ព័ត៌មានជាតិ

អភិបាលរាជធានី ចុះពិនិត្យហេដ្ឋារចនាសម្ព័ន ជុំវិញបរិវេណ វិមានឈ្នះឈ្នះ ក្នុងការត្រៀមទុកជាមុន នៅថ្ងៃសម្ពោធខាងមុខ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ​ទីតាំងជុំវិញបរិវេណ វិមានឈ្នះឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីត្រៀម និងរៀបចំទៅលើហេដ្ឋារចនាសម្ព័ន ក៏ដូចជាកំណត់ ឲ្យមន្ទីរសុខាភិបាល ត្រូវត្រៀមរថយន្តសង្គ្រោះបន្ទាន់ ចំនួន២០គ្រឿង និងត្រូវរៀបចំទីតាំង សម្រាប់សង្គ្រោះបន្ទាន់២កន្លែង ព្រមទាំងឈូសឆាយព្រៃត្រែង កាយទឹកបង្ហូដាក់លូ ដើម្បីត្រៀមលក្ខណៈ សម្រាប់ថ្ងៃសម្ពោធ វិមានឈ្នះឈ្នះ ដែលសម្តេចតេជោ ជាអធិបតី ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បា​នចុះពិនិត្យទៅលើ ហេដ្ឋារចនាសម្ព័ន្ធនានា ជុំវិញបរិវេណវិមានឈ្នះឈ្នះ ដូចជាការតុបតែងលម្អ ការដាក់ភ្លើងបំភ្លឺ តាមដងផ្លូវ ក៏ដូចជាទីតាំងវិមានឈ្នះឈ្នះ ដើម្បីបន្ថែមឲ្យ​មានសោភ័ណ្ឌភាព​ និងបានកំណត់ឲ្យមន្ទីរសុខាភិបាល ដាក់រថយន្តសង្គ្រោះបន្ទាន់ ចំនួន២០គ្រឿង និងត្រូវរៀបចំទីតាំងសម្រាប់ សង្គ្រោះបន្ទាន់ដើម្បីបង្ការ និងដោះស្រាយភ្លាមៗចំពោះបញ្ហាផ្សេងៗ ដែលអាចកើតមានឡើង ក្នុងថ្ងៃសម្ពោធផងដែរ ។ ក្នុងនោះលោកអភិបាល ក៏បានសម្រេចធ្វើការ ឈូសឆាយព្រៃត្រែង ដែលនៅជុំវិញវិមានឈ្នះឈ្នះ អោយអស់ និងរៀបចំ ដោះស្រាយបញ្ហាទឹកដក់ នៅក្រោយវិមានឈ្នះឈ្នះ និងនៅខាងលិចវិមាន ដែលត្រូវធ្វើការរំដោះទឹកចេញ ដោយកាយដាក់លូបង្ហូ អោយចូលទៅក្នុងទន្លេសាប ។

លោក អភិបាលបានរាជធានី ឲ្យដឹងថា ការរៀបចំដូច្នេះ គឺដើម្បីជាសោភ័ណ្ឌភាព និងមានភាពងាយស្រួល ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ ។

លោកបញ្ជាក់ថា ក្រៅពីការងាររៀបចំ សណ្តាប់ធ្នាប់សាធារណៈ សាលារាជធានី នឹងរៀបចំតុបតែងតាំងភ្លើងអគ្គិសនីបំភ្លឺ នៅតាមដងផ្លូវ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកអោយប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាព​ ជូនប្រទេសកម្ពុជា និងមានការរីចំរើន លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ ។

ជាមួយគ្នានោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា ខាងមន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺ តាមដើមច័ន្ទគីរីទាំងអស់​ នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូ ចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក “ជាវិថីវិមានឈ្នះឈ្នះ” ដាក់នៅដើមផ្លូវ។ លោកបន្តថា ចំពោះការងារនេះ គឺខាងមន្ទីរសាធារណៈការ​ បានធ្វើរួចរាលខ្លះមកហើយ ដូចជាការដាក់លូជាដើម ។

គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះ ចាប់ផ្តើមសាងសង់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមាន ចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top