នយោបាយ

ប្រ.ជ៖កូនស្រីលោក កឹម សុខា ខំតស៊ូមតិលើឆាក អន្តរជាតិ ដើម្បីឪពុកខ្លួន អាចជាការដាក់ បន្ទុកកាន់តែធ្ងន់

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) បានព្រមាន ទៅលើកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បង របស់លោក កឹម សុខា ដែលបច្ចុប្បន្ន ទោះបីជាឪពុកខ្លួន បានចេញពីពន្ធនាគារមករស់ នៅក្នុងផ្ទះក៏ដោយ ក៏កញ្ញា និងបក្ខពួកមួយ ចំនួនទៀត នៅតែបន្តដើរសុំកិច្ច អន្តរាគមន៍ពីបណ្តា ប្រទេសមហាអំណាច ដើម្បីឲ្យតុលាការ ទំលាក់បទចោទប្រកាន់ទាំង ស្រុងមកឪពុកខ្លួន ប៉ុន្តែលោក សុខ ឥសាន លើកឡើងថា ការតស៊ូ មតិរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស អាចជាការដាក់បន្ទុក កាន់ធ្ងន់ធ្ងរចំពោះលោក កឹម សុខា ទៅវិញទេ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាស ជួបសំណេះសំណាលជាមួយកម្មករ បានថ្លែងអះអាង ជាលើកដំបូងថា លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) មិនទាន់ត្រូវបានសម្រាល ឬលើកលែងទោសអ្វីទាំង អស់ គឺគ្រាន់តែផ្លាស់ប្ដូរទីតាំងឃុំឃាំងប៉ុណ្ណោះ ។

លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយយកមកឃុំឃាំងបន្តនៅក្នុងផ្ទះ របស់លោកស្ថិតនៅខណ្ឌ ទួលគោក។

ប៉ុន្តែបន្ទាប់ពីមករស់នៅ ក្នុងផ្ទះអស់រយៈ ពេលប្រមាណជា១០ថ្ងៃមក លោក គី ប្ញទ្ធី ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ១៩ កញ្ញា ថា  ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការខាងលើនេះ ពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ ហើយលោក មានសិទ្ធិជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលនានា ដែលមិនស្ថិតក្នុងបញ្ជីហាមឃាត់ របស់តុលាការ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២០ កញ្ញានេះថា កូនស្រី លោក កឹម សុខា បានប្តេជ្ញា ចិត្តនឹងខិតខំបន្តតស៊ូមតិនៅលើឆាកអន្តរជាតិថែមទៀត ដើម្បីរបស់ដែលហៅថា ឲ្យមានការ ទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ឪពុកនាង ជាជនក្បត់ជាតិសន្និដ្ឋិភាព ជាមួយបរទេស ។

លោកបញ្ជាក់ថា “ការខិតខំរបស់នាងជាសិទ្ធិរបស់នាង តែបើការខិតខំនោះ ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងកិត្យានុភាពជាតិ វាមិនត្រឹមតែជួយសម្រាលទោសឪពុកនាងទេ តែវាកាន់តែដាក់ បន្ទុកទោសទណ្ឌដល់ឪពុកនាងថែមទៀតផង” ។

លោកបន្ថែមថា រាល់ការតស៊ូមតិដើម្បីដោះបន្ទុកជនជាប់ចោទ មិនមែនទៅវាយប្រហារ បន្តុះបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះជាតិសាសន៍ឯង និងវាយប្រហាររាជរដ្ឋាភិបាល កម្ពុជាស្រប ច្បាប់នៃកម្ពុជានោះទេ គួរតែគោរពទៅតាមគោលការណ៍ច្បាប់ ដោយរកមេធាវីពូកែនិងល្បី ឈ្មោះ ទៅតតាំងនៅតុលាការ ទើបត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីរបស់តុលាការ។

លោក សុខ ឥសាន បានលើកឡើងទៀតថា បើគ្រាន់តែចង់ដោះបន្ទុកជនជាប់ចោទ ហើយទៅ បរិហារកេរ្តិ៍ជាតិសាសន៍ខ្មែរនៅបរទេសនោះ មិនមានន័យថា ជាការដោះបន្ទុករឿងក្តីនោះទេ តែផ្ទុយទៅវិញ ជាការកាន់តែបន្ថែមទម្ងន់ទោស ដល់ជនត្រូវចោទថែមទៀតប៉ុណ្ណោះ ៕

ដោយ ស សំណាង

Facebook Comments

To Top