ព័ត៌មានជាតិ

អ.ហ ភ្នំពេញ រីករាយបម្រើពលរដ្ឋ ក្នុងឱកាសបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌ!

ភ្នំពេញ: ខណៈពេលដែល កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ (អ.ហ) មមាញឹក ក្នុងការយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមទីវត្តអារាម និងតាមរមណីយដ្ឋាន កំសាន្តផ្សេងៗ នាឱកាសកាន់បិណ្ឌដែលជាប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទឹកដោះគោបឺត ចំនួន២.០០០កេស ដែលជាអំណោយ របស់សប្បុរសជន មកចែកជូនដល់កម្លាំងអាវុធហត្ថភ្នំពេញទាំងអស់ ក្នុងម្នាក់ទទួលបានម្នាក់១កេសស្មើៗគ្នា។ 

មុនពេលចែកទឹកដោះគោបឺតទាំង២០០០កេស លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតឱកាសប្រជុំណែនាំបន្ថែម ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ឲ្យបង្កើនការយកចិត្តដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ចាប់ពីពេលកាន់បិណ្ឌ រហូតដល់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានចូលរួម ប្រារព្ធពិធីបុណ្យសាសនាមួយនេះ ប្រកបដោយភាពរលូន និងសប្បាយរីករាយ ហើយជាពិសេស កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ត្រូវដាក់ចិត្តដាក់កាយលះបង់ ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ចូលរួម បំរើការពារពលរដ្ឋ ដោយស្ម័គ្រស្មោះ ក្នុងអំឡុងពេលនេះ ដោយមិនអនុញ្ញាតច្បាប់ឲ្យឈប់សម្រាក ជាដាច់ខាត។

ឆ្លើយតបទៅនឹង អនុសាសន៍ណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ បានសម្តែងទឹកចិត្តប្តូរផ្តាច់ ក្នុងការចូលរួមសហការ ជាមួយអជ្ញាធរមូលដ្ឋាន និង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនពួកគាត់ ដោយក្តីរីករាយបំផុត៕

Facebook Comments

To Top