ព័ត៌មានជាតិ

ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុន វីសាសហការ លើគម្រោងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន វីសា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្ត សហការលើគម្រោងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឲ្យប្រើប្រាស់ សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិ នៃកម្ពុជាបានមានប្រសាសន៍ថា ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ គឺជាកត្តាគន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុ ដែលនឹងរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ហេតុនេះហើយការ ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេប៉ុន្តែវាជាតម្រូវការចាំបាច់បំផុត។ ដោយមើលឃើញពីសារតែសារសំខាន់ នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា បានប្រើប្រាស់វិធីសាស្ត្រប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាព ដើម្បីលើក កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារជាតិនៃកម្ពុជា បានបន្តឈានទៅប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែក ហរិញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។ ការធ្វើបែបនេះ នឹងផ្តល់ឥទ្ធិពលវិជ្ជមានជាផ្លែផ្កាដល់ សង្គមកាន់តែ ខ្លាំង ហើយនេះជាមូលហេតុធនាគារជាតិ នៃកម្ពុជាបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ តាមទូរស័ព្ទចល័ត នេះឡើងសម្រាប់ប្រជាជនទូទៅ ជាពិសេសគឺសម្រាប់សិស្សានុសិស្សតែម្តង។

កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះមានឈ្មោះថា “NBC-Edu” ដែលអាចទាញយកបាន តាមរយៈ Google Play និង Apple App Store។ មានតិកាដែលមាននៅក្នុងកម្មវិធីនេះនាពេលបច្ចុប្បន្ន គឺមានលំនាំពីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” និងមានបញ្ចូលនូវសំណួរចម្លើយ ដើម្បីជាជំនួយដល់សិស្សានុសិស្សក្នុងការស្វែងយល់ ពីប្រធានបទហិរញ្ញវត្ថុដោយភាពរីករាយ និង មានអន្តរកម្មខ្ពស់។ កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ ក៏មានលក្ខណៈងាយស្រួលសម្រាប់ លោកគ្រូ-អ្នកគ្រូ និងមាតាបិតា ប្រើប្រាស់ក្នុងការបង្រៀនសិស្ស ឬ កូនៗឲ្យចេះពីរបៀបធ្វើផែនការថវិកា សន្សំ និងចាយវាយដោយភាពឆ្លាតវៃ។

លោកជំទាវអគ្គនាយក ក៏បានបន្ថែមថា “គម្រោងនេះ គឺជំហានថ្មីមួយទៀតដើម្បីឆ្ពោះទៅលើកកម្ពស់ សិទ្ធិរបស់ប្រជាជនក្នុងនាមជាអតិថិជនហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍដ៏ឆាប់រហ័ស។ គម្រោងនេះអាចកើតឡើងបានគឺដោយសារមានកិច្ចសហការ និងការគាំទ្រពីក្រុមហ៊ុន វីសា។ ឆ្លៀតក្នុង ឱកាសនេះ ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វីសា ដែលបានរួមចំណែកក្នុង ការផ្តួចផ្តើមគម្រោងនេះ និងបង្កើនកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា”។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន វីសា មានមោទនភាពក្នុងការបន្តការ សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ដោយយោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុង ស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត ៧% នៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលនេះបង្ហាញពីការ អភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ច។ ក្នុងពេលដែលប្រជាជនចូលរួមនៅក្នុងសេដ្ឋកិច្ចសកលនេះ ចំណេះដឹង ផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រជាជនអាចទាញយកផលប្រយោជន៍ ជាច្រើន ពីការវិវឌ្ឍទាំងនេះ”។

ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឯកជន ឈានមុខគេលើផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានអភិវឌ្ឍកម្ម វិធីអប់រំសម្រាប់មនុស្សគ្រប់វ័យនៅទូទាំងសកលលោកអស់រយៈពេល ២១ ឆ្នាំមកហើយ ដោយមាន ជំនឿថាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ជួយប្រជាជនក្នុងការគ្រប់គ្រងថវិកា និងពង្រឹងជីវភាពរបស់ ខ្លួន។ អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមថា “ក្រុមហ៊ុនយើងពិតជាមានភ័ព្វសំណាងណាស់ ដែលបានធ្វើការ ជាដៃគូជាមួយធនាគារជាតិនៃកម្ពុជាលើកម្មវិធីនេះ។ ចំណងទាក់ទងជាមួយសហគមន៍ និងការយល់ ដឹងពីបញ្ហាប្រឈមក្នុងតំបន់ មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីសម្រេចជោគជ័យនៃកម្មវិធីរបស់យើង ហើយក្រុមហ៊ុន វីសា នឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូនេះទៅមុខទៀត”។

បន្ថែមលើការបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត “NBC-Edu” ក្រុមហ៊ុន វីសា និង ធនាគារជាតិនៃកម្ពុជា នឹងបន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន ៨.០០០ ក្បាល អាវយឺត ១.៨០០ និងថង់ក្រណាត់ចំនួន ១.៦០០ ដែលត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងផ្សព្វផ្សាយពី សារៈសំខាន់នៃចំណេះដឹង ផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ៕

ដោយ ៖ លី ភីលីព

Facebook Comments

To Top