អន្តរជាតិ

លោក មូន៖ មេដឹកនាំកូរ៉េខាងជើង ចង់មានជំនួបកំពូលម្តងទៀត ដើម្បីពន្លឿន ការលុបបំបាត់នុយក្លេអ៊ែ

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ឲ្យមានជំនួបកំពូលទី២ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗនេះ ដើម្បីពន្លឿនការលុបបំបាត់នុយក្លេអ៊ែ ប៉ុន្តែគោលដៅសំខាន់ គឺការប្រកាស បញ្ចប់សង្គ្រាមកូរ៉េ១៩៥០-៥៣ នៅក្នុងឆ្នាំនេះ។

លោក មូន បានមានប្រសាសន៍ថា លោកនិងលោក គីម ជុងអ៊ុន បានចំណាយពេល ជំនួបកំពូល៣ថ្ងៃភាគច្រើន ពិភាក្សាគ្នាពីវិធីបំបែកផ្លូវទាល់ និងចាប់ផ្តើមឡើងវិញ នូវកិច្ចពិភាក្សានុយក្លេអ៊ែ រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន ដែលមានការខ្វែងគំនិតគ្នាថា មួយណាគួរមកមុន គឺការលុបបំបាត់នុយក្លេអ៊ែ ឬក៏ការប្រកាសបញ្ចប់សង្គ្រាម។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក មូន ក៏បានមានប្រសាសន៍ផងដែរថា សេចក្តីថ្លែងការណ៍រួម ពីជំនួបកំពូល បង្ហាញឲ្យឃើញ នូវការប្តេជ្ញារបស់មេដឹកនាំកូរ៉េខាងជើង ចំពោះការលុបបំបាត់ កម្មវិធីនុយក្លេអ៊ែ ហើយការបញ្ចប់សង្គ្រាម នឹងជាចំណាត់ការបដិការីដំបូង របស់អាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top