នយោបាយ

កម្ពុជាមិនអនុញ្ញាត ឲ្យបរទេស មកសម្រេចលើ ជោគវាសនា ខ្លួនឡើយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ លោក កេត សោផាន់ បានថ្លែងអះអាងថា ប្រទេស កម្ពុជា ស្ថិតនៅក្នុងដំណាក់កាលមួយ ដែលត្រូវក្ដាប់ជោគវាសនា អនាគត ប្រទេស ជាតិ ក្នុងដៃ ដោយមិនអនុញ្ញាត ឲ្យប្រទេសមហាអំណាច ណាមួយ មកសម្រេចជោគវាសនា របស់ប្រទេសជាតិទេ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់បញ្ចប់ជំនួប រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិប្រចាំកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក កេត សោផាន់ បានមានប្រសាសន៍ថា បន្ទាប់ពីការ បោះឆ្នោត និងរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើត មានប្រទេសជាច្រើនបានផ្ញើសារអបអរសាទរ និងទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោកបញ្ជាក់ថា “ជាការធម្មតាទេកន្លងទៅ គឺយើងតែងតែព្យាយាមពន្យល់ ប្រាប់សហគមន៍ អន្តរជាតិពីអ្វីដែលកម្ពុជាបានធ្វើ អ្វី ដែលជាតថភាពនៅកម្ពុជា ចំណុចសំខាន់មួយគឺថា កម្ពុជាស្ថិតក្នុងដំណាក់កាលមួយ ដែលយើងត្រូវក្ដាប់វាសនាអនាគត របស់ខ្លួននៅក្នុងដៃ ។ កម្ពុជាមិនអនុញ្ញាតឲ្យការសម្រេចវាសនាអនាគត របស់កម្ពុជាហ្នឹងដោយបរទេសទេ” ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយ គាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយជំនួយរបស់ចិន ក៏បានពង្រឹងតួនាទីនយោបាយ របស់កម្ពុជា ក្នុងការរក្សាអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជាផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា លោកនឹងអញ្ជើញទៅបំពេញទស្សកិច្ចផ្លូវការ នៅប្រទេសចិន ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មី ។ ជាការឆ្លើយតបឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ស្ថានទូតចិននៅភ្នំពេញ នឹងរៀបចំដំណើរទស្សនកិច្ច របស់លោក ឧបនាយករដ្ឋមន្ត្រីទៅប្រទេសចិនឲ្យបានក្នុងពេលឆាប់ៗខាងមុខ ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅកម្ពុជា មានបណ្តាប្រទេសជាច្រើន បានចូលរួមអបអរ សាទរ ចំពោះជោគជ័យនៃការបោះឆ្នោត ប៉ុន្តែក៏មានបណ្តាប្រទេស មហាអំណាចមួយចំនួន ទៀត បានសម្តែងមិនពេញចិត្ត និងមិនទទួលស្គាល់ផងដែរ ដោយបានបង្គាប់បញ្ជាឲ្យកម្ពុជា រៀបចំការបោះឆ្នោតឡើងវិញ ដោយមានវត្តមានអតីតគណបក្សសង្រ្គោះជាតិចូលរួមផងដែរ។ ក្នុងនោះអ្វីដែលជាការកត់សំគាល់ គឺប្រទេសចិនដែលជាមិត្តយ៉ាងជិតស្និត របស់កម្ពុជា ដែលមានជាមួយគ្នាតាំងពីយូរលង់មកនោះ គាំទ្រយ៉ាងពេញទំហឹង ហើយក៏បានស្នើឲ្យមហា អំណាចមួយចំនួនក៏កុំគួរគប្បីលូកដៃចូលកិច្ចផ្ទៃក្នុងកម្ពុជា ដោយទុកឲ្យកម្ពុជាដោះស្រាយ ដោយខ្លួនឯង៕

ដោយ៖ ខា ដា

Facebook Comments

To Top