នយោបាយ

អាល្លឺម៉ង់ត្រៀម ខ្លួនរួចជាស្រេច ដើម្បីជួយជំរុញ ការអភិវឌ្ឍន៍ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក Markkus Benjamin Koob សមាជិករដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ បានប្រាប់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថាអាល្លឺម៉ង់ រីករាយបន្តគាំទ្រ ហើយត្រៀម ខ្លួន ជាស្រេចក្នុងការជួយជំរុញ ការអភិវឌ្ឍដែលឈរលើ ទំនាក់ទំនងដែលមានស្រាប់ និងកិច្ច សហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលប្រទេសទាំងពីរ អាចធ្វើទៅបាន។

សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងបែបនេះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្ដេចតេជោ។

លោក Markkus Benjamin Koob បានអបអរសាទរ និងបានពាំនាំនូវការអបអរសាទរអំពី លោកស្រីអធិការបតី Angela Markel ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតកន្លងមកនេះ។ នេះជាលើកទីមួយ ហើយ ដែលលោកបាន មកកាន់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាត និងបានឃើញពីការរីក ចម្រើន យ៉ាងច្រើន។ លោកមានការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែង របស់កម្ពុជា ដែលបានកាត់ បន្ថយភាពក្រីក្របានយ៉ាងច្រើន រួមទាំងការយកចិត្តទុកដាក់ របស់សម្តេចតេជោ ក្នុងការផ្តល់ នូវកិច្ចគាំពារ សង្គមដល់កម្មករ កម្មការិនីតាមរោងចក្រ ជាពិសេសកម្មការិនីមានផ្ទៃពោះ។

ទន្ទឹមនឹងនេះដែរលោកបានសំដែង នូវការអបអរសាទរនិងរីករាយ ដែលមានក្រុមហ៊ុន និងរោងចក្រធំៗ មកវិនិយោគនៅកម្ពុជាលើទីផ្សារ វាយនភ័ណ្ឌដែលមានគុណភាព នាំចេញ ទៅទីផ្សារអឺរ៉ុប។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសំដែង នូវអំណរគុណជូន ចំពោះលោកស្រីអធិការបតី អាល្លឺម៉ង់ ដែលបានផ្ញើសារអបអរសាទរ ចំពោះលទ្ធផលនៃ ការបោះឆ្នោតផង និងការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា លក្ខខណ្ឌការងារ ល្អប្រសើររបស់កម្មករកម្មការិនី គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោបានជម្រាបផងដែរ អំពីការអញ្ជើញ ចុះទៅ ជួបប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងជាពិសេសគឺកម្មករកម្មការិនីចំនួន ៨ ម៉ឺននាក់រួចមកហើយ ហើយតាមរយៈជំនួបនេះគឺ ដើម្បីជំរុញការអនុវត្តកិច្ច គាំពារសង្គម និងលក្ខខណ្ឌការងារ នៅតាមរោងចក្រនីមួយៗ អោយកាន់តែប្រសើរឡើង ដូចជារោងចក្រ ត្រូវមានទីកន្លែង និងផ្តល់អាហារថ្ងៃត្រង់ដល់កម្មករ និងមានគិលានដ្ឋាននិងកន្លែង បំបៅដោះកូននិងផ្តល់លទ្ឋភាព អោយមានការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ។ ចំពោះស្ត្រីក្រោយសម្រាលកូន រួចហើយ គឺនឹងទទួលបានបានទទួលថវិកា ១០០ ដុល្លារ សម្រាប់ កូនម្នាក់ហើយទទួលបានប្រាក់ខែ១២០% ព្រមទាំងបានឈប់សម្រាក៣ ខែទៀត ផង។ ចំពោះប្រាក់ខែកម្មករប្រចាំឆ្នាំ ក៏ត្រូវឡើងជារៀងរាល់ឆ្នាំផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរថា ក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលថ្មីនេះ គឺនឹងបន្តខិតខំធ្វើយ៉ាងណា ដើម្បីរក្សាស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាព នយោបាយសង្គម។ កម្ពុជានិងអាល្លឺម៉ង់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាអោយកាន់តែល្អរឹងមាំថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ជាច្រើនសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ៕

Facebook Comments

To Top