នយោបាយ

លោក សុខ ឥសាន៖ តើមានបងប្អូនខ្មែរប៉ុន្មាននាក់ ត្រូវអាមេរិក បណ្ដេញចេញ នាពេលខាងមុខ?

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ក្រុមអតីត គណបក្សប្រឆាំង នឹងថតរូបអ្នកចូលរួម ទទួលស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីយកទៅរាយការណ៍ ជូនចៅហ្វាយនាយគេ ដើម្បីរំពឹងថា ឲ្យចៅហ្វាយនាយគេដាក់ទណ្ឌកម្ម បណ្តេញចេញពីអាមេរិក មិនឲ្យរស់នៅ​អាមេរិកទៀតទេ។

ពាក់ព័ន្ធនឹងករណីនេះ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា នៅពេលខាងមុខ តើមានបងប្អូនខ្មែរប៉ុន្មាននាក់ ត្រូវរដ្ឋាភិបាលអាមេរិក បណ្តេញចេញ?

សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ទៅចូលរួមកិច្ចប្រជុំទូទៅ លើកទី៧៣ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី ២៧ដល់៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក ។ មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅ ក្រោមមូលបទ ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារៈសំខាន់ពាក់ព័ន្ធជាមួយ ប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព។

លោក សុខ ឥសាន លើកឡើងបែបនេះ ក្នុងសង្គមតេឡេក្រាម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បាននិងកំពុង មានចិត្តគំនិតសកម្មភាព រំលោភសិទ្ធិអ្នកដទៃ ដោយសារតែ ប្រកាន់និន្នាកា នយោបាយប្រឆាំង។

លោកបន្ដថា ពួកគេទាំងនេះ មានផែនការតាមថតរូប ពលរដ្ឋខ្មែរនៅអាមេរិកដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា ខណៈពួកគេត្រៀមខ្លួន ប្រមូលគ្នារង់ចាំស្វាគមន៍ សម្ដេចតេជោ អញ្ជើញមកដល់ ទីក្រុងញូវយ៉ក ដើម្បីចូលរួមប្រជុំ មហាសន្និបាតលើកទី៧៣ នាពេលខាងមុខ។

លោកថា “ពួកគេកត់ឈ្មោះ និងថតរូបអ្នកចូលរួមទទួលស្វាគមន៍ សម្តេចតេជោ ដើម្បីយកទៅរាយការណ៍ ជូនចៅហ្វាយនាយគេ ដើម្បីគេរំពឹងថា ឲ្យចៅហ្វាយនាយគេ ដាក់ទណ្ឌកម្មបណ្តេញចេញ ពីអាមេរិក មិនឲ្យរស់នៅ ក្នុងអាមេរិកទៅទៀត ដោយយកលេសថា មករស់នៅអាមេរិក ដែលជាប្រទេសសេរី ហើយនៅកាន់ជើង របបកុម្មុយនីស្ត ហ៊ុន សែន ទៀតនឹងត្រូវរដ្ឋាភិបាលអាមេរិក បណ្ដេញចេញមិនឲ្យរស់នៅទៅទៀត។ ចាំមើលនៅពេលខាងមុខ តើមានបងប្អូនខ្មែរប៉ុន្មាននាក់ ឬប៉ុន្មានគ្រួសារ នឹងត្រូវរដ្ឋាបាលអាមេរិក បណ្ដេញចេញ?”។

លោក សុខ ឥសាន បន្ថែមថា ផែនការចាំកត់ឈ្មោះ និងថតរូបអ្នកដែលទៅចាំទទួល ជួបស្វាគមន៍គណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា នោះគឺជាទង្វើបំពាន និងរំលោភសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ជាពិសេស សម្រាប់អ្នកដែលយល់ដឹង នៅតែល្មើសទៀត គឺជាកំហុសធ្ងន់ធ្ងរណាស់។

ដូច្នេះអ្នកដែលបំពានលើសិទ្ធិអ្នកដទៃ និងរំលោភការសម្រេចចិត្តរបស់អ្នកដទៃ មិនមែនជាអ្នកប្រជាធិបតេយ្យឡើយ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ជាអ្នកអនាធិបតេយ្យ ដោយគ្រាន់តែ​ យកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកបិទបាំងតែប៉ុណ្ណោះ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top