ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ រំលឹកពីឧបសគ្គ និងការភ័យខ្លាច ក្នុងការស្វែងរកចំណេះដឹង ក្រោយថ្ងៃរំដោះឆ្នាំ៧៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ កញ្ញា ២០១៨ បានរំលឹកអំពីឧបសគ្គ និងការភ័យខ្លាច ក្នុងការស្វែងរកចំណេះដឹង ក្រោយថ្ងៃរំដោះឆ្នាំ៧៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា “បើទោះជារបបវាលពិឃាដ ត្រូវបានផ្តួលរំលំ នៅឆ្នាំ១៩៧៩ទៅហើយក្តី ក៏យុវជន យុវតីរបស់យើង ពិបាកក្នុងការបង្កើន ចំណេះដឹងរបស់ខ្លួន ដោយសារ កង្វះគ្រឹះស្ថានអប់រំ ភាពក្រីក្រ បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជាពិសេស បញ្ហាសន្តិសុខ។ យើងមិនអាច សូម្បីតែធ្វើដំណើរ ទៅកាន់តំបន់មួយចំនួន នៅក្នុងមាតុភូមិកំណើតខ្លួនឯង”។

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា “តែឥឡូវ អ្វីៗបានប្រែប្រួលប្រសើរឡើង​ ចៅៗ និងក្មួយៗ ជាពិសេស យុវតីរបស់យើង អាចស្វែងរកការ​សិក្សា​រៀនសូត្រ ដោយសេរី និងគ្មានការភ័យខ្លាច នៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា”។

បើតាមការអះអាង របស់ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រោមកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទន និងបានទាក់ទាញ វិនិយោគិនជាច្រើន ទាំងក្នុងនិងក្រៅស្រុក។ បច្ចុប្បន្ន យើងមានគ្រឹះស្ថានអប់រំ ប្រកបដោយគុណភាព ដែលត្រូវបានទទួលស្គាល់ ទាំងក្នុងតំបន់និងពិភពលោក ហើយបានចូលរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស របស់កម្ពុជា៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top