អន្តរជាតិ

Update: បុរសខ្លាំងហ្វីលីពីន ទៅមន្ទីរពេទ្យ នៅហុងកុងស្ងាត់ៗ ក្រោយលេចលឺព័ត៌មាន ឈឺធ្ងន់

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានធ្វើដំណើរទៅកាន់ ទីក្រុងហុងកុងស្ងាត់ៗ កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីលោក បានប្រាប់ក្រុមឧត្តមសេនីយ៍យោធាថា លោកប្រហែលជា មានបញ្ហាសុខភាព បន្ទាប់ពីការថត ឆ្លុះពិនិត្យសរីរាង្គ ដែលបង្ហាញពីបញ្ហា នៃបំពង់រំលាយអាហារ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨។

យោងតាមកាសែត South China Morning Post (SCMP) គឺ ប្រភពរដ្ឋាភិបាលហុងកុង ជាន់ខ្ពស់មួយ បានបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន វ័យ ៧៣ឆ្នាំរូបនេះ បានធ្វើដំណើរមកដល់ ទីក្រុងហុងកុង កាលពីយប់ថ្ងៃសុក្រ ជាមួយគ្រួសាររបស់លោក និងកំពុងរស់នៅ ក្នុងសណ្ឋាគារ Grand Hyatt នៅតំបន់វ៉ាន់ឆៃ។

កាលពីថ្ងៃសៅរ៍ជំនួយការ ប្រធានាធិបតីរបស់លោក ឌូទ័រតេ គឺលោក Christopher Go បានបង្ហោះរូបថត តាមហ្វេសប៊ុករូបលោក ឌូទ័រតេ កំពុងដើរនៅហុងកុង ដោយដាក់ចំណងជើងថា «មុនពេលព័ត៌មានក្លែងក្លាយ ប្រធានាធិបតីត្រូវបានផ្សព្វផ្សាយ»។

ប្រភពពីមន្រ្តីរដ្ឋាភិបាល សុំមិនស្គាល់អត្តសញ្ញាណ បានបញ្ជាក់ថា លោក ឌូទ័រតេ មិនមានកិច្ចប្រជុំជាមួយ មន្ត្រីហុងកុងណានោះទេ នៅចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ កាលពីមុននេះបានសន្យាថា នឹងលាលែងចេញពីតំណែង ប្រសិនបើលោក មានជំងឺធ្ងន់ធ្ងររួម ទាំងជំងឺមហារីកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top