ព័ត៌មានជាតិ

ព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍ អន្តរជាតិ កម្ពុជា ដ៏ធំប្រចាំ២០១៨ មានប្រទេស ជាង៨០ចូលរួម

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ បានប្រារពជាផ្លូវការ នៅសាលពិព័រណ៍ កោះពេជ្រ នាថ្ងៃទី១១ ខែតុលានេះ ក្រោមវត្តមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ ចំនួន៥០០ក្រុមហ៊ុន មានស្តង់១៧៣ស្តង់ មកពី ៨០ប្រទេស ជុំវិញពិភពលោក ក្នុងនោះមាន ស្ថាប័នទេសចរណ៍ជាតិ មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ី ប៉ាស៊ីហ្វិក ។

លោក បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធបើក ឆ្នាំ២០១៨ ពិធីបើកសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិ ២០១៨ “Cambodia Travel Mart 2018” ដ៏មហោឡារិកនេះថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីឆ្នាំ២០១៧ ធ្វើនៅខេត្តសៀមរាប ទទួលបានជោគជ័យ យ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨ នេះ កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់កើនឡើងរហូតដល់៥៥,៩% ធៀបទៅនឹងស្ដង់ឆ្នាំ ២០១៧។

នេះបានបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ CTM គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារសំខាន់ក្នុងការជម្រុញផ្សព្វផ្សាយ លក់កញ្ចប់ទស្សនៈកិច្ច ក៏ដូចជាការជួបជុំគ្នារវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍ ធ្វើការរួមគ្នាដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលើការធ្វើ ដំណើរទេសចរណ៍ ចែករំលែកបទពិសោធន៍នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែង រកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើន ខ្លាំងឡើងបន្ថែមទៀត។

លោក ថោង ខុនបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏បានបង្ហាញថា កម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ និងក្រៅពីការទស្សនា លំហែកម្សាន្ដ អាចជាគោលដៅ សម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ធំៗកំរិតអន្តរជាតិដូចជា MICE Event ជាក់ស្ដែងដូចជាព្រឹត្តិការណ៍ ពិព័រណ៍ CTM នាពេលនេះ។

គោលដៅទេសចរណ៍កម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនគួរជាទីមោទនៈ។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨%ដែលបាននាំមកចំណូលដោយផ្ទាល់ ៣,៦ពាន់លានដុល្លាអាមេរិកចាក់បញ្ចូលទៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ ១៣% នៃផលិតផលសរុបក្នុងស្រុក បង្កើតការងារដោយផ្ទាល់ចំនួន ៦២ម៉ឺននាក់ និងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣,៩ លាននាក់ កើន១១.៧%។ កម្ពុជាក៏រំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,២ លាននាក់ នៅឆ្នាំ២០១៨នេះ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥ ប្រមាណ ១០លាននាក់ និងឆ្នាំ២០៣០ ប្រមាណ១៥លាននាក់។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជានឹងត្រូវបាន ផ្សព្វផ្សាយកាន់តែទូលំទូលាយ លើទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ មកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀតនៅ ពេលខាងមុខ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់មាន ប្រសាសន៍ថា វិស័យទេសចរណ៍បាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបានជម្រុញ ឱ្យប្រជាជនជុំវិញផែនដី ផ្សាភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនា ចរណ៍ ដែលបង្កើតជាភាបស្និតស្នាល សាមគ្គីភាព និងស្វែងយល់ពីគ្នាទៅវិញ ទៅមក ពីវប្បធម៌ចម្រុះជាតោសាសន៍ជុំវិញ ពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិទេសចរណ៍ជាវិស័យអាទិភាព មួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយ​ ភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ វិស័យនេះក៏បានធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់ ជាមួយ បណ្តាប្រទេសនានា ក្នុងតំបន់ នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបាន ពានរង្វាន់ លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នអន្តរជាតិ ល្បីៗជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាជា មាសបៃតង បាននិងកំពុងបោះជំហានរីកចំរើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាល បានប្តេជ្ញាក្នុងការថែរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីនេះរាជរដ្ឋាភិបាល ក៏ប្តេជ្ញាចិត្ត បន្តអនុវត្តវិធានការ គន្លឹះសំខាន់ៗ មួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍ ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោត ខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍន៍ជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន បច្ចេកវិទ្យាទំនើប សម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍ សម្រាប់ បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយភាពវៃឆ្លាត៕

Facebook Comments

To Top