នយោបាយ

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ៖ ការលាលែងរបស់ មេទ័ព៥រូប ចេញពីតំណែង នាយរងនាយសេនាធិការ ចម្រុះគឺអនុវត្តតាម ច្បាប់​និងជំរុញប្រសិទ្ធភាពការងារ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិបានបញ្ជាក់ថាការលាលែង របស់មេទ័ពទាំង៥រូប ចេញពីតំណែងនាយរង នាយសេនាធិការចម្រុះគឺជាការអនុវត្ត ឱ្យស្របតាមសេចក្តីសម្រេច សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលកែសម្រួល ផ្ទេរក្របខណ្ឌអង្គភាពកងពលធំ អន្តរាគមន៍និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោក។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិបានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២០កញ្ញានេះថា កងពលទាំង៥ដែលត្រូវ ប្តូរក្របខណ្ឌនោះរួមមាន កងពលធំអន្ដរាគមន៍៣, កងពលធំអន្ដរាគមន៍លេខ២, កងពលតូចទ័ពពិសេសឆ័ត្រ យោង៩១១, កងពលតូចអន្ដរាគមន៍លេខ១ និងកងពលតូចថ្មើរជើង លេខ៧០ ផងដែរ ដែលកន្លងទៅ កងពលទាំងនេះបានស្ថិត នៅក្រោមការដឹកនាំ បញ្ជាររបស់នាយសេនាធិការចម្រុះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា”ដូច្នេះមិនមានអ្វីចម្លែក នោះទេ ដែលមេទ័ពទាំង៥រូបដឹកនាំកងពល ទាំងនេះលាលែង ពីតំណែងនាយរងសេនាធិការ ចម្រុះ ហើយទៅកាន់តំណែងជាមេបញ្ជាការ កងពលរៀងៗខ្លួន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោកនោះ គឺដើម្បីអនុវត្តឱ្យស្របតាមប្រកាសរបស់ក្រសួងការពារជាតិតែប៉ុណ្ណោះ”។

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់បន្ថែមថា” ការកែសម្រួលរចនា សម្ព័ន្ធ និងក្របខណ្ឌមួយចំនួននេះ គឺដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ​ក៏ដូចជាជំរុញឱ្យប្រសិទ្ធភាពការងារនៅក្នុងក្រប ខណ្ឌការពារជាតិកម្ពុជា កាន់តែប្រសើរ និងខ្លាំងក្លាថែមទៀត”។

សូមបញ្ជាក់ថាមេបញ្ជាការ កងពលទាំង៥ ដែលបានសុំលាលែង ពីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទរួមមានឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២, ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១, ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ៕

Facebook Comments

To Top