ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញចូលរួមវេទិកា ជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម ក្នុងវេទិកា នៃជំនួបកំពូល របស់ថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ “ការសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល” ដែលជំនួបកំពូលនេះត្រូវបានធ្វើឡើង នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានទាំងអស់ បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះទាក់ទង ទៅនឹងប្រធានបទខាងលើ ហើយក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ចូលរួមចែករំលែកនូវទស្សនវិស័យ ដែលមានសារៈ សំខាន់ ចំពោះអនាគតប្រទេសយើង​ ទាំងអស់គ្នា ជាពិសេសសម្រាប់ សហគមន៍អាស៊ានទាំមូល។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អាស៊ានគឺជាតំបន់មួយ ដែលមានការរីកចំរើនឆាប់រហ័ស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាសេដ្ឋកិច្ចធំបំផុត ទី៦លើពិភពលោក ជាមួយនឹង ប្រជាជនប្រមាណជា ៦៤០លាននាក់ និងជាកម្លាំងដ៏សំខាន់ មួយសម្រាប់ ពាណិជ្ជកម្ម និងកំណើនពិភពលោក។

សម្ដេចបន្តថា ទស្សនៈវិស័យអនាគតអាស៊ាន មានភាពល្អប្រសើរដោយយើង បានកំណត់ថានឹងសម្រេចឲ្យបានកំណើនលើសពី ៥%ក្នុងឆ្នាំនេះ នឹងលើសពី៥% នៅឆ្នាំក្រោយ និងក្នុងរយៈពេលមធ្យម ខាងមុខ។ ជាការពិតនៅក្នុងនេះ ក៏មានប្រទេសមួយចំនួនសម្រេចបាន នូវកំណើនខ្ពស់លើសកំរិតមធ្យមដែលរួម បញ្ចូលប្រទេសកម្ពុជា ផងដែល កំពុងមានកំណើនលើសពី ៧ %ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ានសម្រេចបាន នូវវឌ្ឍនភាពប្រកបដោយលទ្ធផលផ្នែកសង្គម ជាពិសេសលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការកាត់បន្ថយភាព ក្រីក្រក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវវិធានការសំខាន់ៗនៃការអភិវឌ្ឍមនុស្ស សំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេផងដែរ។

សម្ដេចបន្តទៀតថា “បច្ចុប្បន្នសាកលលោកកំពុង វិវឌ្ឍទៅរកក្របខ័ណ្ឌពហុប៉ូលថ្មី ការបម្រែបម្រួលកម្លាំង និងតុល្យភាពព្រម ទាំងកំពុងប្រឈម នឹងបញ្ហានានាពាក់ព័ន្ធនឹងភូមិសាស្ត្រ នយោបាយ ភេរវកម្ម និងអំពើហិង្សា ក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជា ក្នុងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក ដោយសារតែនយោបាយគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការរំលោភលើប្រព័ន្ធ ពហុភាគីនិយម និងភាពងាយរងគ្រោះ​ក្នុងវិស័យហិរញ្ញវត្ថុសកលនិងតំបន់។ ជាងនេះទៅទៀតអាស៊ានក៏ប្រឈម នឹងបញ្ហាជាក់ស្ដែងរបស់ខ្លួនមួយ ចំនួនផងដែរ ដូចជាកំណើន នៃភាពចាស់ជរា និងការថយចុះកម្លាំងពលកម្ម គម្លាតជំនាញក្នុងសម័យ បដិវត្តន៍ឧស្សាហកម្ម 4.0 គម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក និងការបែងចែកផ្លែផ្កាកំណើនប្រកបដោយសមធម៌ ព្រមទាំងបញ្ហានិរន្តភាពនៃការប្រើប្រាស់ធនធានធម្មជាតិ”។

សម្ដេចបន្ថែមថា ក្នុងបរិការណ៍នេះ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូដែលមានស្រាប់ ស្ដារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្ម សកលផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់ លើគ្រប់វិស័យដើម្បីពង្រឹង ភាពធន់របស់ អាស៊ានទៅនឹង ការវិវត្តន៍ស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមដូច្នេះយើងត្រូវធានាឱ្យបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គាំពារកំណើន ប្រកបដោយបរិយាប័ន្ន។

សម្តេចតេជោ ថា ជាងពីរទសវត្សរ៍មកនេះកម្ពុជា សម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ជាមួយនឹងការធានាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រឹងមាំ ជាពិសេសកម្ពុជា ត្រូវបានទទួលស្គាល់ថាជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសឯកទគ្គៈ ពាក់កណ្តាលនៃ កំណើនសេដ្ឋកិច្ចពិភពលោក។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាបកាលពីពេលថ្មីៗកន្លងទៅនេះ ហើយមូលដ្ឋានកំណើនកាន់តែ មានជីវិតកាន់ច្រើនឡើង ភាពក្រីក្រក៏ត្រូវបានកាត់ បន្ថយមកត្រឹម១០%ភាគរយ និងគម្លាតចំណូលក្នុងចំណោម ប្រជាជនត្រូវបានរក្សាក្នុងកម្រិតទាប តាមរយៈបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជន។ ជាងនេះទៅទៀតកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅសូចនាករ ផ្នែកសង្គមសំខាន់ៗ ទាំងក្នុងវិស័យអប់រំ និងសុខាភិបាល។

សម្ដេចបញ្ជាក់ថា ផ្នែកលើសមិទ្ធផលដែល សម្រេចបានកន្លងមក គឺរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាជនជាម្ចាស់ឆ្នោត ក៏ដូចជាដើម្បីកសាងមូលដ្ឋានគ្រឹះបន្ថែមសម្រាប់ ធានានាំឲ្យកម្ពុជា ឈានឆ្ពោះទៅរកសម្រេចបាន នូវឋានៈជា ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ។ ក្នុងគោលដៅនេះ កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ បង្កើតឱកាសការងារសម្រាប់ យុវជន លើកកម្ពស់ការទទួលបានសេវាសាធារណៈ សំខាន់ៗប្រកបដោយគុណភាពរួម ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, សេវាអប់រំ, សេវាសុខភាព និងសេវាមូលដ្ឋានចាំបាច់ផ្សេៗ ពិសេសធានាតុល្យភាពនិងកាត់បន្ថយគម្លាត រវាងទីក្រុងនិងជនបទ, បន្តខិតខំប្រឹងប្រែង និងពង្រីកការតភ្ជាប់ទាំងផ្នែកទន់ និងរឹងព្រមទាំងពន្លឿនសមារណកម្ម សេដ្ឋកិច្ចនៅក្នុងប្រទេស, ក្នុងតំបន់ និងសកលលោក។

នាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អទិភាពខ្ពស់ទៅលើការកែទម្រង់ដើម្បីជំរុញកំណើន ប្រកបដោយបរិយាប័ន្នទី១ តាមរយៈការពន្លឿនកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មរួមមានការកាត់ បន្ថយចំណាយថាមពល ការលើកកម្ពស់ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងការដោះស្រាយគម្លាតជំនាញ តាមរយៈការកែលម្អគុណភាព អប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយបង្កើនការវិនិយោគលើយុវជនដើម្បី ចាប់យកឱកាសពីឧត្តមភាពប្រជាសាស្រ្ត និងរក្សាបានកម្លាំងពលកម្មធៀប នឹងប្រជាជនទូទៅក្នុងកម្រិត៦៧% ដល់ឆ្នាំ ២០៣០ និងទី២ តាមរយៈជំរុញគោលនយោបាយសារពើពន្ធ ដើម្បីគាំទ្របរិយាប័ន្នឲ្យកាន់តែប្រសើរ ដោយផ្លាស់ប្ដូរទៅរកប្រភពអ្នកមានចំណូលកាន់តែខ្ពស់ ស្របគ្នាទៅនឹងរក្សាបាននូវលំអរថវិកាដើម្បី បង្កើនចំណាយទៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខភាព និងវិស័យអប់រំ។

សម្តេចតេជោគូសបបញ្ជាក់ថា” ដើម្បីចាប់យកសក្តានុពលពីការកើនឡើង នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ យើងកំពុងតែគិតគូរ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុបន្ថែម ព្រមទាំងបង្កើនផ្នែកហិរញ្ញវត្ថុ ដែលនឹងជួយពង្រឹង បរិយាប័ន្នហិរញ្ញវត្ថុខណ្ឌកម្ពុជា បាន និងកំពុងជំរុញនូវគោលដៅអភិវឌ្ឍន៍សកល មកជាគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃកម្ពុជា ដែលគ្រោងនឹង អនុម័តនៅដំណាច់ឆ្នាំ២០១៨នេះ។

លើសពីនេះទៅទៀត សម្តេចនឹងកែលម្អថែមទៀតនូវបរិយាកាសធុរកិច្ចតាមរយៈ ការអនុវត្តវិធានការមុតស្រួចសំដៅ សម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមនៃ ការធ្វើធុរកិច្ចសម្រួលការបង្កើត និងធ្វើធុរកិច្ច ព្រមទាំងបង្កើនការវិនិយោគ និងឥណទាន លើការអភិវឌ្ឍន៍ និងស្រាវជ្រាវដើម្បីគាំទ្រ ដល់ការបង្កើតការងារនិងជំរុញ កំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក៕

Facebook Comments

To Top