ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំង ចុះផ្ទាល់បោសសំអាត សំរាមតាមឆ្នេរសមុទ្រ

ភ្នំពេញ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំង ដោយមានការចូលរួម ពីរដ្ឋបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន មន្ទីរព័ត៌មាន កម្លាំងប្រដាប់អាវុធ និងបុគ្គលិកអនាម័យក្រុង ព្រមជាប្រជាពលរដ្ឋ ធ្វើការបោសសំអាតកំប្លោក ដែលរសាត់តាមរលកសមុទ្រ ពីប្រទេសវៀតណាម ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា មានសោភ័ណ្ឌភាព សម្រាប់ឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ រីករាយកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។

តាមរយៈការចូលរួមយ៉ាងសកម្ម ពីកម្លាំងមានសមត្ថកិច្ច ជាពិសេសអភិបាលខេត្ត និងក្រុងព្រះសីហនុ ឆ្នេរសមុទ្រដែលមានកំប្លោក និងសំរាម បង្កជាភាពកខ្វក់ បានប្រែក្លាយជាស្រស់ស្អាតឡើងវិញ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីករាយលេងកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលសកម្មភាពបោសសំអាតនេះ ត្រូវបានអភិបាលក្រុងព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវគោលការណ៍ ក្នុងការសម្អាតទីក្រុង​ ឲ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីមានការរិះគន់ និងវាយតម្លៃពីមជ្ឈដ្ឋានទូទៅ អំពីបរិស្ថានមិនល្អ ក្នុងក្រុងព្រះសីហនុ ដោយបានជម្រុញឲ្យក្រុមហ៊ុនប្រមូលសំរាម ព្យាយាមបន្តសកម្មភាព ទាំងយប់ទាំងថ្ងៃ ឲ្យទាន់សភាពការណ៍ នៃកំណើនសំរាម ក្នុងក្រុងពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាមួយនេះគ្នា តាមការឲ្យដឹងពីអាជីវក នៅក្រុងព្រះសីហនុ បានរៀបរាប់ថា នៅតាមឆ្នេរសមុទ្រ នៅក្នុងរដូវភ្ជុំបិណ្ឌប៉ុន្មានថ្ងៃមកនេះ មានភាពស្ងប់ស្ងាត់ ពុំសូវមានអ្នកទៅកម្សាន្ត នៅតាមឆ្នេរនោះទេ ខណៈទូកទេសចរណ៍ ក៏ពុំមានអ្នកជួលជិះលេងកម្សាន្តផងដែរ ដែលនេះជាលើកទី១ហើយ ដែលមានលក្ខណៈស្ងាត់ ផ្ទុយពីពេលកន្លងទៅ ឲ្យតែមានបុណ្យជាតិ តែងតែមានមនុស្សមកកម្សាន្តច្រើន ដោយតាមការសង្ខេតឃើញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកទេសចរក្នុងស្រុក នាំគ្នាបង្វែល ទៅលេងនៅតាមរមណីយដ្ឋាននានា នៅតំបន់ផ្សេងៗ ដោយសារកន្លងទៅ ទីរួមខេត្តព្រះសីហនុផ្ទាល់ មួយរយៈចុងក្រោយនេះ បានបាត់បង់ នូវហេដ្ឋារចនាសម្ព័ន និងបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ​៖ ដើមអម្ពិល

Facebook Comments

To Top