ព័ត៌មានជាតិ

សមាគមសម្ព័ន្ធ ខ្មែរ-ចិននៅកម្ពុជា នាំយកថវិកា សប្បុរសជន ជាង ១៩ម៉ឺនដុល្លារ ចូលរួមជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួប តំណាង សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន វិនិយោគទុន អណិកជនកម្ពុជា (OCIC) និងជាប្រធាន សមាគមសម្ព័ន្ធខ្មែរ-ចិនកម្ពុជា ព្រមជាមួយ សមាជិកតំណាង សមាគមសម្ព័ន្ធខ្មែរ​-ចិននៅកម្ពុជា ជាច្រើនរូបទៀត ដែលបាននាំយកថវិកា ចំនួនប្រមាណ ១៩៨,១៦៤.០៩៥ ដុល្លារសហរដ្ឋអាមេរិក ពីសប្បុជននានា ចូលរួមដល់ “មូលនិធិគន្ធបុប្ផាកម្ពុជា” ។

យោងតាមសេចក្តីប្រកាសព័ត៌មាន មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា “តាមការអំពាវនាវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការលើកទឹកចិត្ត របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” ក្នុងការបន្តជួយបំផុស ចលនាផ្សព្វផ្សាយ និងលើកទឹកចិត្ត ក្នុងការផ្តល់ វិភាគទានសប្បុរធម៌ លើកនេះ គឺជាលើកទី២ហើយ ដែលសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានប្រមូលវិភាគទានសប្បុរធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សរុបចំនួនប្រមាណ ១៩៨,១៦៤.០៩៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានប្រាក់រៀល ចំនួន ៨៨,៧១៦,៥៤០រៀល និងប្រាក់ដុល្លារអាមេរិក ចំនួន ១៧៥,៩៨៤.៩៦ដុល្លារ ។

យោងតាមសេចក្តីប្រកាស ខាងលើនេះ បានឲ្យដឹងដែរថា “វិភាគទានសប្បុរសធម៌នេះ បានមកពីសប្បុរសជន មាន ក្រុមហ៊ុន សមាគម បុគ្គលិកក្រុមហ៊ុន កម្មកររោងចក្រ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បរិច្ចាក សម្រាប់ខែកក្កដា មានចំនួន ១១,១៣៩នាក់ និងខែសីហា មានចំនួន ៧,៨១៣នាក់ បានថវិកាចំនួន ៨៨,៧១៦,៥៤០រៀល និង ៣៩,០៧៦.៥០ ដុល្លារអាមេរិក ។ សមាគមមិត្តភាព សភាពាណិជ្ជកម្ម ហ្វូ ជាន នៅកម្ពុជា បានបរិច្ចាកថវិកាចំនួន ១៣៦,៩០៨.៤៦ដុល្លារអាមេរិក ។”

ក្នុងនោះដែរ លោកឧកញ៉ា ពុង ឃាងសែ តំណាងឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក៏បាន ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះមរណភាព របស់លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីសផងដែរ ។

គួររំលឹកដែរថា ដើម្បីចូលរួម ចលនាបំផុសផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នា២០១៨ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានប្រមូលវិភាគទាន សប្បុរជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី១ ចំនួនប្រមាណ ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ប្រាក់រៀលចំនួន ២១៧,៤៩២,៨០០រៀល និងប្រាក់ដុល្លារអាមេរិក ចំនួន ៥០២,១៨០ដុល្លារ ។

ក្រោយទទួលបាន ថវិកាសប្បុរសធម៌ ដែលចូលរួម ដល់មូលនិធិគន្ធបុប្ផាកម្ពុជានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ជាថ្មីម្តងទៀត ដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលគាំទ្រ និងបានជួយផ្សព្វផ្សាយ បំផុសចលនាចូលរួម ផ្តល់វិភាគទាន សប្បុរធម៌ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះមរណភាព របស់លោវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Beat Richner ដែលលោកវេជ្ជបណ្ឌិត សាស្ត្រចារ្យ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ស្ទើរតែពេញមួយជីវិត ដើម្បីភាពញញឹម របស់កុមារកម្ពុជា៕

 

 

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top