នយោបាយ

កម្ពុជា ៖ ការជួបពិភាក្សាគ្នា រវាងកូរ៉េទាំងពីរ កាត់បន្ថយ អាវុធនុយក្លេអ៊ែរ

ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំកំពូល ជាលើកទី៣ រវាងលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាង ត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បញ្ចប់ អ្នកនាំពាក្យរាជ រដ្ឋាភិបាល កម្ពុជា លោក ផៃ ស៊ីផាន បានយល់ឃើញថា ការជួបពិភាក្សាគ្នារវាងកំពូលមេដឹកនាំទាំងពីរ នឹងកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សាទររវាងបងប្អូន របស់កូរ៉េទាំងពីរជួបគ្នានេះ ដើម្បីឲ្យមានផ្លូវចេញមួយដ៏ល្អ ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក មូន ជេអ៊ីន បានធ្វើដំណើរទៅកាន់ប្រទេស កូរ៉េខាងជើង ដើម្បីពិភាក្សាគ្នាដែលផ្តោតលើការចុះកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ កាលពីថ្ងៃទី១៨ កញ្ញា លោក ម៉ូន ជេអ៊ីន-លោក គីម ជុងអ៊ុន បានចាប់ផ្តើមជុំដែលផ្តោតសំខាន់ ទៅលើការចាប់ផ្តើមចរចាគ្នា រវាងអាមេរិក និងកូរ៉េខាងជើង ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅនៅឧបទ្វីបកូរ៉េ។

ជុំវិញបញ្ហាទាំងនេះ លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ថា “ការជួបចរចាគ្នានេះ ខ្ញុំយល់ឃើញថា ការធ្វើនេះកាត់បន្ថយភាព ប្រឈមក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ”។

លោកបន្ដថា សភាពការណ៍បែបនេះ បញ្ជាក់ឲ្យឃើញថា ប្រជាជាតិស្រលាញ់សន្ដិភាព មិនឲ្យ មានសង្គ្រាមនោះទេ។ លោកថា ប្រសិនបើការចរចាគ្នានេះ បានសម្រេច បានន័យថា ឧប ទ្វីបកូរ៉េ បានផលចំណេញយ៉ាងច្រើន ចំពោះការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ។

លោកអះអាងថា កូរ៉េខាងជើង-កូរ៉េខាងត្បួង មិនទាន់បានព្រមព្រៀងគ្នា ទៅដល់សន្ដិភាព នៅឡើយទេ គ្រាន់តែផ្អាកសង្គ្រាមបណ្តោះ​អាសន្នប៉ុណ្ណោះ ដូច្នេះបញ្ហាទាំងនេះ បានធ្វើឲ្យ ប្រទេសទាំងពីរនៅមានបញ្ហា ប្រឈមមួយចំនួនទៀតដដែល ប៉ុន្តែក៏បានថយកំដៅមួយ ចំនួនផងដែរ។

លោក ផៃ ស៊ីផាន ក៏បានលើកឡើងទៀតថា ចំពោះបញ្ហាកម្ពុជាវិញ ជាប្រទេសដែលមាន សន្ដិភាព មានជំហរចំនួនពីរ​គឺទី១-មិនជ្រៀតជ្រែកកិច្ចការងារបរទេស និងទី២- សន្ដិភាព ចង់ឲ្យកូរ៉េទាំងពីរ ជួបនិយាយដើម្បីសន្ដិភាពទាំងមូល ។

គួររំលឹកថា មេដឹកនាំកូរ៉េទាំងពីរ ធ្លាប់ជួបគ្នាលើកទី១ នៅប៉ាន់ម៉ុនជុម កាលពីថ្ងៃទី២៧ ខែមេសា និងបានជួបប្រជុំជាមួយគ្នា ម្តងទៀតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨កន្លងមក ប៉ុន្តែចំពោះលទ្ធផលវិញ ហាក់មិនសូវជាសមប្រកបប៉ុន្មាននោះទេ ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top