល់កំហុសដែលមានពីមុនមក និងសុំចូលធ្វើការងារក្រុមហ៊ុនវិញ តែជនរងគ្រោះពុំទទួលទូរស័ព្ទជនសង្ស័យ ក៏ទូរស័ព្ទមកប្រពន្ធជនរងគ្រោះ តែប្រពន្ធជនរងគ្រោះប្រាប់ថា ជនរងគ្រោះមិនជួបទេ ជនសង្ស័យក៏ដើរមកផ្ទះជនរងគ្រោះ ឃើញចាក់សោរទ្វារផ្ទះពីក្នុង ជនសង្ស័យក៏ផ្លោះរបង ចូលទៅទាញទ្វារផ្ទះឲ្យរបើករក ជនរងគ្រោះមិន ឃើញ ដោយងងឹតពេក ជនសង្ស័យក៏យកកូនកាំបិតចិតបន្លែ របស់ជនរងគ្រោះដើរឡើងទៅជាន់ខាងលើ បើកបន្ទប់ទាំងអស់ មិនឃើញជនរងគ្រោះ ក៏ទុកកូនកាំបិតនៅលើពូក ក្នុងបន្ទប់បុគ្គលិកដេក រួចជនសង្ស័យ ក៏ចេញទៅក្រៅវិញ ពេលនោះជនរងគ្រោះ បានត្រឡប់ពីហូបបាយមកផ្ទះវិញ ឃើញផ្ទះមានសភាព ដូចបានរៀបរាប់ខាងលើ ប្រពន្ធជនរងគ្រោះ ក៏ទូរស័ព្ទទៅសួរនាំជនសង្ស័យ រួចជនសង្ស័យក៏បានសារភាព ប្រាប់រឿងហេតុទាំងអស់ ដូចបានរៀបរាប់ខាងលើ។

រហូតដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨ ម៉ោង១៥និង០០នាទី ប្រពន្ធជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យ ឲ្យមកជួបនៅហាងការហ្វេប្រោ ក្នុងបុរីប៉េង ហួត ផ្លូវ ជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចក៏នាំជនសង្ស័យ យកមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ក្រោយមកក៏សាកសួរនាំជនសង្ស័យរួច និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Facebook Comments

To Top