ព័ត៌មានជាតិ

សម្ដេចតេជោ៖ អ្នករិះគន់សម្ដេច ជួលយន្តហោះថ្លៃ ទៅប្រជុំ UN សមតែជាប់គុក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកដែលរិះគន់សម្ដេច រឿងជួលយន្តហោះជិះ ទៅចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិ ក្នុងមួយម៉ោង តម្លៃ ៧០ម៉ឺនដុល្លារនោះ សមតែជាប់គុក ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព អបអរសាទរ ទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតចុះគិតឡើង ការជួលយន្តហោះ បើប្រៀបធៀបជាមួយនឹងការទិញសំបុត្រ ឆ្លងកាត់ដំណាក់កាលច្រើន គឺខុសថ្លៃគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

សម្ដេចបញ្ជាក់ថា “ហើយវាមានអាចង្រៃណានោះ វាថាខ្ញុំទៅជួលយន្តហោះគេមួយម៉ោង ៧០ម៉ឺនដុល្លារ បើវាចង្រៃម្លឹងៗ វាសមតែនឹងជាប់គុក អាពួកហ្នឹង” ។

សម្ដេចបន្ថែមថា សម្ដេចទៅ ឡូកាបូស ប្រជុំនៅម៉ិកស៊ិក បើសិនធ្វើដំណើរតាមផ្លូវធម្មតា ត្រូវចំណាយពេលច្រើនថ្ងៃ ។ សម្ដេចថា សម្ដេចនឹងជួល យន្តហោះ ប៊ូអីង ៧៣៧ គឺហោះពីកម្ពុជា ទៅចុះនៅជប៉ុន ចេញពីជប៉ុនទៅចុះ នៅហាវ៉ៃ ហើយចេញពីហាវ៉ៃ ហោះ ១៣ម៉ោង បានទៅដល់ឡូកាបូស ។

សម្ដេចបន្តថា យន្តហោះ ប៊ូអីង ៧៣៧ វាដោះស្អីៗចេញទាំងអស់ ដាក់ធុងសាំងបន្ថែម ហើយយន្តហោះនេះជិះបានជាង ២០០នាក់ វាទុកឲ្យជិះបានតែ ៤០នាក់ ៕

ដោយ៖ ខា ដា

Facebook Comments

To Top