ព័ត៌មានជាតិ

បែលហ្សិក៖ កម្ពុជាគឺជាប្រទេសមានស្ថិរភាព និងលក្ខណៈអំណោយផល ជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ

ភ្នំពេញ៖ លោក ហ្វីលីព គ្រីដេលកា (Phillippe Kridelka) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិក និងលោក ហ្វីលីព កូអាទេស (Philip Coates) នាយកប្រតិបត្តិសភា ពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលមាន ស្ថិរភាពនយោបាយ និងលក្ខណៈអំណោយ ផលជាងគេក្នុងតំបន់ ហើយវិនិយោគិនបែលហ្សិកជាច្រើន កំពុងសម្លឹងរកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ។

បេសកជនទាំងពីរ បានអះអាងដូច្នេះ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក ហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស បានកោតសសើរ អំពីលក្ខណៈពិសេស នៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ។ បេសកជនទាំងពីរ ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ចូលរួមវេទិកាធុរកិច្ច កម្ពុជា-បែលហ្សិក ដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការរវាង វិស័យឯកជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានឯកភាពចូលរួម និងបានថ្លែងអំណរគុណចំពោះ លោក ហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស ដែលបានគាំទ្រ និងផ្តល់ភាពជឿជាក់ មកលើកម្ពុជា ។

លោករដ្ឋមន្ត្រី បានជម្រាបជូនបេសកជនទាំងពីរ អំពីកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងគោលការណ៍ លើកទឹកចិត្តផ្សេងៗ របស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផងដែរ ។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានចែករំលែកចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យ ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទស្សនទានក្នុង ការត្រៀមខ្លួនរបស់កម្ពុជាដើម្បី ទប់ទល់ផលប៉ះពាល់ដែល បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃ សេដ្ឋកិច្ចពិភពលោក ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នាសាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមក លើសៃវៀនអន្តរជាតិ ។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេចបាន ៤១១លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល ៧ខែ នៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារ សហរដ្ឋអាមេរិក ៕

Facebook Comments

To Top