ព័ត៌មានជាតិ

កិច្ចពិភាក្សាសក្តានុពល វិស័យទេសចរណ៍ ឥណ្ឌូនេស៊ី នៅកម្ពុជាផ្ដល់សារៈសំខាន់ច្រើន

ភ្នំពេញ៖  អនុប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ម៉េង ផាឡា បានថ្លែងថា កិច្ចពិភាក្សាអំពីសក្តានុពល វិស័យទេសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជា បានផ្ដល់សារៈប្រយោជន៍ ជាច្រើនដល់វិស័យ ទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី ។

លោក ម៉េង ផាឡា បានថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី សក្តានុពល វិស័យទេសចរណ៍ ឥណ្ឌូនេស៊ី នៅកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ថា “កិច្ចពិភាក្សាពិតជាសារៈសំខាន់មួយ ដែលបានប្រទេសឥណ្ឌូនេស៊ី គាត់បានផ្ដល់ឱកាសឲ្យ ដល់ទីភ្នាក់ងារទេសចរណ៍យើង ។ ចឹងទិសដៅទាំង៧ ដែលជាចំបងហ្នឹង គឺគាត់បានណែនាំយើងឲ្យ ឃើញតាមស្ដាយ នៃកោះចំនួនទាំង៧ហ្នឹង ហើយយើងគិតថា ជាផលិតផលថ្មីមួយ ដែលសម្រាប់ទីភ្នាក់ងារ ទេសចរណ៍ របស់យើងអាចជួយលក់សំបុត្រ ដើម្បីឲ្យភ្ញៀវនៅក្នុងស្រុក យើងអាចអញ្ជើញទៅទស្សនា នៅកោះទាំងអស់នោះ នៅប្រទេសឥណ្ឌូនេស៊ី” ។

លោកបន្តថា ដោយសារមានការជួយឧបត្ថម្ភ ពីក្រសួងទេសចរណ៍ ឥណ្ឌូនេស៊ី និងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ទើបដំណើរការ នៃការធ្វើបទបង្ហាញ ពិភាក្សាពីសក្តានុពល វិស័យទេសចរណ៍ របស់ឥណ្ឌូនេស៊ី នៅកម្ពុជានេះ មានដំណើរការបានយ៉ាងល្អ ។

ក្នុងឱកាសនោះដែរ លោកសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញភ្ញៀវ ទេសចរឥណ្ឌូនេស៊ី មកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងនាមសមាគម ទីភ្នាក់ងារកម្ពុជា បានធ្វើការណែនាំ ពីតំបន់ទេសចរណ៍ល្បីៗ ដែលមាននៅកម្ពុជារួមមាន៖ ប្រាសាទអង្គរ ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ មួយចំនួនទៀត ។

លោក ម៉េង ផាឡា បានឲ្យដឹងទៀតថា កិច្ចពិភាក្សាពីសក្តានុពល វិស័យទេសចរណ៍ឥណ្ឌូនេស៊ី នៅកម្ពុជា គឺជាស្ពានមួយ ក្នុងការផ្ដល់ព័ត៌មាន ឲ្យគ្នាដែលអាចធ្វើឲ្យ ពលរដ្ឋទាំងពីរប្រទេស បានយល់ពីផលិតផលថ្មី និងទិសដៅថ្មី ដែលអាចឲ្យពលរដ្ឋ នៃប្រទេសទាំងពីរ អញ្ជើញទៅទស្សនកិច្ច (ពីកម្ពុជាទៅឥណ្ឌូនេស៊ី ពីឥណ្ឌូនេស៊ីទៅកម្ពុជា) ។

លោកថា បើមានការលក់សំបុត្រ យន្តហោះ ពីឥណ្ឌូនេស៊ីទៅកម្ពុជា ពីកម្ពុជាទៅឥណ្ឌូនេស៊ី មានតំលៃសមរម្យនោះ នឹងមានភ្ញៀវទេសចរណ៍ កើនឡើងច្រើន រវាងប្រទេសទាំងពីរ៕
ដោយ៖ ធី លីថូ

Facebook Comments

To Top