ព័ត៌មានជាតិ

លោក គួច ចំរើន ៖ មន្ត្រីដែលតាំងខ្លួន ជាអ្នកគ្រប់គ្រងត្រូវប្តូរឥរិយាបទ មកជាអ្នកបម្រើសេវា ជូនពលរដ្ឋវិញ

កំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជា ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីដែលកំពុងតាំងខ្លួន ជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរឥរិយាបទ មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋវិញ។

លោក អភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងពីធីទទួល សមាជិក សមាជិកា ថ្មីចំនួន៥៤នាក់ ដែលស្ម័គ្រចិត្ត សុំមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

ក្រៅពីថ្លែងស្វាគមន៍ យ៉ាងកក់ក្តៅ នូវការចូលរួមជាសមាជិក សមាជិកាថ្មីទាំង៥៤នាក់នោះ លោក អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ផងនោះ បានមានប្រសាសន៍ ថា ក្នុងនាមជាមន្ត្រីរាជការ មកដល់ម៉ោងនេះ ត្រូវរៀបចំខ្លួន អោយក្លាយទៅជា អ្នកបម្រើសេវាជូនប្រជាពលរដ្ឋ មិនត្រូវតាំងខ្លួន ជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋ នោះទេ ។

ការលើកឡើងដូច្នេះ បន្ទាប់ពីលោក អភិបាលខេត្ត បានដឹងថា មានមន្ត្រីខិលខូចមួយចំនួនតូច ខាងជំនាញផ្ទេរកម្មសិទ្ធិដីធ្លី បានប្រើល្បិចកល ក្នុងហេតុផល នេះហេតុផលនោះ ដើម្បីទារលុយ ពីប្រជាពលរដ្ឋដែលត្រូវ ធ្វើឯកសារផ្ទេរកម្មសិទ្ធិដីធ្លី ដែលប្រការនេះ មិនគួរអោយកើតមានទៀតទេ មកដល់ពេលបច្ចុប្បន្ននេះ ។

លោក អភិបាលខេត្ត បានថ្លែងទៀតថា ចំពោះករណីដែលកើត មានដូចខាងលើ លោក កំពុងរៀបចំវិធានការ យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ នូវសកម្មភាពនៃមន្ត្រីខិលខូច ទាំងនោះ កុំអោយធ្វើសកម្មភាព បានទៀត ហើយ បើសិនជាមានមន្ត្រីណា ហ៊ានប្រព្រឹត្តល្មើស និងត្រូវចាត់ការទៅតាមផ្លូវច្បាប់ ។

លោក អភិបាលខេត្ត បានអោយដឹងផងដែរថា ដាច់ឆ្នាំ២០១៨នេះ ខេត្តកំពង់ចាម មានការិយាល័យ ច្រកចេញចូលតែមួយ ចំនួន៣កន្លែង ១នៅក្រុងកំពង់ចាម .២នៅស្រុកជើងព្រៃ .៣នៅស្រុកកំពង់សៀម ។

ដោយឡែក នៅឆ្នាំ២០១៩ លោក នឹងបង្កើតការិយាល័យ ច្រកចេញចូលតែមួយចំនួន ៣កន្លែងទៀត គឺ នៅស្រុកបាធាយ .ស្រុកព្រៃឈរ និងស្រុកចម្ការលើ រហូតដល់ឆ្នាំ២០២០ ការិយាល័យច្រកចេញចូលតែមួយ និងមាននៅគ្រប់ក្រុង.ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម។

លោក អភិបាលខេត្ត បានថ្លែងទៀតថា ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ គ្រប់ក្រុង.ស្រុក នេះ គឺដើម្បីជំរុញការបម្រើសេវា សាធាណៈ ជូនប្រជាពលរដ្ឋ អោយបានទូលំទូលាយ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ ត្រូវការធ្វើឯកសារ ផ្សេងៗគឺមានការិយាល័យ ច្រកចេញចូលតែមួយ នៅរងចាំបម្រើពួកគាត់ បានឆាប់រហ័ស និងនៅជិតតំបន់ដែលពួកគាត់ រស់នៅនោះតែម្តង៕

ដោយ៖នួន សត្យា

Facebook Comments

To Top