នយោបាយ

សម្តេចតេជោ៖ អាមេរិកដើរគំរាមគេ អត់មានអីខុសសោះ តែយើងគេថា យើងបញ្ជាតុលាការ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងន័យប្រៀបធៀប រវាងប្រទេសអ្នកមានអំណាច និងប្រទេសអ្នកក្រថា នៅលើលោកកីយ៍នេះ មិនទាន់មានយុត្តិធម៌ទេ គឺអ្នកខ្លាំងធ្វើអ្វីមួយ ដែលមានលក្ខណៈខុសច្បាប់នៅតែឈ្នះ ឯចំណែកអ្នកខ្សោយវិញគឺនៅតែចាញ់ ជាក់ស្តែងសហរដ្ឋអាមេរិកធ្វើអ្វីមួយ ក៏គេលើកឡើងថា នៅតែត្រូវដែរ ដូចជា គំរាមតុលាការអន្តរជាតិ(ICC) គេថា អាមេរិកធ្វើត្រូវទាំងអស់។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ថា “អាមេរិកគំរាមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងគំរាមចាប់ចៅក្រមណា ដែលហ៊ានស៊ើបអង្កេតអំពីបទឧក្រិដ្ឋរបស់អាមេរិក អីចឹងអាមេរិកដើរគំរាមគេទាំងអស់ អាមេរិកអត់មានអីខុសសោះ ស្រួលតើ យើងគេថា យើងបញ្ជាតុលាការ តុលាការបញ្ជាតេលេកុម្ម៉ង់ ដល់អាមេរិកមិនមែន ត្រឹមគំរាមតុលាការរបស់ខ្លួនទេ គឺគំរាមតុលាការអន្តរជាតិទៀត ទៅជាអាមេរិកត្រូវទាំងអស់ អីចឹងនៅលើលោកកីយ៍នេះ មិនទាន់មានយុត្តិធម៌ទេ អាខ្លាំងវាឈ្នះ អាខ្សោយវានៅតែចាញ់គេ”។

សម្តេចតេជោបានប្តេជ្ញាចិត្តថា ត្រូវរក្សាឯករាជ្យភាពជាតិ ដោយគ្មានអ្នកណាម្នាក់មកបញ្ជាកម្ពុជាបានទេ ហើយបើឱនក្បាលដាក់គេមួយពេល លើកក្រោយនឹងឱនបន្តទៀតគ្មានថ្ងៃចប់នោះទេ ។

សម្តេចបានអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស មិនឱនក្បាលដាក់អ្នកណាទាំងអស់ និយាយត្រូវធ្វើការជាមួយគ្នាបាន បើមិនត្រូវទេចេញទៅ កុំមកក្បែរ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ថា អាមេរិក បានគំរាមចាប់ខ្លួន ហើយដាក់ទណ្ឌកម្មទៅលើក្រុមចៅក្រម និងមន្ត្រីមួយចំនួនទៀត នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) ប្រើសិនបើខ្លួនចាត់វិធានការ ចោទប្រកាន់ជនជាតិអាមេរិកណាមួយ ដែលបម្រើការនៅអាហ្វហ្គានីស្ថាន ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមនោះ នេះបើតាមការអះអាងពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅសេតវិមាន៕ ដោយ៖ អេង គឹមជាង

Facebook Comments

To Top