ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តអំពាវនាវ ឲ្យពលរដ្ឋ ប្រញ៉ាប់ទៅមណ្ឌលសុខភាព បើសិនជាមានសត្វពស់ចឹក នាពេលមានទឹកជំនន់នេះ

កំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារទឹកជំនន់ សូមប្រញ៉ាប់ ទៅបណ្ឌលសុខភាព ដែលនៅជិតបំផុត បើមានសត្វអសិរពិលខាំ ដើម្បីអោយគ្រូពេទ្យ ជួយសង្គ្រោះឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់ទៅផ្ទះវិញ។

លោក អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នៅក្នុងឱកាសចុះចែកអំណោយសប្បុរសជន ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ចំនួន៤៩៥ខ្នងផ្ទះ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោក អភិបាលខេត្ត បានថ្លែងថា កម្ពស់ទឹកទន្លេមេគង្គ ក្នុងឆ្នាំនេះ ឡើងខ្ពស់បំផុត កម្ពស់១៥.៥៧ ម៉ែត្រ ដែលកម្ពស់នេះ បើប្រៀបធៀប ទឹកធំនាឆ្នាំកន្លងទៅ គឺមិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែ វាជាអកុសល ដែលទឹកឡើង ចុះៗ ត្រាំ ធ្វើអោយកន្លែងខ្លះ ផ្ទះប្រជាពលរដ្ឋត្រាំជិត២ខែមកហើយ ដែលប្រការនេះ ធ្វើអោយមានការខូចផលដំណាំ ទាំងស្រុងតែម្តង ហើយបង្ករអោយបងប្អូន ជួបការលំបាក និងមានផលប៉ះពាល់ដល់ជីវភាពគ្រួសារ ហេតុដូច្នេះហើយ ទើបលោក បានខិតខំប្រឹងប្រែង ស្វែងរកជំនួយសប្បុរសជន ដើម្បីបានជាអំណោយ យកមកចែកជូនបងប្អូន ដើម្បីបានដោះទាល់ នៅគ្រាកំពុងមានការលំបាកនេះ ។

លោក អភិបាលបាន មានប្រសាសន៍ទៀតថា គិតមកដល់ថ្ងៃនេះ នៅតែមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពស់ចឹក ហើយចំនួន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពស់ចឹក មានចំនួន ជាង១០០នាក់ហើយ ដោយក្នុងនោះ មានមកពីខេត្តត្បូងឃ្មុំខ្លះ និងខេត្តកំពង់ចាមខ្លះ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ បានព្យាបាលពួកគាត់ បានជាសះស្បើយ បានឆាប់រហ័ស និង អោយពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយគ្មានអ្នករងគ្រោះ ដល់អាយុជីវិតនោះទេ។ ហើយបើទោះជាយ៉ាងនេះក្តី លោក​ អភិបាលខេត្ត នៅតែបន្តអំពាវនាវ អោយប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារទឹកជំនន់ សូមប្រញ៉ាប់ទៅបណ្ឌលសុខភាព ដែលនៅជិតបំផុត បើមានសត្វអសិរពឹសខាំ ដើម្បីអោយគ្រូពេទ្យ ជួយសង្គ្រោះឆាប់ជាសះស្បើយ ជាសវៀងការមានគ្រោះថ្នាក់ ដល់អាយុជីវិត ។

សូមបញ្ចាក់ដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋ ចំនួន៤៩៥ខ្នងផ្ទះ គឺ ផ្ទះមួយទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខកំប៉ុង១យួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ១យួរ និងថ្នាំពេទ្យ១កញ្ចប់៕

 

 

 

 

Facebook Comments

To Top