ព័ត៌មានជាតិ

កម្ពុជា បានតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់

ភ្នំពេញ៖ កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការ សហការជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ក្នុងការ អភិរក្ស ធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរ សត្វព្រៃខុសច្បាប់។

នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសចូលរួម នៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថ នៃការចូលរួមប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋាន របស់ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀតក្នុងនោះ ក៏មានវត្តមានរបស់ លោក Edward Vaizey បេសកជន របស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។

លោក រដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បាន សហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយ ប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ ដែលនៅលើពិភពលោក។

នៅក្នុងឱកាសនោះ ខ្សែវីដេអូអប់រំពីរ ដែលនិយាយពីការប្រឆាំងនឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំង។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះ ដោយថ្លែងថាវានឹងចូលរួមក្នុងការកែប្រែឥរិយាបថ ពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងារ រួមគ្នាដើម្បី លុបបំបាត់ ការជួញដូរខុសច្បាប់នេះ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃ ជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យ ជាប្រាក់ជាដើម៕

Facebook Comments

To Top