ព័ត៌មានជាតិ

គ្រូបង្វឹកឆ្កែហិត គ្រឿងញៀន និងមីន ដ៏ពូកែត្រូវរថយន្ត បុកហើយកិន រងរបួសធ្ងន់ធ្ងរ ត្រូវក្រុមហ៊ុនធំពីរ អំពាវនាវឲ្យមហាជន ចូលរួមជួយសង្គ្រោះ

ភ្នំពេញ៖ ក្រុមហ៊ុនធំពីរ  សប្បាយ និង ធនាគារ ព្រីនស៍ បានរៀបចំពិធីប្រកាស អំពាវនាវមហា ជន ចូលរួមជួយសង្គ្រោះជាថិវិកា តាមការគួរដល់គ្រូបង្វឹកឆ្កែ ដែលល្បីពេញពិភពលោកគឺ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកឆ្កែហិតគ្រឿងញៀន និង មីន ដ៏ពូកែត្រូវរថយន្តបុក ហើយកិន រងរបួសធ្ងន់ធ្ងរ។

ជាបងថ្លៃរបស់លោក ហ៊ិន រតនា គឺលោក ខ្លេង សុខហ៍ បានរៀបរាប់ក្នុងសន្និសីទ កាសែត កាល ពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ឱ្យដឹងថា  ប្អូនប្រុសរបស់លោកជា កូនខ្មែរ ធំដឹង ក្ដីនៅអាមេរិក និង ជាគ្រូបង្វឹកសុនខដ៏ល្បីរបស់កម្ពុជា មានឈ្មោះបោះ សំឡេងកម្រិត អន្តរជាតិ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោករងគ្រោះដោយរថយន្តបុក និងកិនជា ហេតុនាំឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។  គិតទាំងថ្លៃព្យាបាលនៅក្នុងស្រុក ការដឹកជញ្ជូន ទៅកាន់ប្រទេសថៃ និងថ្លៃព្យាបាល អស់ប្រមាណ ជាពី៨ទៅ១០ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី ១៧ កញ្ញា ២០១៨ ហើយកំពុងបន្ត ស្នាក់នៅ  និង ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ដែលខ្ទង់ចំណាយត្រូវទ្រទ្រង់បន្ត បន្ទាប់ទៀត។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានថ្លែងថា ដើម្បីជួយសម្រួលដល់ការ ចំណាយលើថ្លៃ ព្យាបាល ក្រុមហ៊ុន Sabay នឹងធ្វើយុទ្ធនាការមួយ ដើម្បីប្រមូលថវិកាជួយ ដល់ក្រុមគ្រួសារ លោក ហ៊ិន រតនា សម្រាប់ការចំណាយដ៏សន្ធឹកសន្ធាប់ លើការព្យាបាល។ យុទ្ធនាការដើម្បីអង្គាសប្រាក់ខាងលើនេះ (#ស៊ូស៊ូsusu) គឺអាស្រ័យលើមហាជនជាធំ។ ត្រង់ចំណុចនេះ តួលេខ នៃយុទ្ធនាការគឺ ចង់ឲ្យខាងមហាជនជួយវិភាគទាន ឲ្យបាន ប្រាំពាន់ ដុល្លារ ហើយសល់ ១ម៉ឺនដុល្លារ ទៀត ជាបន្ទុករបស់ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។ ឧទាហរណ៍ថា បើសិនជា អ្នកចូលរួមវិភាគទាន ១ដុល្លារ នោះក្រុមហ៊ុន Sabay ក៏ចូល ១ដុល្លារ ហើយខាង ធនាគារ ព្រីនស៍ ក៏បរិច្ចាគ ១ដុល្លារ ដូចគ្នា។ ដូច្នេះ ក្រុមគ្រួសារជនរងគ្រោះ (ហ៊ិន រតនា) ទទួលបាន ៣ដុល្លារ។

លោក ប៊ិន ដេវិន នាយកប្រតិបត្តិ ធនគារ ព្រីនស៍  បានបញ្ជាក់ថា យុទ្ធនាការមួយនឹងត្រូវ រៀបចំ ឡើងដើម្បីប្រមូលថវិកា មួយម៉ឺន ប្រាំពាន់ដុល្លារសម្រាប់ជួយសង្គ្រោះ គ្រូបង្ហាត់ សុនខរបស់កម្ពុជាដ៏ល្បីលំដាប់ពិភពលោក គឺលោក ហ៊ិន រតនា ដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីចុងខែសីហា កន្លងទៅ ហើយបច្ចុប្បន្ននេះ មនុស្សដ៏មានទេពកោសល្យរូបនេះ កំពុងតែសម្រាកព្យាបាលនៅប្រទេសថៃនៅឡើយ។ អាស្រ័យដោយការខ្វះខាតលើការចំណាយ ដ៏ច្រើនក្នុងការព្យាបាល ដែលបញ្ជាក់ពីសំណាក់ ក្រុមគ្រួសារជនរងគ្រោះ ទើបក្រុមហ៊ុន Sabay ផ្ដួចផ្ដើមគម្រោងមនុស្សធម៌នេះឡើង ដោយមាន ការចូលរួមបរិច្ចាគ ដោយធនាគារ ព្រីនស៍។

យុទ្ធនាការនេះ ចាប់ផ្ដើមទទួលការរួមចំណែក របស់មហាជនតាមរយៈគណនី វីង លេខ ០០៥៤៣៦០១ដែលជាគណនីរបស់លោកហ៊ីន រតនាដោយផ្ទាល់។ ក្រុមការងារយើង នឹងព្យាយាមប្រកាសប្រាប់ពីចំនួនទឹកប្រាក់ ដែលយើងទទួលបាន ពីមហាជនក្នុង សកម្មភាព មនុស្សធម៌មួយនេះ។  ការលះបង់ ឬរួមចំណែករបស់អ្នកទោះតិចក្ដី ច្រើនក្ដី គឺជាចំណែកដ៏កក់ ក្ដៅ ក្នុងការជួយជីវិតរបស់លោក ហ៊ិន រតនា៕

ដោយៈ ពេជ្រ វីរៈ

 

Facebook Comments

To Top