ព័ត៌មានជាតិ

កម្មការិនី ២រូប ទទួលបានប្រាក់ឧបត្ថម្ភ ក្រោយការជួយ សម្របសម្រួល ពី ប.ស.ស

ប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តប៉ៃលិន បានចុះសម្របសម្រួលរៀបចំឯកសារ ជូនដល់កម្មការិនីសម្រាលកូនចំនួន ០២នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដែលមានឈ្មោះ ៖

១. ឈ្មោះ ជៀន ស៊ន បម្រើការងារ នៅក្រុមហ៊ុនវិចតូរីយ៉ាវ៉ាយអ៊ិន

២. ឈ្មោះ ញ៉ែត សុផាន្នី បម្រើការងារ នៅធនាគារអេស៊ីលីដាសាខាខេត្តប៉ៃលិន។ 

ការចុះសម្របសម្រួល រៀបចំឯកសារ ខាងលើនេះ គឺដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ ឱ្យកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖

– សម្រាលកូនមួយ ទទួលបាន ៤០០ ០០០រៀល

– សម្រាលកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០០ ០០០រៀល

– សម្រាលកូនភ្លោះ (បីនាក់) ទទួលបាន ១ ២០០ ០០០រៀល ជាង

នេះទៅទៀត អ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលបន្ថែមទៀត និងអត្ថប្រយោជន៍ផ្សេងៗ។ ជាច្រើនទៀតដែល បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ជូន។

គួរបញ្ជាក់ផងដែរថា ក្នុងការទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល កម្មការិនីដែលមានផ្ទៃពោះ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី/ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕

Facebook Comments

To Top