ព័ត៌មានជាតិ

កម្ពុជាស្នើកូរ៉េ គាំទ្រគម្រោងផ្សេងៗ ដែលនឹងធ្វើនាពេលខាងមុខ

ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា កំពុងតែមានភាពរីកចម្រើន ទៅមុខស្ទើរគ្រប់វិស័យ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ឲ្យផ្ដល់ការគាំទ្រ ដល់គម្រោងមួយចំនួន ដែលកម្ពុជានឹងបន្ត ធ្វើនាពេលខាងមុខ ដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យមានភាពកាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។

លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងឱកាស ជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ថា គម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាមួយនិងអង្គការ KOICA ដែលក្នុងនោះរួមមាន៖ ការធ្វើប្រសើរឡើង ផ្លូវជាតិនានា រោងចក្រ ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ការបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវ និងវិទ្យាស្ថានមន្ទីរពិសោធន៍ និងបណ្តុះបណ្តាល និងផែនការមេសម្រាប់ ការអភិវឌ្ឍន៍កំពង់ផែ ។

លោកបន្តថា “ខ្ញុំបានស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ផ្តល់ការគាំទ្រដល់គម្រោងទាំងនេះ” ។

ក្នុងឱកាសនោះដែរ លោកស្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ ក៏បានយល់ព្រម ជូនដំណឹងដល់រដ្ឋាភិបាលកូរ៉េ អំពីសំណើទាំងនេះផងដែរ ។

លោកស្រី Kim Hyun Mee បានសង្កត់ធ្ងន់ថា ឆន្ទៈរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាប្រព័ន្ធ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top