នយោបាយ

ស្នងការនគរបាលជាតិ គាំទ្រយ៉ាងពេញទំហឹង ប្រសាសន៍សម្តេចតេជោ ពីការមិនចុះញ៉មចំពោះមុខការគំរាមកំហែង និងការដាក់គំនាប ពីបរទេស

ភ្នំពេញ៖ ស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនព្រមចុះញ៉ម ចំពោះមុខការគំរាមកំហែង និងការដាក់គំនាប ពីសំណាក់បរទេស មួយចំនួនតូច ដែលតែងតែប្រើប្រាស់រូបភាពជំនួយ ដោយផ្សារភ្ជាប់ជាមួយ លក្ខខណ្ឌមួយចំនួន បំពានមកលើរដ្ឋអធិបតេយ្យនៃកម្ពុជា ។

យោងតាមញត្តិគាំទ្រ របស់ស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា “ជំនួសមុខឲ្យកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេស ដែលជានិច្ចកាល ប្តូរផ្តាច់ការពារ រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល សូមប្រកាសគាំទ្រពេញទំហឹង នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាស ជាឱឡារិកក្នុងបិធីសំណេះសំណាល ជាមួយជនរួមជាតិខ្មែរ ដែលជានិស្សិត កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងតូក្យូ ប្រទេសជប៉ុនកន្លងមកនេះ” ។

ញត្តិដដែលនេះបានបន្ថែមថា “សេចក្តីប្រកាស អំពីការមិនដោះដូរ អធិបតេយ្យភាព ជំហររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនព្រមចុះញ៉ម ចំពោះមុខការគំរាមកំហែង និងការដាក់គំនាប ពីសំណាក់បរទេស មួយចំនួនតូច ដែលតែងតែប្រើប្រាស់ រូបភាពជំនួយ ដោយផ្សារភ្ជាប់ជាមួយ លក្ខខណ្ឌមួយចំនួន បំពាន មកលើរដ្ឋអធិបតេយ្យនៃកម្ពុជា ដោយអនុវត្តន៍ទៅតាមគំនិតរបស់ខ្លួន ក្នុងគោលដៅគាំទ្រ ក្រុមបំផ្លាញជាតិមួយក្តាប់តូច ដែលត្រូវបានច្បាប់អនុម័ត មិនអនុញ្ញាតឲ្យធ្វើនយោបាយ និងការធ្វើមិនដឹងមិនឮ អំពីលទ្ធផល នៃការបោះឆ្នោតជាតិ ដែលប្រជាពលរដ្ឋខ្មែរ ច្រើនលើសលប់ បានចេញទៅសម្តែងឆន្ទៈបោះឆ្នោតគាំទ្រ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ” ។

ក្នុងញត្តិដដែលនោះ បានបន្ថែមទៀតថា “តាងនាមកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមធ្វើការប្តេជ្ញាចិត្តប្រឆាំងដាច់ខាត នូវរាល់ឧបាយកល និងសកម្មភាពទាំងឡាយណា របស់បរទេស ដែលប៉ុនប៉ង ជ្រៀតជ្រែតកិច្ចការផ្ទៃក្នុង និងបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសូមប្រកាស ធ្វើពលលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារ ឲ្យបានដាច់ខាត នូវសមិទ្ធផល ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារសុខសន្តិភាព និងការអភិវឌ្ឍ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តន៍”៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top