អន្តរជាតិ

ប៉ាគីស្ថានគ្រោងទិញយន្តហោះ គ្មានមនុស្សបើក ពីចិនជិត ៥០គ្រឿង ចំពេលអ្នកជិតខាងឥណ្ឌា ទិញប្រព័ន្ធការពារ S-400 ពីរុស្ស៊ី

បរទេស៖ ភ្លាមៗបន្ទាប់ពីឥណ្ឌាបានប្រកាសថា ខ្លួនកំពុងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីហើយនោះ នៅពេលនេះ ប្រទេសចិនបានប្រកាសថា ខ្លួននឹងលក់យន្តហោះគ្មាន មនុស្សបើកទំនើប ៗ បម្រើឲ្យវិស័យយោធាប្រភេទ Wing Loong IIចំនួន ៤៨គ្រឿងទៅប៉ាគីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែកតាមការចុះផ្សាយ របស់កាសែត The Global Times ដែលសរសេរថា ខណៈដែលតួលេខផ្លូវការនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញនោះ ប្រព័ន្ធផ្សព្វផ្សាយ របស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក UAV ច្រើនមុខទៅឱ្យមិត្ត ភក្តិយូរអង្វែងរបស់ខ្លួនគឺប៉ាគីស្ថាន។

Wing Loong II គឺជាយន្តហោះគ្មានអ្នក បើកបរហោះបានរយៈកម្ពស់មធ្យម ដែលត្រូវបានរចនាឡើង សម្រាប់បេសកកម្ម ឈ្លបយកការណ៍ និងឃ្លាំមើលពីលើដែនអាកាស។ ដោយបំពាក់ ដោយអាវុធជាច្រើន យន្តហោះគ្មាន មនុស្សបើក UAV មានសមត្ថភាព ធ្វើប្រតិបត្តិការប្រយុទ្ធ និងអាចត្រូវបានប្រើប្រាស់សម្រាប់កិច្ចការស៊ីវិល ដូចជាការវាយតម្លៃគ្រោះ មហន្តរាយប្រតិបត្តិការ ឧតុនិយម និងការការពារបរិស្ថាន៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top