ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ជុំវិញករណី ការអនុគ្រោះពន្ធ គ្រប់មុខទំនិញ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពី ការអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសសួងការបរទេសកម្ពុជា ចុះកាលពីថ្ងៃទី១០ខែតុលា ដែលទើបនឹងចេញផ្សាយជាសាធារណៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុប បានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះ យ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី”។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា “រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាន នៃរបាយការណ៍ បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្ត ចំពោះកង្វះតម្លាភាព របស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារ នៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុប បានយកធ្វើជាមូលដ្ឋាននៃសេចក្តី សម្រេចចិត្តលំអៀងរបស់ខ្លួន”៕

Facebook Comments

To Top