នយោបាយ

ការប្តេជ្ញា កសាងអាវុធ នុយក្លេអ៊ែរ ដើ​ម្បីតថ្លៃ ចរចា ជាមួយអាមេរិក របស់កូរ៉េខាងជើង

ជំនួបកំពូល៣ដង រវាងប្រមុខដឹកនាំកូរ៉េទាំងពីរ និងជំនួបកំពូលរវាង ប្រមុខដឹកនាំកូរ៉េខាងជើង ជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កន្លងមក យ៉ាងហោចណាស់ ក៏បានរុញច្រាន ស្រមោលសង្រ្គាម អោយចេញផុតពី ឧបទ្វីបកូរ៉េជាបណ្តើរៗ ដែលមុននេះឧបទ្វី​បកូរ៉េ ជាចំណុចដ៏ក្តៅមួយ ពោរ ពេញទៅដោយ ភាពអាប់អួរ អវិជ្ជមានបំផុត ។

កាលប្រវត្តិ និងដំណើរឆ្ពោះទៅកសាង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង

ពីវ៉ាស៊ីនតោន ទៅដល់តំបន់ភាគខាងកើត របស់កូរ៉េខាងជើង មានចម្ងាយប្រហែល១២៧០០គីឡូម៉ែត្រ ដែលក្នុងពេលនោះ កាំជ្រួច Hwasong-15 អាចបាញ់បានចម្ងាយ ១៣០០០គីឡូម៉ែត្រ! ដូច្នេះ ការ ព្រមាន ការគំរាមកំហែង របស់ក្រុងព្យុងយ៉ាង ក្នុងការវាយប្រហារមកលើ សហរដ្ឋអាមេរិក គឺជាលទ្ធភាពពិតប្រាកដ​មែន ! ។

មុនពេលដែលមានជំនួបកំពូលទាំងនេះ មតិសាធា​រ​ណៈអន្តរជាតិយ៉ាងច្រើន បានធ្វើការវិភាគ វាយតម្លៃអំពីវឌ្ឍនភាព ដ៏ឆាប់រហ័ស និងដ៏អស្ចារ្យ របស់កូរ៉េខាងជើង អំពីសមត្ថភាពក្នុងការ កសាងកាំជ្រួចអន្តរទ្វីប ក្បាលគ្រាប់បរិមាណូ អាវុធគីមី សង្រ្គាមព័ត៌មាន និងរួមទាំងរូបភាព សោកនាដកម្ម ពេលដែល​សង្រ្គាមកើតមានឡើង នៅលើឧបទ្វីបកូរ៉េនោះ ! ។

ការគំរាមកំហែងទៅវិញទៅមក អំពីអាវុធនុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងជើង ការពិតរូបភាពទាំងនេះ គ្រាន់តែជា​សង្រ្គាម ខួរក្បាល (War of Nerves) តែប៉ុណ្ណោះ ! ព្រោះកូរ៉េខាងជើងដឹងច្បាស់ថា ការផ្ទុះទៅជា​សង្គ្រាមបរិមាណូ ពុំងាយស្រួល ដូចជាការគិតឡើយ ​! ហើយកូរ៉េខាងជើង ក៏គ្មានបំណងពិតប្រាកដក្នុងការ​វាយប្រហារ មកលើសហរដ្ឋអាមេរិកផងដែរ ។

ដូច្នេះគោលដៅចម្បងរបស់កូរ៉េខាងជើង គឺបង្កើនកម្លាំងសម្ពាធជាអតិបរមា មកលើអាមេរិក ដោយបង្ខំអោយអាមេរិកទទួលស្គាល់ នូវការពិតមួយថា កូរ៉េខាងជើង​ មានអាវុធនុយក្លេអ៊ែរ មានក្បាលគ្រាប់បរិមាណូពិតប្រាកដ ដែលអាចបាញ់ចេញពីទឹកដីកូរ៉េ ទៅកាន់កន្លែងផ្សេងៗ លើទឹកដីអាមេរិក ដែលក្នុងនោះ ក៏មានអាវុធគីមីនិងមានជួរកងទ័ពមួយ ដែលអាចធ្វើសង្គ្រាមព័ត៌មានវិជ្ជាបាន ដូចអាមេរិកអីចឹងផងដែរ! ។

គោលដៅ ដើម្បីបង្កើនកម្លាំងសម្ពាធទាំងនេះ គឺដើម្បីជំរុញអោយអាមេរិក ប្តូរឥរិយាបទ និងជំហរនយោបាយ ​សម្របសម្រួល ចរចា ដើម្បីឈានទៅដល់ ការដកកងទ័ពចេញពីកូរ៉េខាងត្បូង ដែលនេះជាលក្ខខណ្ឌចម្បង និងតែមួយគត់របស់គ្រប់រជ្ជកាលគីម (Kim Dynasty) ដើម្បីកូរ៉េឆ្ពោះទៅកាន់មាគ៌ា ឯកភាពបង្រូ​ប បង្រួមទឹកដីបាន ! ។

គោលនយោបាយ ដែល Kim Jong Un បាននឹងកំពុងដើរ គឺគ្រាន់តែជា​ការបន្តដំណើររបស់ជីតា Kim Il Sung និងរបស់ឪពុក Kim Jong Il ដែលអ្នកទាំងពីរនេះ មានបំណងប្រាថ្នាដ៏ទទូច តែមួយគត់ គឺឆ្ពោះទៅកាន់ ប្រទេសកូរ៉េមួយឯកភាព បង្រូបបង្រួមជាតិឲ្យបាន! ។

ហើយដើម្បីសម្រេច នូវគោលបំណងនេះអោយបាន គឺដំបូងបង្អស់ សហរដ្ឋអាមេរិក ត្រូវតែដកទ័ព ចេញអោយអស់ ពីដែនដីកូរ៉េខាងត្បូង ក៏ប៉ុន្តែដើម្បីរុញអោយកងទ័ពអាមេរិក សម្រេចដកកងទ័ពខ្លួន ចេញពីកូរ៉េខាងត្បូងបាន មានតែវិធានការមួយគត់ គឺត្រូវមានអាវុធនុយក្លេអ៊ែរ! ។ ដូច្នេះដំណើរស្វែងរក ដើម្បីកសាងអាវុធនុយក្លេអ៊ែរនេះ របស់ជីតា រហូតដល់ឪពុក អស់រយៈកាល ជាង៦៧ឆ្នាំ(១៩៥០-២០១៧) ពុំបានជោគជ័យ! ត្រូវធ្លាក់មកលើកូនចៅ ទើប Kim Jong-Un មាន ភាពមុះមុត​ ក្នុងការធ្វើអោយបាន​នូវអាវុធប្រល័យលោកនេះដោយខ្លួននៅក្មេង! ម្យ៉ាងទៀត ដោយពុំ មានកូនត្រូវតពូជ ទើប Kim Jong un ជំរុញបេសកកម្មដ៏ពិសិដ្ឋនេះ អោយបានឆាប់បំផុត ក្នុងរជ្ជកាលរបស់ ខ្លួនពេលក្នុងអំណាច !​ ។

Kim Il-Sung និងការសម្រេច អោយមានអាវុធបរិមាណូ!៖

ឡើងកាន់អំណាចឆ្នាំ១៩៤៨​ភ្លាម លោក Kim Il-Sung បានគិតដល់ការឯកភាពបង្រូបបង្រួម ជាតិ តាមរយៈមធ្យោបាយយោធា ។ ទើបនៅខែមិថុនា ១៩៥០ លោក Kim Il-Sung សម្រេច​ បញ្ជូនកងទ័ពឆ្លងកាត់ខ្សែស្របទី៣៨ ដើម្បីវាយរំដោះ និងកាន់កាប់កូរ៉េខាងត្បូង ។

ចំពោះចិនវិញ ទើបតែរំដោះប្រទេសពីពួក Chieng Kai chek នៅឆ្នាំ១៩៤៩ តែដោយយុទ្ធសាស្ត្រ ត្រូវកសាងតំបន់ទ្រនាប់ (Buffer Zone) ទើបប្រធាន ម៉ៅ សម្រេច បញ្ជូនកងទ័ព​ប្រជាជនចិន ៣០ម៉ឺននាក់ មកជួយ កូរ៉េខាងជើង ដើម្បីវាយរំដោះកូរ៉េខាងត្បូង !

អាចនិយាយបាន​ជាស​ច្ចធម៌ បើពុំមានភាពដាច់ខាត របស់លោកឧត្តមសេនីយ៍ Douglas Mac Arthur ក្នុងការវាយបក គឺបំណងឯកភាពជាតិ បានសម្រេចក្នុងបណ្តាឆ្នាំ១៩៥០ របស់កូរ៉ខាងជើងមកម្ល៉េះ! ។

សង្រ្គាមភាតរភាព ស៊ីសាច់ហុតឈាម(១៩៥០-១៩៥៣)លើឧបទ្វី​បកូរ៉េ បាននាំមកនូវការបាត់បង់ យ៉ាងធំធេង​ទាំងចិន និងកូរ៉េខាងជើង ចុងក្រោយធ្វើអោយ Kim Il-Sung សម្រេចដកទ័ពវិល មកទីតាំងចាស់ លើទឹកដីកូរ៉េខាងជើងវិញ! ។

Kim Il-Sung បានមើលឃើញចាប់ពីពេលនោះ​មក មូលហេតុចម្បងដែលនាំឲ្យចាញ់ គឺដោយសារ ពេលនោះសហរដ្ឋអាមេរិកមានអាវុធបរិមាណូ ចំពោះកូរ៉េខាងជើងនិងចិនវិញ ឥតទាន់មានអាវុធ ធុននេះ! ទើបភាគីទាំងពីរនេះ សម្រេចទទួលយក នូវការស្នើឈប់បាញ់ទៅ! ។

ចាប់ពីពេលនោះមក រាល់ការគិត របស់លោក Kim Il-Sung គឺរាល់ការសម្រេចជាយុទ្ធសាស្ដ្រ ក្នុងការឆ្ពោះទៅកាន់ការឯកភាព បង្គ្រួមបង្រួមទឹកដី ត្រូវតែមានសន្លឹកបៀអាត់អាវុធនុយក្លែអ៊ែរ នៅលើតុចរចាអោយបាន! ។

យោងតាមឯកសារសម្ងាត់មួយបានឲ្យដឹងថា ប្រធានាធិបតី Dwight Eisenhower បន្ទាប់ពីជាប់ឆ្នោតភ្លាម (១៩៥២) បានធ្វើដំណើរសម្ងាត់ មកកាន់កូរ៉េខាងត្បួង ដើម្បីវាយតម្លៃសភាពការណ៍ជាក់ស្ដែង នៅទីកន្លែង កើតហេតុដោយផ្ទាល់! ។

Dwight Eisenhower ធ្លាប់ជាអគ្គមេបញ្ជាការកងទ័ព ដែលដឹកនាំកងទ័ពចំរុះជាតិ វាយចូល Normandy ប្រទេសបារាំង ក្នុងការរំដោះទ្វីបអ៊ឺរ៉ុបទាំងមូល ពីកម្លាំងហ្វាស្វីសអាលឺម៉ង់ ពេលនោះ បានសម្រេចថា មានតែការប្រើប្រាស់អាវុធបរិមាណ ដូចនៅ Hiroshima ទើបធ្វើឲ្យចិន និងកូរ៉េខាងជើង ដកទ័ពទៅវិញ! ហើយប្រហែលចិន និងកូរ៉េខាងជើង បានដឹងអំពីបំណងយុទ្ធសាស្ដ្រ របស់អាមេរិកយ៉ាងនេះទើបសំរេចដកទ័ពទៅវិញ!។

Kim Il-Sung ទៅពឹងពាក់ Mao Ze Tong ពេលឃើញសហរដ្ឋអាមេរិក បោះបង់ចោលវៀតណាម ខាង-ត្បួង និងការផ្គួលរំលំ របស់ព្រៃនគរ! ៖

មានអ្នកដឹងតិចតួចណាស់ ជុំវិញការដួលរំលំរបបនយោបាយរបស់វៀតណាម​ខាងត្បូង (ព្រៃនគ) ជាមួយនឹងការតាំងចិត្តខ្ពស់ ក្នុងការជំរុញការឯកភាពជាតិ របស់ Kim Il-Sung នាពេលនោះ! ទើបនៅពាក់កណ្ដាលខែមេសា១៩៧៥ ពេលដែលកងទ័ពវៀតណាមខាងជើង រុលមកដល់ Xuan Loc ឆ្ងាយពីព្រំដែនកម្ពុជា ប្រមាណ៧០គីឡូម៉ែត្រ សឹងដល់ទីក្រុងព្រៃនគរ គឺពេលនោះ លោក Kim Il-Sung បានប្រញាប់ប្រញាល់ទៅជួបភាគីចិន ដើម្បីសុំជំនួយ! ។

កងទ័ពអាមេរិក មានមុខនៅវៀតណាមខាងត្បួង ជាងកន្លះលាននាក់ តែចុងក្រោយ សម្រេចដកទ័ពចេញពីរៀតណាម! ។ ដូច្នេះបើធៀបទៅនឹងទ័ពអាមេរិក ប្រមាណ៥ម៉ឺននាក់ ដែលឈរជើងនៅ DMZ (Demilitarized Zone) ហេតុអ្វីក៏កូរ៉េខាងជើង ពុំអាចរុញអាមេរិក អោយចេញផុតពីឧបទ្វីបកូរ៉េ បាននោះ! ។

ឈរលើមូលដ្ឋានយុទ្ធសាស្ដ្រនេះ Kim Il-Sung បានសម្រេចអនុវត្តន៍ផែនការនេះ តាមរយៈអាវុធនុយក្លែអ៊ែរ ដូច្នេះនៅថ្ងៃទី១៨ មេសា ១៩៧៥ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោកប្រធាន Kim Il-Sung ធ្វើដំណើរទៅកាន់ក្រុងប៉េកាំង ដើម្បីជួបប្រជុំជាមួយ ភាគីចិន រួមមានតាំងការជួបជាមួយ លោក តេង សាវពេង ផង នៅមុនពេលមានជំនួប ជាមួយលោក ប្រធាន ម៉ៅ នោះ! ។

ដំណើរទស្សនកិច្ចលើកនេះ មានចរិកសំខាន់បំផុត សម្រាប់លោក Kim ព្រោះជាការធ្វើដំណើរ ទៅក្រៅប្រទេសដំបូងបង្អស់ ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់លោក ទៅកាន់សហភាពសូវៀត និងចិន នាឆ្នាំ១៩៦១ និងឥណ្ឌូនេស៊ី នាឆ្នាំ១៩៦៥ មក! ។

កិច្ចប្រជុំ Kim-Mao នេះ បានអូសបន្លាយក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃ១៩ ដល់ថ្ងៃទី២៣ និង២៦ មេសា ឆ្នាំ១៩៧៥ ដោយខ្លឹមសារជំនួបទាំងនេះ រហូតមកដល់ពេលនេះ គ្មាននណាម្នាក់បានដឹងឡើយ! ។

តែបើយោងតាមលោកសាស្រ្តចារ្យ Shen Zhihua ដែលបានសរសេរសៀវភៅ “The Last Heavenly Dynasty China and North Korea in the Age of Mao Ze Tong and Kim Il-Sung” ដោយលោកបានអះអាងថា កិច្ចប្រជុំកំពូលនេះ បានប្រព្តឹត្តទៅនៅពេលដែល វៀតណាមខាងត្បូង ត្រៀមធ្លាក់ទៅក្នុង កណ្ដាប់ដៃរបស់វៀតណាមខាងជើង ហើយកម្ពុជា ក៏បានធ្លាក់ទៅក្នុងដៃ របស់ពួកខ្មែរក្រហម! ជាសក្ខីកម្មមួយបញ្ជាក់ឲ្យឃើញថា កម្លាំងអាមេរិកកំពុងតែចាញ់ពួកកុម្មុយនីស្ត ដែលមានវៀតណាមខាងជើង ជាមេក្លោង! ។

ក្នុងជំនួបនេះ លោក Kim Il-Sung បានពន្យល់ភាគីចិន អំពីបំណងរបស់ខ្លួន ក្នុងការចង់ប្រើកម្លាំងបាយ ដើម្បីរំដោះ និងឯកភាពទឹកដីកូរ៉េ! ដូចអ្វីដែលវៀតណាមខាងជើង បានធ្វើមកលើដែនដីវៀតណាមខាងត្បូងអញ្ចឹង ! ។

មកដល់ចំណុចនេះ លោកប្រធាន Mao Ze Tong បានបដិសេធ! ដែលជាបច្ច័យមួយក្នុងការធ្វើអោយខកចិត្ត និងធ្វើឲ្យលោក Kim Il-Sung សម្រេចដើរតាមផ្លូវ ដែលខ្លួនបានជ្រើសរើស សម្រាប់ប្រទេសខ្លួន! កិច្ចចរចានេះ បានបញ្ជប់ទៅក្នុងបរិយាកាសមួយ គ្មានភាពស្និតស្នាលល្អប្រសើរ រវាងប្រមុខដឹកនាំទាំងពីរ ចិននិងកូរ៉េខាងជើង ចាប់ពីពេលនោះមក! ។

មូលបទចម្បង ដែលនាំអោយមានភាពសោកសៅនេះ ដោយពេលនោះ Mao បានសម្រេច ក្នុងការឆ្ពោះទៅស្រុះស្រួល និងសំរបតាមអាមេរិក បន្ទាប់ពីមានដំណើរទស្សនកិច្ចនៅប៉េកាំង របស់ប្រធានាធិបតី Richard Nixon (កុម្ភៈ ១៩៧២)ដូច្នោះ ធ្វើឲ្យ Mao សំរេចគេចជៀសនូវរាល់សំណើរនិងសំណូមពរ របស់ Kim Il-Sung ដែលបានលើកឡើង ។

តែបើយោងតាមកាសែត Mainichi Shimbun របស់ជប៉ុន លោក Kim Il-Sung មិនចង់ឲ្យមានសង្រ្គាមកូរ៉េ ជាលើកទី២ ក៏ប៉ុន្តែដោយគាត់បានអះអាងនៅក្នុងកិច្ចប្រជុំ ផ្ទៃក្នុងរបស់បក្សពលករកូរ៉េថា ចង់បានដំណោះស្រាយមួយ តាមរូបភាពប្រើកម្លាំងបាយ រំដោះកូរ៉េខាងត្បូង! ទើបពេលនោះ ធ្វើឲ្យគាត់មានការគិតគូរថ្លឹងថ្លែង ពេលដែលត្រូវលើកឡើង ជាមួយភាគីចិនយ៉ាងដូច្នោះ! ។

ក្នុងឆ្នាំ១៩៧៥ មានពាក្យចចាមអារាមយ៉ាងច្រើន ជុំវិញការប្រេះឆារវាងចិន និងកូរ៉េខាងជើង ដោយដឹងថាចិន បានបដិសេធ មិនជួយលោក គីម អ៊ីលស៊ុង ក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីឯកភាពទឹកដីកូរ៉េទាំងពីរ! ហើយកូរ៉េខាងជើងខ្លួនឯង ក៏ជឿជាក់ថាចិន និងមិនជួយខ្លួន ពេលដែលកូរ៉េខាងជើង ត្រូវការចិន ជួយផងដែរនោះ! ។

ការវិភាគទាំងនេះ ជុំវិញ លទ្ធផលកិច្ចប្រជុំកំពូលចិន កូរ៉េខាងជើង ដែលជាបច្ច័យមួយដ៏សំខាន់ ក្នុងការនាំឲ្យក្រុងព្យុងយ៉ាង សម្រេចដើរឆ្ងាយ ពីប៉េកាំងហើយដោះស្រាយបញ្ហាឯកភាពជាតិនេះដោយខ្លួនឯង! ទាំងអស់នេះហើយ គឺជាមូលបទចាប់ផ្តើម នូវកម្មវិធីផលិតបរិមាណូ ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ! ។

យោងតាមឯកសាររបស់វិទ្យាស្ថាន Wilson Center (២០១៥) ឲ្យដឹងថាកិច្ចប្រជុំកំពូលចិន កូរ៉េខាងជើង អាចសង្ខេបបាន ដូចខាងក្រោមនេះ ៖

ផ្អែកលើការវិវត្តន៍ថ្មីនៅឥណ្ឌូចិន គឺក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ភាគីកូវ៉េខាងជើង ចង់សហការជាមួយភាគីចិន លើគោលមាគ៌ានយោបាយសម្រាប់អនាគតរបស់ខ្លួន ក្នុងការបង្ខំឲ្យអាមេរិក បោះបង់ចោល នូវជំហរនយោបាយ ក្នុងការការពារកូរ៉េខាងត្បូង តែប៉ុណ្ណោះ! ។

ដូច្នេះហើយ ទើបពេលបង្ហាញមុខនៅប៉េកាំងភ្លាម លោក គីម អ៊ីលស៊ុង បានប្រកាសយ៉ាងម៉ឺងម៉ាត់ អំពីការ“រំដោះកូរ៉េខាងត្បូង” ដោយគាត់បានលើកឡើង នូវលក្ខខ័ណ្ឌបីយ៉ាងសំខាន់ ក្នុងការឯកភាពបង្រួបបង្រួមទឹកដី ដោយមិនត្រូវអោយមាន អនុភាពខាងក្រៅណាមួយ ធ្វើការជ្រៀតជ្រែក ចូលមកក្នុងកិច្ចការផ្ទៃក្នុង របស់កូរ៉េជាដាច់ខាត ដែលក្នុងនោះរួមមាន៖

-អាមេរិក ត្រូវដកកងទ័ព របស់ខ្លួនចេញអស់ពីកូរ៉េខាងត្បូង!

-បញ្ឈប់ នូវរាល់ការជ្រៀតជ្រែក ចូលមកក្នុងកិច្ចការ របស់កូរ៉េខាងត្បូង និងត្រូវលុបចោល នូវរបបនយោបាយ Park Chung-Hee នៅកូរ៉េខាងត្បូង ។

ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមទាំងនេះ ភាគីចិនប្រកាសថា គាំទ្រតែគោលនយោបាយ “ឯកភាពជាតិក្នុងសន្តិវិធី ដោយពុំមានការជ្រៀតជ្រែកណាមួយ ពីខាងក្រៅ”! ។

ការជំរុញរុករក លោហធាតុ Uranium របស់អ្នកកាន់អំណាចកូរ៉េខាងជើង៖

ដោយពុំមានការគាំទ្រពីចិន Kim Il-Sung បានចែកផ្លូវជាមួយក្រុងប៉េកាំង ហើយខិតជិតមករកសូវៀត ដោយមានការគាំទ្រពីសហភាពសូវៀត ពីចុងទស្សវត្សន៍ទី៧០ រហូតដល់ដើមទស្សវស្សដ៍ទី៨០ កូរ៉េខាងជើង បានចាប់រុករក លោហធាតុ Uranium នៅកន្លែងជាច្រើន នៅជិតតំបន់ Sun Chon និង Pyongsan! ហើយចាប់តាំងពីពេលនោះមក សកម្មភាពពិសោធន៍សាកល្បង និងការផលិតនុយក្លែអែល ចាប់មានចង្វាក់ខ្លាំងក្លាមិនឈប់ឈរឡើយ! ។

តែជាអកុសល លោកសេនាប្រមុខ Kim Il-Sung បានទទួលមរណភាព នៅថ្ងៃទី៨ កក្កដា ឆ្នាំ១៩៩៤ ក្រោយពីការកាន់អំណាចអស់រយៈកាល ៤៥ឆ្នាំមក ។

លោក Kim Jong-Il ឡើងកាន់អំណាចបន្តពីឪពុកនៅឆ្នាំ ១៩៩៤ ដោយបានប្រកាសថា និងបន្តគោលនយោបាយរបស់ឪពុក ក្នុងការឆ្ពោះទៅឯកភាពទឹកដី ។ ក្រោមការដឹកនាំរបស់ Kim Jong-Il កូរ៉េខាងជើង មានការវិវត្តន៍យ៉ាងខ្លាំង ក្នុងការផលិតអាវុធបរិមាណូ និងកាំជ្រួចអន្តរទ្វីប! ។ ដោយមិនសប្បាយចិត្តទៅនឹងសកម្មភាព នៃការផលិតអាវុធនុយក្លែអែលទាំងនេះ ទើបនៅថ្ងៃទី ២៩ មករា ២០០២ ប្រធានធិបតីអាមេរិក George W. Bush បានហៅកូរ៉េខាងជើងថា ជា“ក្រុមពួកបីសាច Axis of Evil” ។

វឌ្ឍនភាពលើវិស័យកសាងអាវុធបរិមាណូ ពិតមែនតែឥតទាន់បានសំរេច តែយ៉ាងហោចណាស់ ក៏បានលើកកម្ពស់ អត្ថិភាព និងជួយអោយកូរ៉េខាងជើង មានឧត្តមភាព ក្នុងការចរចារជាមួយអាមេរិក និងកូរ៉េខាងត្បូង! ។

នៅឆ្នាំ១៩៩៨ ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Kim Dae-Jung បានដាក់ចេញ នូវគោលនយោបាយ Sunshine Policy (ព្រះអាទិត្យរះ) ដែលគោលនយោបាយនេះ មានមុខងារជួយឧបត្ថម្ភគាំទ្រលើផ្នែកសេដ្ឋកិច្ច ដល់កូរ៉េខាងជើង ដើម្បីជួយជម្រុញដំណើរការឯកភាព បង្រួបបង្រួមជាតិកូរ៉េទាំងពីរអោយបានរលូ​នជាស្ថាពរ! ។

ឆ្នាំ២០០០ គឺជារបត់ប្រវត្តិសាស្ត្រមួយ ដែលលោក Kim Jong-Il ឯកភាពទទួលយកសំណើ របស់លោក Kim Dae-Jung ក្នុងការចង់ធ្វើដំណើរមកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីការឯកភាពជាតិនេះ! ។

ថ្ងៃទី១៣ មិថុនា ២០០០ លោក Kim Jong-Il បានចេញទៅទទួលលោក Kim Dae-Jung នៅឯវាលយន្តហោះដោយផ្ទាល់ ដែលបដិសណ្ឋារកិច្ចនេះជារូបភាពដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ ក្រោយពីសង្គ្រាម ឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០ ដែលប្រមុខដឹកនាំកូរ៉េទាំងពីរ ជួបចាប់ដៃគ្នា ក្នុងភាពជាបងប្អូននោះ! ។

កិច្ចប្រជុំ Kim Jong-Il និង Kim Dae-Jung បានប្រព្រឹត្តិទៅក្នុងយៈពេល ៣ថ្ងៃ ពោរពេញទៅដោយភាពកក់ក្តៅ ហើយដែលពិភលោក ក៏ចាប់ផ្តើមឃើញពន្លឺសន្តិភាពលើឧបទ្វីបកូរ៉េ ! ហើយក្នុងឆ្នាំដដែលនេះ លោក Kim Dae-Jung ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបានរង្វាន់ Nobel ខាងសន្ថិភាព ។

បន្ទាប់មក នៅឆ្នាំ២០០៧ ក៏មានជំនួបកំពូលលើកទី២ ពីថ្ងៃទី ២-៤ តុលា ២០០៧ រវាងប្រធានាធិបតីកូរ៉េខាងត្បូង Roh Moo-Hyun ជាមួយនិងលោក Kim Jong-Il ផងដែរ ។ ក៏ប៉ុន្តែ ដំណើរការឯកភាពជាតិកូរ៉េ បានរសាត់រលំរលាយទៅ ដោយមានឧបទ្ទវហេតុ នាឆ្នាំ២០១០ ដែលពេលនោះ ក្រុងព្យុងយ៉ាង បានបាញ់នាវាចម្បាំងរបស់កូរ៉េខាងត្បូងលិច ធ្វើឲ្យក្រុមនាវិក ៤៦នាក់ ស្លាប់ (មីនា២០១០) និងមានការបាញ់ផ្លោង ចូលមកប្រជុំកោះមួយរបស់កូរ៉េខាងត្បូង ជិតទៅតំបន់ DMZ ធ្វើឲ្យមនុស្ស ៤នាក់ស្លាប់ ទាហាន ១៥នាក់ និងប្រជាជន ៣នាក់ រងរបួស (វិឆ្ឆិកា២០១០) ។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានកាត់ផ្តាច់ នូវរាល់ជំនួយ និងទំនាក់ទំនង រួមទាំងការលក់ដូររកស៊ីជាមួយនិងកូរ៉េខាងជើង បន្ទាប់មក ក៏មានវិធានការ យោធាយ៉ាងខ្លាំងក្លាទៅវិញទៅមកផងដែរ ។

ក្នុងស្ថានភាពតានតឹងយ៉ាងដូច្នេះ ស្រាប់តែ Kim Jong-Il ស្លាប់នៅថ្ងៃទី១៧ ធ្នូ ២០១១ ក្នុងភាពមួយមិនច្បាស់លាស់លើរថភ្លើង ។

ការឡើងកាន់អំណាចរបស់ Kim Jong-Un ៖

អាចនិយាយបានថា រជ្ឋកាល គីម (Kim Dynasty) អាចនិងត្រូវបានបញ្ជប់ ត្រឹមលោក Kim Jong-Un នេះ ។ ដូច្នេះហើយ ទើបគេឃើញ លោក Kim Jong-Un ចាប់ផ្តើមការងារនយោបាយរបស់ខ្លួនដំបូង ដោយបានបង្កើតឡើង នូវវិបត្តិកូរ៉េឆ្នាំ២០១៣ (Korea 2013 Crisis) នោះ! ។

របស់ដែលហៅថា វិបត្តិកូរ៉េ ២០១៣!៖

កំរិតនៃវិបត្តិនេះ បានធ្វើអោយសហរដ្ឋអាមេរិក មានការប្រតិកម្មយ៉ាងខ្លាំងក្លាដោយ៖

-នៅថ្ងៃទី២៤ មករា កូរ៉េខាងជើងបានប្រកាសថា ខ្លួនមានអាវុធនុយក្លេអ៊ែរ បែបថ្មី ហើយបានបាញ់សាកល្បង ដោយកាំជ្រួចរយៈឆ្ងាយ ដែលយកអាមេរិក ជាគោលដៅវាយប្រហារ! ។

-នៅថ្ងៃទី៨ មីនា កូរ៉េខាងជើង បញ្ចប់នូវរាល់សន្ធិសញ្ញាសន្តិភាព ជាមួយកូរ៉េខាងត្បូង ព្រមទាំង បានប្រកាសបិទច្រកព្រំដែន Panmumjom ។ ក្រៅពីនេះ ឧត្តមសេនីយទាំងអស់របស់កូរ៉េខាងជើង បានអះអាងថា ខ្លួនបាននិងកំពុងតំរងទិស នៃកាំជ្រួចអន្តរទ្វីបទាំងឡាយ ទៅកាន់ទឹកដីអាមេរិក ដើម្បីជាការសងសឹក ចំពោះផែនការ ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ មកលើកូរ៉េខាងជើង! ។

-សហរដ្ឋអាមេរិក បានប្រត្តិកម្មយ៉ាងខ្លាំងចំពោះអំពើដ៏កំរោលរបស់កូរ៉េខាងជើង ដោយអាមេរិក បានប្រើប្រាស់ នូវយន្តហោះគ្រប់ធុន ដូចជា B-52, Stealth B-2A, B-1b Lancerbombers ហើយដែលសំខាន់ជាងនេះ គឺបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (North America Aerospace Defense Command) ដែលមានទីតាំងស្ថិតនៅខាងក្រោមរូងភ្នំ Nevada បានប្រកាសភាពអាសន្ន និងត្រៀមខ្លួនប្រយុទ្ធការពារខ្ពស់! ។

ដំណើរការវិវត្តន៍ របស់វិបត្តិនេះ និងទៅយ៉ាងណានោះ!

ឧបទ្ទវហេតុពីរនៃវិបត្តិធំ ក្នុងអតីតកាល ឆ្នាំ២០១០ និង២០១៣ ធ្វើឲ្យអ្នកវិភាគនយោបាយ អាចព្យាករណ៍បានថា គោលបំណងចម្បង របស់ Kim Jong-Un មិនខុសអីទៅនឹងឪពុក (២០១០) និងជីតារបស់គាត់ (១៩៩៤) គឺដើម្បីបង្កើនកម្លាំងសម្ពាធ មកលើសហរដ្ឋអាមេរិក អោយត្រូវតែធ្វើការចរចារ និងដកកងទ័ពអាមេរិក ចេញឲ្យអស់ពីកូរ៉េខាងត្បូង! ។

សម្ពាធរបស់ Kim Jong-Un មកលើអាមេរិក ក៏បានធ្វើអោយអាមេរិក មានការលំបាកក្នុងការសំរេច និងការបដិសេធ ក្នុងការមិនចរចារ! ព្រោះបើអាមេរិក ប្រើប្រាស់នូវវិធានការយោធា ដែលទោះបីជាក្នុងកំរិតតូចក៏ដោយ ក៏សហរដ្ឋអាមេរិក ត្រូវជួបប្រទះ ទៅនឹងឧបសគ្គ ៤យ៉ាង ដូចជា៖

-អាយុជីវិត នៃកងពលធំ ដែលឈរជើងនៅក្នុងតំបន់ DMZ

-ប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់ ដែលរស់នៅក្នុងទីក្រុង Seoul ឆ្ងាយពីតំបន់ DMZ តែប្រមាណ ៣៥ Miles ។

-នាវាទាំងឡាយដែលស្ថិតនៅក្បែរតំបន់សមុទ្រលឿង និងភាពហានិភ័យខ្ពស់ ចំពោះប្រជាពលរដ្ឋជប៉ុន ដែលរស់នៅតាមឆ្នេរសមុទ្រ។

-គ្រោះថ្នាក់មួយទៀត គឺសង្គ្រាមនេះ និងប្រែក្លាយទៅជាសង្គ្រាមឧបទ្វីបកូរ៉េទី២ តែលើកនេះ អាចក្លាយទៅជា សង្គ្រាមនុយក្លេអ៊ែរកូរ៉េតែម្តង! ។

ក្នុងស្ថានការអយៈតនៈភាពមួយ ដ៏គ្រោះថ្នាក់យ៉ាងនេះហើយ ទើបនៅថ្ងៃទី១៣ ធ្នូ ២០១៧ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថាអាមេរិកត្រៀមខ្លួន ជួបចរចារ ទោះបីក្នុងកាលៈទេសៈណាមួយ ដោយពុំមានលក្ខខ័ណ្ឌអ្វីទាំងអស់!

ក្នុងការគ្រោងជួបចរចារ អាមេរិក ចង់ពឹងរុស្ស៊ី ជាអាជ្ញាកណ្តាល ដោយរុស្ស៊ី បានជួយ កូរ៉េខាងជើង ក្នុងការកសាងអាវុធនុយក្លេអ៊ែរ! ចំពោះកូរ៉េខាងត្បូង ចង់ពឹងចិន ជាអាជ្ញាកណ្តាល ដោយចិន នៅមានឥទ្ធិពលខ្លាំង មកលើក្រុងព្យុងយ៉ាង! ។

អាចមានឧបសគ្គខ្លះ ព្រោះទាំងចិននិងរុស្ស៊ី សុទ្ធតែបានទាមទារ អោយកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ព្រមទាំងដកប្រព័ន្ធការពារអាមេរិក THAAD ចេញពីដែនដីកូរ៉េខាងត្បូងជាកំហិត! ។

ការសម្របសម្រួល ត្រូវឈរទៅលើមូលដ្ឋានណាមួយ?​៖

កូរ៉េខាងជើង នៅតែទាមទាឲ្យមានការចុះហត្ថលេខា លើសន្ធិសញ្ញាសន្ថិភាព Peace Treaty ដើម្បីជំនួសឲ្យសន្ធិសញ្ញាយុទ្ធសន្តិភាព Armistice Treaty ឆ្នាំ១៩៥៣ ហើយខ្លឹមសារ នៅក្នុងសន្ធិសញ្ញានេះ កូរ៉េខាងជើង នៅតែប្រកាន់យកគោលការណ៍៖

-កងទ័ពអាមេរិក ត្រូវដកចេញផុតពីតំបន់ DMZ និងដកចេញអស់ ពីដែនដីកូរ៉េខាងត្បូង

-បញ្ឈប់ ជាស្ថាព័រ នូវរាល់ការជ្រៀតជ្រែកចូលមកកិច្ចការផ្ទៃក្នុង របស់កូរ៉េខាងត្បូង

-រដ្ឋបាល ធរមាន របស់កូរ៉េខាងត្បូង ត្រូវរំសាយ ដើម្បីដោះស្រាយបញ្ហា សន្តិភាព

+ក្នុងប្រការទីមួយ និងទីពីរ មានសារៈសំខាន់ តែចំពោះប្រកាទីបី អាចលុបចោល ដោយវាលែងមានភាពសមស្រប ទៅនិងបច្ចុប្បន្នភាពទៀត! ។

ក្នុងករណី ដែលអាមេរិកមានការឯកភាព គឺភាគីទាំងពីរ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង អាចចរចាគ្នា ដោយមានការឯកភាព លើដំណោះស្រាយ “៣ដំណាក់កាល” ដែលភាគី ទាំងពីរបានឯកភាពគ្នា នាបណ្តាឆ្នាំ២០០០ រួមមាន៖

-ដំណាក់កាលទី១ បង្កើនកិច្ចសហការឆ្លងតាមរយៈអង្គការអន្តរកូរ៉េ ដែលក្នុងពេលនោះ ភាគីទាំងពីរ បន្តរក្សាប្រព័ន្ធ នយោបាយរបស់ខ្លួនដដែល ។

-តំណាក់កាលទី២ ការឯកភាពជាតិ បង្រួបបង្រួមទឹកដី ដោយមានរដ្ឋអំណាច ស្វយ័តពីរ លើតំបន់ពីរ និង……

-តំណាក់កាលទី៣ រួមគ្នា បង្កើតរដ្ឋាភិបាលកណ្តាលមួយ ។

តើសហរដ្ឋអាមេរិក ឯកភាពទទួលយកសំណើ ដកទ័ពខ្លួនចេញពីឧបទ្វីបកូរ៉េដែរឬអត់?

ចំណុចសំខាន់ ដែលកូរ៉េខាងជើង ទាមទារខ្ពស់ជាងគេបំផុតនោះ គឺសហរដ្ឋអាមេរិក ត្រូវដកកងទ័ពចេញពីកូរ៉េ! តែសួរថា សហរដ្ឋអាមេរិក ឯកភាពដែរឬអត់?! អាចជាប្រការមួយដ៏លំបាក ដោយអាមេរិក មានមូលហេតុរឹងមាំ ក្នុងការឈរជើងនៅតំបន់ DMZ នេះ ។

តែយ៉ាងណានោះ នៅក្នុងទិដ្ឋភាពមួយ នាបច្ចុប្បន្ននេះ ដោយមានបច្ច័យក្នុងកំរិត នៃដំណោះស្រាយយោធា ទើបអាមេរិក អាចលើកសំណើរមួយ មានចរិតកណ្តាល ក្នុងករណីបើកូរ៉េខាងជើងឯកភាព បោះបង់ចោល នូវកម្មវិធីនុយក្លេអ៊ែរនោះ! គឺសហរដ្ឋអាមេរិក អាចនឹងដាក់ចេញនូវ Road Map មួយ ដោយមានលក្ខខ័ណ្ឌត្រួតពិនិត្យច្បាស់លាស់មួយ ។

លទ្ធភាព ដែលសហរដ្ឋអាមេរិក ឯកភាពអាច៖

-លុបបំបាត់ចោល ការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើងទាំងស្រុង

-ផ្អាកការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ជាបណ្តោះអាសន្ន ដើម្បីរងចាំមើលឥរិយាបទ របស់កូរ៉េខាងជើង មានការវិវត្តន៍យ៉ាងម៉េច ក្រោយពីមានកិច្ចព្រមព្រៀង

-បន្តការផ្តល់ជំនួយសេដ្ឋកិច្ច ទៅអោយកូរ៉េខាងជើង។

សង្គ្រាម និងសន្តិភាព

ភាពដែលលំបាកបំផុតនោះ គឺក្នុងរយៈពេលរងចាំអោយមានដំណោះស្រយចុងក្រោយ នៅតែមានគ្រោះហានិភ័យដដែល! ព្រោះបើគិតខុសក្នុងយុទ្ធសាស្ត្រ ដូចដែលអធិរាជ Hirohito បានធ្វើការគិតខុសដោយព្រះអង្គ បានសំរេចវាយប្រហារមកលើ Pearl Harbour នៅឆ្នាំ១៩៤១ នាំដល់ប្រទេសជប៉ុនចាញ់សង្គ្រាម ឬអគ្គលេខាបក្សកុម្មុយនីស្តសូវៀត Nikita Khrushchev គិតខុស ក្នុងការយកកាំជ្រួច ទៅដាក់ក្នុងប្រទេសគុយបា ឆ្នាំ១៩៦២ នាំដល់ការអាម៉ាស់ និងចាញ់ប្រៀបចំពោះអាមេរិក ក៏ដូចជាដើម្បីបង្កើនសកម្មភាពយោធា និងបង្កើនវត្តមានកងទ័ពរបស់អាមេរិក នៅវៀតណាមខាងត្បូង សហរដ្ឋអាមេរិក បានបង្កើតអោយមានឧបទវហេតុ ឈូងសមុទ្រតុងគាំង នៅថ្ងៃទី ៤សីហា ១៩៦៤ នាំដល់ការស្លាប់ កងទ័ពអាមេរិក៥ម៉ឺននាក់ នៅវៀតណាមខាងត្បូង! ។

ជឿជាក់ថាសង្គ្រាមលោកលើកទី៣ និងមិនកើតឡើងលើឧបទ្វីបកូរ៉េ ដោយកូរ៉េទាំងពីរ តម្កល់ផលប្រយោជន៍ជាតិខ្ពស់ ជាងអ្វីៗទាំងអស់ ៕

ស្រាវជ្រាវដោយ ហើស សិរីធន អតីតឯកអគ្គរាជទូត ហ្វីលីពីន និងឡាវ

 

Facebook Comments

To Top